ជាតិ
នយោបាយជាតិ
សម្ដេច ហ៊ុន សែន ៖ សិទ្ធិមនុស្សផ្ដើមចេញពីសិទ្ធិរស់រៀនមានជីវិត មិនមែនចេញពីសំណេរអ្នកកាសែតឡើយ
× ភ្នំពេញ៖ សិទ្ធិមនុស្សផ្ដើមចេញពីសិទ្ធិរស់រៀនមានជីវិត មិនមែនកើតចេញពីការសរសេររបស់អ្នកកាសែតឡើយ។ នេះជាការលើកឡើងរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលត្រៀមឡើងថ្លែងសន្ទរកថាពីបញ្ហាសិទ្ធិមនុស្សកម្ពុជា នៅទីស្នាក់ការអង្គការសហប្រជាជាតិ នាថ្ងៃទី៤ កក្កដា។ ប្រមុខរដ្ឋាភិបាល នឹងចូលរួមកិច្ចប្រជុំ « ត្រួតពិនិត្យឡើងវិញជាសកលលើជំនួយសម្រាប់ពាណិជ្ជកម្ម ឆ្នាំ២០១៩ » ដែលប្រព្រឹត្តទៅពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែកក្កដា ឆ្នាំ២០១៩ នៅអង្គការពាណិជ្ជកម្មពិភពលោក ទីក្រុងហ្សឺណែវ ប្រទេសស្វីស។
មុនទៅប្រទេសស្វីស សម្ដេច ហ៊ុន សែន បានអះអាងថា សិទ្ធិមនុស្សនៅកម្ពុជា មិនបានស្ថិតនៅក្រោមគ្រាប់ផ្លោង និងសង្គ្រាមទេ ខណៈដែលប្រទេសខ្លះ កំពុងមានការបាញ់សម្លាប់នៅឡើយ។ ត្រង់ចំណុចនេះនាយករដ្ឋមន្ត្រីកម្ពុជា បានចោទជាសំនួរវិញថា តើប្រទេសដែលកំពុងប្រើប្រាស់ហិង្សាបាញ់សម្លាប់គ្នានោះ គេមានការគោរពសិទ្ធិមនុស្សដែរទេ?
សួរបែបនេះហើយប្រមុខរដ្ឋាភិបាល បានប្រកាសជំហរជាថ្មីថា កម្ពុជា មិនព្រមឱនក្បាលជាដាច់ខាត ចំពោះប្រទេសដទៃ ដែលតែងតែព្យាយាមទន្ទ្រានមកលើកម្ពុជា។ ក្នុងន័យនេះលោកនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា សិទ្ធិមនុស្សផ្តើមចេញពីសិទ្ធិរស់រៀនមានជីវិត មិនមែនស្ថិតនៅលើការសរសេរព័ត៌មានរៀបរាប់ពីស្ថានការណ៍នៅក្នុងប្រទេសនីមួយៗនោះឡើយ។
« យើងបានឃើញបញ្ជាក់ច្បាស់នឹងភ្នែក សិទ្ធិមនុស្សចាប់ផ្តើមពីសិទ្ធិរស់រៀនមានជីវិត មិនមែនចាប់ផ្ដើមពីការសរសេរកាសែតនោះទេ។ បើវាងាប់ទៅហើយ តើវាសរសេរកាសែតរបៀបម៉េច? យើងហ៊ាននិយាយគ្នាយ៉ាងច្បាស់ដូច្នេះ។ ដូច្នេះហើយបានជាកម្ពុជាមិនព្រមឱនក្បាលជាមួយការប្រៀនប្រដៅរបស់អ្នកដទៃ»។ នេះជាការបញ្ជាក់របស់សម្ដេច ហ៊ុន សែន។
ក្រោយអះអាងដូច្នេះហើយ មេដឹកនាំកម្ពុជា៤០ឆ្នាំរូបនេះ មិនភ្លេចលើកពីគុណសម្បត្តិខ្លួន ដែលតស៊ូទាញប្រជាជនកម្ពុជា ចេញពីការគាបសង្កត់សិទ្ធិសេរីភាព និងសិទ្ធិរស់រៀនមានជីវិត នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ផងដែរ។
កាលពីថ្ងៃទី១៩ មិថុនា អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិពីររូប គឺលោកស្រី រ៉ូណា ស្មីត និងលោក ដាវីដ កាយ៉េ បានចេញសេចក្តីថ្លែងការណ៍រួមគ្នា ពីទីក្រុងហ្សឺណែវ ប្រទេសស្វីស បានបង្ហាញកង្វល់ចំពោះវិធានការរបស់រដ្ឋាភិបាល ក្នុងការបំបិទសំឡេងដៃគូនយោបាយ និងសំឡេងក្រុមដែលប្រឆាំងរដ្ឋាភិបាល។ បញ្ហាដែលជំរុញឲ្យអ្នករាយការណ៍អង្គការសហប្រជាជាតិទាំងពីររូប ព្រួយបារម្ភ និងចាត់ទុកជា សកម្មភាពរំលោភសិទ្ធមនុស្ស និងសិទ្ធិបញ្ចេញមតិនោះ គឺពាក់ព័ន្ធករណីតុលាការកោះហៅអតីតមន្ត្រីគណបក្សប្រឆាំងជាង១០០នាក់ទៅសួរនាំ ដោយសារតែពួកគេនៅរក្សាជំហរគាំទ្រមេដឹកនាំអតីតគណបក្សសង្គ្រោះជាតិជាដើម។
ដោយមើលឃើញពីបញ្ហានេះ អ្នករាយការណ៍ទាំងពីររូប ក៏ស្នើឲ្យរដ្ឋាភិបាលស្វែងរកដំណោះស្រាយតាមរយៈវប្បធម៌សន្ទនាជាថ្មី ដើម្បីពង្រឹងមូលដ្ឋាននៃការអភិវឌ្ឍកម្ពុជា។
តែយ៉ាងណាលោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអះអាងថា សិទ្ធិសេរីភាពនៃការបញ្ចេញមតិ និងការជួបជុំនៅកម្ពុជា ត្រូវបានរក្សាការពារដោយពេញលេញស្របតាមច្បាប់។ ចំណែកការកោះហៅអតីតមន្ត្រីបក្សប្រឆាំងជាង១០០សាកសួរនោះ គឺជាគ្រាន់តែជាការអនុវត្តនីតិវិធិច្បាប់ ដែលតុលាការដាក់ការសង្ស័យលើពួកគេប៉ុណ្ណោះ នៅគ្រាដែលអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយកាលពីខែវិច្ឆិកា ឆ្នាំ២០១៧៕
Tag:
ហ៊ុន សែន
សិទ្ធិមនុស្ស
UN
© រក្សាសិទ្ធិដោយ thmeythmey.com