អន្តរជាតិ
លោក ប្រា​យុទ្ធ សុំទោស ស្របពេល​បញ្ហា​ផ្ទៃក្នុង​បក្ស​កាន់អំណាច​ពុះកញ្ជ្រោល​ខ្លាំង​
01, Jul 2019 , 9:39 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
​ការបែកបាក់​ផ្ទៃក្នុង​បក្ស​កម្លាំង​ប្រជារាស្ត្រ កំពុងពុះ​កញ្ជ្រោល​ខ្លាំង​រហូតដល់​ថ្នាក់​នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ​អូ​ចា ចេញមុខ​សុំទោស​ជា​សាធារណៈ​។ បញ្ហា​ផ្ទៃក្នុង​នៅក្នុង​បក្ស​មាន​សំឡេង​ភាគច្រើន​នៃ​សម្ព័ន្ធភាព​កាន់អំណាច​មួយ​នេះ កើតឡើង​ដោយសារ​ការបែងចែក​តំណែង​រដ្ឋមន្ត្រី​ក្នុងគណៈ​រដ្ឋមន្ត្រី​ថ្មី​ដោយ​មិន​ស្មើភាព​។ លោក ប្រា​យុទ្ធ ដែល​នឹង​ដឹកនាំ​រដ្ឋាភិបាលចម្រុះ​គាំទ្រ​ដោយ​បក្ស​ជិត​២០​នោះ បាន​ចែក​តំណែង​រដ្ឋមន្ត្រី​ខ្លះទៅ​បក្ស​ផ្សេង ជា​ថ្នូរ​នឹង​ការគាំទ្រ​រូបលោក​ឲ្យ​បន្ត​ដឹកនាំ​ប្រទេស​។​

 
​នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា នៅ​ថ្ងៃទី​១ ខែកក្កដា​នេះ បានចេញ​សេចក្ដីថ្លែងការណ៍​មួយ​ដើម្បី​សុំទោស​ជុំវិញ​ការទាស់ទែង​ក្នុងចំណោម​អ្នកនយោបាយ​របស់​បក្ស​កម្លាំង​ប្រជារាស្ត្រ ដែលជា​បក្ស​មាន​សំឡេង​ច្រើនជាងគេ​នៃ​សម្ព័ន្ធភាព​កាន់អំណាច​។ ដើមហេតុ​នៃ​ការខ្វែងគំនិត​ក្នុង​បក្ស​មួយ​នេះ គឺ​ការបែងចែក​តំណែង​រដ្ឋមន្ត្រី​សម្រាប់​រដ្ឋាភិបាល​ថ្មី ហើយ​បញ្ហា​នេះ​បាន​ក្លាយជា​ប្រធានបទ​ដែល​គេ​ចាប់អារម្មណ៍​ខ្លាំង ខណៈ​រដ្ឋាភិបាល​ថ្មី មានតែ​ក្បាល​អត់​ខ្លួន​ដៃជើង​នៅឡើយ​នោះ​។​
 
​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន The Nation ដោយ​ចង់​សំដៅ​ការបែងចែក​កៅអី​រដ្ឋមន្ត្រី លោក ប្រា​យុទ្ធ ទទួលស្គាល់ថា វា​ជា​រឿង​ដែល​ធ្វើ​ឲ្យ​មនុស្ស​ទាំងអស់​សប្បាយចិត្ត ប៉ុន្តែ​អ្វីដែល​សំខាន់បំផុត គឺ​បង្កើត​រដ្ឋាភិបាល​មួយ​ដែល​សាធារណជន​ទុកចិត្ត​។ ទោះជា​យ៉ាងណា អតីត​មេដឹកនាំ​របប​យោធា ដែល​ទើប​ទទួល​ការផ្ដល់​ទំនុកចិត្ត​ពី​សភា​កើតចេញពី​ការបោះឆ្នោត​រូបនេះ បាន​សន្យា​បំពេញការងារ​ឲ្យ​អស់ពី​សមត្ថភាព​។​
 
​ទំនាស់​ផ្ទៃក្នុង​បក្ស​កម្លាំង​ប្រជារាស្ត្រ បាន​លេចចេញ​កាន់តែច្បាស់​អំឡុងពេល​ចុង​សប្ដាហ៍​មុន​។ សម្ព័ន្ធភាព Sam Mitr ដែលជា​ក្រុម​អ្នកនយោបាយ​ធំ​មួយ​ក្នុង​បក្ស​កម្លាំង​ប្រជារាស្ត្រ បានបង្ហាញ​ការមិន​ពេញចិត្ត​ចំពោះ​ការចែក​តំណែង​រដ្ឋមន្ត្រី ដ្បិត​មេដឹកនាំ​ក្រុម​របស់ខ្លួន​បែរជា​មិន​ទទួលបាន​តំណែង​ដែល​ចង់បាន​ទៅវិញ​។ លោក Suriya Juangroongruangkit មេដឹកនាំ​ក្រុម Sam Mitr ត្រូវបាន​រំពឹងថា នឹង​ទទួល​តំណែង​រដ្ឋមន្ត្រី​ថាមពល ប៉ុន្តែ​ត្រូវ​លោក ប្រា​យុទ្ធ ឲ្យ​ធ្វើ​រដ្ឋមន្ត្រី​ឧស្សាហកម្ម​ទៅវិញ​។​
 
​ករណី​លោក Suriya គ្រាន់តែ​ជា​បញ្ហា​មួយ​ក្នុងចំណោម​បញ្ហា​ប្រឈម​ជាច្រើន​សម្រាប់​លោក ប្រា​យុទ្ធ ។ កន្លងមក ដើម្បី​ទទួលបាន​ការគាំទ្រ​ពី​បក្ស​ផ្សេង​ឲ្យ​លោក ប្រា​យុទ្ធ ក្លាយជា​នាយករដ្ឋមន្ត្រី បក្ស​កម្លាំង​ប្រជារាស្ត្រ​បាន​សន្យា​ផ្ដល់​តំណែង​រដ្ឋមន្ត្រី​ទៅ​ឲ្យ​បក្ស​ផ្សេង​។ ដូចនេះហើយ ការមិន​ពេញចិត្ត​ក៏​កើតឡើង ដ្បិត​អ្នកនយោបាយ​បក្ស​នេះ​មួយចំនួន ដែល​ប្រឹងប្រែង​ខ្លាំង​ក្នុងការ​បោះឆ្នោត បែរជា​មិន​ទទួលបាន​តំណែង​អ្វី​នោះ​។  
 
​បក្ស​ប្រជាធិបតេយ្យ និង​បក្ស​ភូមិ​ចៃ​ថៃ ដែលជា​បក្ស​ធំ​លំដាប់​ទី​ពីរ និង​ទី​បី​ក្នុង​សម្ព័ន្ធភាព​កាន់អំណាច បានទាមទារ​តំណែង​រដ្ឋមន្ត្រី​ទ្រើសៗ​ជា​លក្ខខណ្ឌ​ចូលរួម​ក្នុង​សម្ព័ន្ធភាព ហើយ​តំណែង​រដ្ឋមន្ត្រី​នោះ ក៏​ជាន់គ្នា​នឹង​ការចង់បាន​របស់​ថ្នាក់ដឹកនាំ​មួយចំនួនទៀត​ក្នុង​បក្ស​កម្លាំង​ប្រជារាស្ត្រ​ដែរ​។ កាលពី​សប្ដាហ៍​មុន លោក Suriya ក៏​ព្រមាន​ដើរ​ចេញពី​បក្ស​កម្លាំង​ប្រជារាស្ត្រ ដោយ​នាំ​ទាំង​សមាជិកសភា​៣០​ផ្សេងទៀត​ទៅជា​មួយ​ផង បើ​លោក​មិន​ទទួល​តំណែង​រដ្ឋមន្ត្រី​ថាមពល​ទេនោះ​៕ 

Tag:
 ថៃ​
  ប្រា​យុទ្ធ ចន្ទ​អូ​ចា
© រក្សាសិទ្ធិដោយ thmeythmey.com