អន្តរជាតិ
ក្រោយផ្អាកច្រើនទសវត្សរ៍ ជប៉ុនចាប់ផ្ដើមនេសាទត្រីបាឡែនឡើងវិញ ទោះរងការរិះគន់ រូបភាព AFP
× នៅថ្ងៃទី១ ខែកក្កដានេះ ជប៉ុន បានចាប់ផ្ដើមការនេសាទត្រីបាឡែនឡើងវិញ បន្ទាប់ពីអាក់ខានបីទសវត្សរ៍កន្លងទៅ។ ការប្រមាញ់ត្រីបាឡែន ជាប្រពៃណីរបស់ជប៉ុន ប៉ុន្តែរងការរិះគន់ខ្លាំង ដ្បិតបានគំរាមកំហែងខ្លាំងដល់ពូជសត្វសមុទ្រមួយប្រភេទនេះ។ ជប៉ុន បានដកខ្លួនពីគណៈកម្មការត្រីបាឡែនអន្តរជាតិ ដែលទទួលបន្ទុកកិច្ចការអភិរក្សត្រីបាឡែន ដែលធ្វើឲ្យមានការរិះគន់ខ្លាំងពីសហគមន៍អន្តរជាតិ ពិសេសសកម្មជនការពារតែម្ដង។
កប៉ាល់នេសាទចំនួន៥ បានចាកចេញពីកំពង់ផែ Kushiro នៅភាគខាងជើងជប៉ុន ក្នុងគោលដៅនេសាទត្រីបាឡែន។ ក្រោយផ្អាកសកម្មភាពបីទសវត្សរ៍កន្លងមក ជប៉ុន បានអនុញ្ញាតឲ្យនេសាទត្រីទម្ងន់ធ្ងន់មួយនេះជាលក្ខណៈពាណិជ្ជកម្មឡើងវិញ។ ជាមួយនឹងការបន្លឺសំឡែងលាន់រំពង កប៉ាល់នេសាទធំៗទាំងនោះ នឹងធ្វើដំណើរទៅឆ្ងាយពីដែនសមុទ្ររបស់ជប៉ុន ដើម្បីតាមប្រមាញ់ត្រីបាឡែនជាថ្មីទៀត។
ការចាប់ផ្ដើមនេសាទត្រីសមុទ្រមួយនេះ ធ្វើឡើងក្រោយជប៉ុនដកខ្លួនចេញពីគណៈកម្មការត្រីបាឡែនអន្តរជាតិ (IWC) ដែលជាសមាជិកតាំងពីឆ្នាំ១៩៥១ មក។ ចាប់ពីឆ្នាំ១៩៨៨ ជប៉ុនក៏ផ្អាកការធ្វើនេសាទត្រីបាឡែននេះជាលក្ខណៈពាណិជ្ជកម្មតែម្ដង។ ប៉ុន្តែជប៉ុន បានដកខ្លួនចេញពីគណៈកម្មការនេះផ្លូវការនៅថ្ងៃទី៣០ ខែមិថុនាម្សិលមិញ ហើយនៅថ្ងៃទី១ ខែកក្កដានេះ ក៏ចាប់ផ្ដើមនេសាទត្រីបាឡែនបែបពាណិជ្ជកម្មឡើងវិញតែម្ដង។
នេះជាលើកទីមួយដែលជប៉ុនដកខ្លួនចេញពីអង្គការអន្តរជាតិក្រោយចប់សង្គ្រាមមក។ ការដកខ្លួននេះ រងការរិះគន់ពីសកម្មជនការពារត្រីបាឡែន និងប្រទេសដែលប្រឆាំងការនេសាទផងដែរ។ ប៉ុន្តែសហគមន៍អ្នកនេសាទត្រីបាឡែននៅជប៉ុនវិញ កំពុងសប្បាយចិត្តខ្លាំង។ ប្រធានសមាគមនេសាទត្រីបាឡែនតូចជប៉ុន Yoshifumi Kai បានបង្ហាញក្ដីរីករាយដែលអាចនេសាទត្រីបាឡែនឡើងវិញ ដែលជាប្រពៃណីជប៉ុនជាង៤០០ឆ្នាំមកហើយ។
បើតាមទីភ្នាក់ងារព័ត៌មាន AFP អង្គភាពនេសាទជប៉ុនបានប្រកាសថា ខ្លួនដាក់គោលដៅប្រមាញ់ត្រីបាឡែនចំនួន២២៧ក្បាលសម្រាប់រយៈពេលនេះទៅដល់ចុងខែធ្នូខាងមុខ ហើយកំណត់ចំនួនជាក់លាក់សម្រាប់ប្រភេទត្រីបាឡែនដែលត្រូវប្រមាញ់។
ការប្រមាញ់ត្រីបាឡែននេះ ជាសំណុំរឿងប្រទាំងប្រទើសផ្នែកការទូតមួយរវាងជប៉ុន និងប្រទេសជាច្រើនទៀត។ ក្រុងតូក្យូ ដែលបានតស៊ូមតិរឿងនេសាទត្រីបាឡែននេះរាប់សិបឆ្នាំមកហើយនោះ ចាត់ទុកការនេសាទនេះ ជាប្រពៃណីរបស់ខ្លួន ហើយមិនគួរប្រទេសដទៃជ្រៀតជ្រែកឡើយ។ តាមពិតទៅ អំឡុងពេលផ្អាកការនេសាទប៉ុន្មានមកនេះ ទោះជាមិនអាចនេសាទត្រីធំ ជប៉ុននៅតែមានសិទ្ធិប្រមាញ់ត្រីបាឡែនទំហំតូចបានដដែល។
ជាមួយការដកខ្លួនចេញពីគណៈកម្មការខាងលើ ជប៉ុន អាចមានសិទ្ធិចេញនេសាទនៅតំបន់ជ្រៅៗជាទីសម្បូរត្រីបាឡែនធំៗ។ ប៉ុន្តែជប៉ុនត្រូវបញ្ចប់ការនេសាទត្រីបាឡែនដើម្បីគោលដៅវិទ្យាសាស្ត្រនៅឯអង់តាក់ទិក។ កន្លងមក ជប៉ុនក៏បានយកលេសវិទ្យាសាស្ត្រនេះដើម្បីប្រមាញ់ត្រីបាឡែនក្នុងគោលដៅពាណិជ្ជកម្មមិនតិចដែរ៕
Tag:
ជប៉ុន
ត្រីបាឡែន
IWC
© រក្សាសិទ្ធិដោយ thmeythmey.com