អត្ថបទពាណិជ្ជកម្ម
បេសកកម្ម​ជាង ១​ទសវត្សរ៍​ក្នុង​ការកសាង ម៉ាក​យីហោ​កាហ្វេ​ក្នុងស្រុក អង្គរ​កាហ្វេ​
01, Jul 2019 , 3:30 pm        
រូបភាព
ដោយ: ថ្មីៗ
​បើ​និយាយ​ពី​កាហ្វេ មាន​មនុស្ស​ជាច្រើន​ប្រាកដ​ណាស់​ថា បាន​ភ្លក្ស​នូវ​រសជាតិ​សម្បូរបែប​រាប់​តាំងពី​កាហ្វេ​តម្លៃ​ទាប តម្លៃ​មធ្យម និង​តម្លៃ​ខ្ពស់​ដែល​គេ​និយម​ហៅថា កាហ្វេ​ប្រ៊ែ​នៗ​។ ប៉ុន្តែ​ការពិត​មួយ​ដែល​មិនអាច​ប្រកែក​បាន​គឺថា កាហ្វេ​ទាំងអស់នោះ​ភាគច្រើនបំផុត គឺ​ទិញ​វត្ថុធាតុដើម​ពី​ក្រៅប្រទេស ហើយ​កាហ្វេ​ដែលមាន​កេរ្តិ៍ឈ្មោះ​ល្បីៗ​មួយចំនួនធំ ក៏​សុទ្ធតែជា​ម៉ាក​យីហោ​អន្តរជាតិ​ផងដែរ​។


 
​ការកសាង​គុណភាព​កាហ្វេ​ដោយ​រាប់​ចាប់តាំងពី ការដាំ ប្រមូល​ផល ហាល លីង និង​ដំណាក់កាល​ជាច្រើន​ទៀត​រហូត​ទទួលបាន​ផលិតផល​សម្រេច​សម្រាប់​លក់​ឱ្យ​ហាង​កាហ្វេ ឬ​ភោជនីយដ្ឋាន ប្រហែលជា​មិនមែនជា​រឿង​ងាយស្រួល​ប៉ុន្មាន​នោះទេ ត្បិត​អី​ត្រូវការ​ដី​ដែលមាន​ជីវជាតិ និង​បរិយាកាស​សក្ដិសម​នឹង​ដំណាំ​កាហ្វេ គ្រាប់ពូជ​សុទ្ធ​ល្អ បច្ចេកទេស ការថែទាំ ម៉ាស៊ីន​ទំនើបៗ កម្លាំង​ពលកម្ម ការ​វេច​ខ្ចប់ និង​ធនធាន​ជាច្រើន​ទៀត​ដែល​សុទ្ធតែជា​បញ្ហា​ប្រឈម​ទើប​ធ្វើឱ្យ​សហគ្រិន​ភាគច្រើន​មិន​ចាប់អារម្មណ៍ និង​មិនអាច​ទ្រាំទ្រ​បាន​ជាមួយនឹង​អាជីវកម្ម​មួយ​នេះ​។​


 
​ទោះជា​បែបនេះ​ក៏ពិតមែន ដោយមាន​បទពិសោធន៍​ខាង​ផ្នែក​ផលិត​តាំងពី​អាយុ ១៨​ឆ្នាំ លោក តែ សុផល ដែលជា​សហ​ស្ថាបនិក​ក្រុមហ៊ុន​អង្គរកា​ហ្វេ​ហាក់​មិន​រាថយ​នឹង​បញ្ហា​ក្នុង​វិស័យ​ផលិត​កាហ្វេ​នោះឡើយ​។ ក្នុង​បេសកកម្ម​ចូលរួមចំណែក​ក្នុងការ​លើកកម្ពស់​កាហ្វេ​ក្នុងស្រុក និង​ផ្ដល់​ការងារ​ដល់​ប្រជាជន​ដើម្បី​ចូលរួម​កាត់បន្ថយ​ចំណាកស្រុក លោក​និង​ដៃគូ​បាន​បង្កើត ក្រុមហ៊ុន អង្គរ​កាហ្វេ នៅ​ឆ្នាំ​២០០៨ ដែល​បច្ចុប្បន្ន​ចំការ​របស់លោក​បាន និង​កំពុង​ដាំ​ដុះ​នៅក្នុង​តំបន់​ភូមិភាគ​ឦសាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ 


 
​កាហ្វេ​ដែលមាន​ការ​វេច​ខ្ចប់​ងាយស្រួល​សម្រាប់​ឆុង ដោយ​គ្រាន់តែ​ហែក​កញ្ចប់​ហើយ​ដាក់​ឆុង​ក្នុង​ទឹក​ក្ដៅ​ជាការ​ស្រេច​កំពុង​ត្រៀម​ផ្លាស់ប្ដូរ​សម្បក​កញ្ចប់​ថ្មី​។ ជាមួយនឹង​សម្បក​កញ្ចប់​ថ្មី​នេះ កម្រិត​គុណភាព​កាន់តែ​ត្រូវបាន​សម្រិតសម្រាំង និង​ឆ្លងកាត់​ដំណាក់កាល​នៃ​ការផលិត​យ៉ាង​ហ្មត់ចត់​បន្ថែមទៀត ដើម្បី​ធានាបាន​នូវ​គុណភាព​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​។ 


 
​ចំការ អង្គរ​កាហ្វេ បាន​ដាំ​ដំណាំ​កាហ្វេ​ពីរ​ប្រភេទ គឺ​ពួក រ៉ូ​ប៊ូ​ស្តា និង​ប្រភេទ​ពូជ​ដែល​ចំណាយ​អស់ថ្លៃ​ដើម​ខ្ពស់ អា​រ៉ា​ប៊ី​កា​។  ការ​បេះ​ផ្លែ​ត្រូវបាន​ធ្វើឡើង​យ៉ាង​សម្រិតសម្រាំង​យកចិត្តទុកដាក់​បំផុត គឺ​ប្រើ​កម្លាំង​ពលកម្ម​បេះ​ដោយ​ដៃ​ផ្ទាល់​និង​យកតែ​ផ្លែ​ទុំ​ប៉ុណ្ណោះ​។ ដូចគ្នានេះដែរ​ចំពោះ​ការ ហាល និង​បកសម្បក​។ ដោយឡែក​បើ​និយាយ​ពី​ការ​លីង​វិញ ត្រូវ​ប្រើប្រាស់​ម៉ាស៊ីន​ស្វ័យប្រវត្តិ​ទំនើប​លំដាប់​អន្តរជាតិ ដើម្បី​ធានាបាន​នូវ​កាហ្វេ​ដែលមាន​រសជាតិ​ឆ្ងាញ់ និង​មាន​អនាម័យ​ស្របតាម​ស្ដង់ដារ​សកល​។ 


 
​លោក តែ សុផល ក៏បាន​បង្ហើប​ផងដែរ​ថា កាហ្វេ​អង្គរ​មាន​លក្ខណៈពិសេស ត្រង់​ថា ជា​កាហ្វេ​ដែល​ដាំ និង​លីង​នៅក្នុង​ស្រុក មិន​នាំចូល​ពី​ក្រៅប្រទេស ពោល​គឺជា​កាហ្វេ​ដែល​ដាំ​ដុះ​នៅ​តំបន់​ភូមិភាគ​ឦសាន​នៃ​ប្រទេស គឺ​នៅក្នុង​ខេត្តមណ្ឌលគិរី​តែម្ដង​។ កាហ្វេ​អង្គរ​ត្រូវបាន​ដាំ​ដុះ និង​ចម្រាញ់​ចេញ​តាមរបៀប​ធម្មជាតិ​សុទ្ធសាធ ហើយ​ជា​ពូជ​ដែល​នាំចូល​មកពី​ប្រទេស​ស្ថិតនៅ​ក្នុងចំណោម​ប្រទេស​ផលិត​កាហ្វេ​គុណភាព​លំដាប់​ពិភពលោក​តែម្ដង​។ 


 
​មាន​កត្តា ៤​យ៉ាង​ដែល​ធ្វើ​ឲ្យ​កាហ្វេ​ដែល​ដាំ​ដុះ​ក្នុង​ខេត្តមណ្ឌលគិរី​មួយ​នេះ មានគុណ​ភាពមិន​ចាញ់​កាហ្វេ​នាំចូល​ពី​ក្រៅប្រទេស​៖


 
១. សណ្ឋាន​ដី​៖ សណ្ឋាន​ដី​ខេត្តមណ្ឌលគិរី ជា​ប្រភេទ​ដីក្រហម និង​ជា​សណ្ឋាន​ដី​ដែល​អំណោយផល​បំផុត​ដល់​ដំណាំ​កាហ្វេ​។ រឹតតែ​ពិសេស​ទៅទៀត​នោះ​គឺថា ប្រភេទ​ដី​គឺជា​ដី​ដែលមាន​ជីវជាតិ​តាមបែប​ធម្មជាតិ និង​អំណោយផល​ដល់​ប្រភេទ​ដំណាំ​កាហ្វេ​តែម្ដង​។ 
 
២. កម្រិត​ទឹកភ្លៀង​៖ ខេត្តមណ្ឌលគិរី ជា​ខេត្ត​ដែល​គ្របដណ្ដប់​ទៅដោយ​ព្រៃឈើ​ភាគច្រើន ដែលជា​កត្តា​អាច​ទាក់ទាញ​ទឹកភ្លៀង​មក​ធ្លា​ក់នៅ​តំបន់​នោះ​ច្រើន​បង្គួរ​។ កត្តា​ដែល​តំបន់​នេះ​មាន​ភ្លៀង​ធ្លាក់​ច្រើនជាង​តំបន់​ដទៃ​នេះហើយ​ធ្វើឱ្យ​តំបន់​នេះ​ពិតជា​អំណោយផល​មែនទែន​ដល់​ការដាំដុះ​កាហ្វេ​។ 
 
៣. កំរិត​កំពស់​ភ្នំ​៖ ដំណាំ​កាហ្វេ​ជា​ប្រភេទ​ដំណាំ​ដែល​គេ​តែងតែ​និយម​ដាំ​នៅតាម​តំបន់ភ្នំ​ដែលមាន​កំពស់​ខ្ពស់​។ ខេត្តមណ្ឌលគិរី​ជា​ខេត្ត​ដែល​សំបូរ​ទៅដោយ​ភ្នំ​ដែលមាន​កំពស់​ចន្លោះ​ពី  ៤០០ ដល់​៧០០​ម៉ែត បើ​ធៀប​ទៅនឹង​កម្រិត​ទឹកសមុទ្រ​។ ត្រឹម​កម្រិត​ប៉ុណ្ណេះ ដី​ពិតជា​សក្ដិសម​ក្នុង​ការដាំ​ដំណាំ​កាហ្វេ​។ 
 
៤. អាកាសធាតុ​៖ ដោយសារ​កំរិត​កំពស់​ខ្ពស់​ធ្វើឱ្យ​ខេត្ត​នេះ​មាន​ភាពល្បីល្បាញ​ថា​ជា​ខេត្ត​ដែលមាន​អាកាសធាតុ​ត្រជាក់​ស្រួលខ្លួន​ស្ទើរ​ពេញ​មួយឆ្នាំ​។​


 
​ប្រសិនបើ​ផលិតផល​របស់​យើង​មាន​គុណភាព​ប្រជែង​ជាមួយ​គុណភាព​កាហ្វេ​នាំចូល​បាន ហេតុអ្វី​យើង​មិន​ជួយ​គាំទ្រ​ផង​? ការជួយ​ទិញ​និង​ប្រើប្រាស់​ផលិតផល​ខ្មែរ ជា​រឿង​ដ៏​សំខាន់ ហើយ​វារឹតតែ​សំខាន់​ទៅទៀត ប្រសិនបើ​ផលិតផល​របស់​ខ្មែរ​មានគុណ​ភាព​ដែល​អាច​ប្រកួតប្រជែង​ជាមួយ​ផលិតផល​ក្រៅប្រទេស ឬក៏​មានគុណ​ភាព​លើស​ប្រទេសជិតខាង​ទៅទៀត​នោះ​។ ក្នុង​បេសកកម្ម​លើកកម្ពស់​ផលិតផល​ក្នុងស្រុក កាហ្វេ​អង្គរ បាន​នឹង​កំពុង​ត្រៀម​ដាក់ចេញ​នូវ​កញ្ចប់​ផលិតផល​ថ្មី​ដែល​អាច​រក​ជាវ​បាន​នៅ​ផ្សារ​ទំនើប​ធំៗ​ក្នុង​រាជធានី​ភ្នំពេញ​នាពេល​ឆាប់ៗ​នេះ​៕ 

 

(អត្ថបទពាណិជ្ជកម្ម)

Tag:
 Biz Khmer
© រក្សាសិទ្ធិដោយ thmeythmey.com