ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រី​ដែនដី ហៅ​វិស័យ​ឯកជន​ទៅ​ប្រជុំ ពី​បញ្ហា​សាងសង់​អគារ​
01, Jul 2019 , 9:59 pm        
រូបភាព
លោក ជា សុផារ៉ា ថ្លែងក្នុងកិច្ចប្រជុំស្តីពីការប្រកាសគណៈកម្មការត្រួតពិនិត្យគុណភាពសំណង់នៅទូទាំងខេត្តព្រះសីហនុ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ (រូបពីក្រសួងដែនដី)
លោក ជា សុផារ៉ា ថ្លែងក្នុងកិច្ចប្រជុំស្តីពីការប្រកាសគណៈកម្មការត្រួតពិនិត្យគុណភាពសំណង់នៅទូទាំងខេត្តព្រះសីហនុ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ (រូបពីក្រសួងដែនដី)
​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានធ្វើ​លិខិត​ជូនទៅ​បណ្តា​ក្រុមហ៊ុន​ឯកជន​នានា​ផ្នែក​វិស័យ​សាងសង់ ដើម្បី​អញ្ជើញ​ពួកគេ ឲ្យ​ចូលរួម​ក្នុង​កិច្ចប្រជុំ​មួយ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២0១៩  ស្តីពី​គម្រោង​សិក្សា​ប្លង់ និង​ការសាងសង់​អគារ​។ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​ដែនដី នឹង​ធ្វើជា​អធិបតី​ក្នុង​កិច្ចប្រជុំ​នេះ​។​

 
​តំណាង​ក្រុមហ៊ុន ដែល​ក្រសួង​ដែនដី ដាក់​លិខិតអញ្ជើញ​នោះ មានដូចជា ប្រធាន​ក្រុមហ៊ុន​ប្រកប​អាជីវកម្ម​សាងសង់ ប្រធាន​ក្រុម​ជាងសំណង់ ប្រធាន​ក្រុមហ៊ុន​ប្រកប​អាជីវកម្ម​សិក្សា​គម្រោង​ប្លង់ និង​រូបវ័ន្ត​បុគ្គល​សិក្សា​គម្រោង​ប្លង់​ទាំងអស់​។ 
 
​ក្រោយ​បាក់​អគារ​៧​ជាន់​នៅ​ខេត្ត​ព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៩ ដែល​បណ្តា​ឲ្យ​មាន​អ្នកស្លាប់​២៨​នាក់ និង អ្នករបួស​២៦​នាក់ រដ្ឋាភិបាល បានចាប់ផ្តើម​ចាត់វិធានការ​ផ្សេងៗ ដើម្បី​ពង្រឹង​វិស័យ​សំណង ចៀសវាង​ការកើតឡើង​នូវ​ឧបទ្ទវហេតុ​ដ៏​អាក្រក់​នេះ​ម្តងទៀត​។ 
 
​លោក ជា សុផារ៉ា បាន​បង្កើត​គណៈកម្មកា​រ​មួយ​ភ្លាម ដែល​ហៅថា​គណៈកម្មការ​ត្រួតពិនិត្យ​គុណភាព​សំណង់​ទូទាំង​ខេត្ត​ព្រះសីហនុ​។ គណៈកម្មការ​នេះ មាន​ក្រុមការងារ​បច្ចេកទេស​និង​ជំនាញ​៨​ក្រុម​។ 
 
​បន្ទាប់មក លោក​រដ្ឋមន្ត្រី​ដែនដី បានដាក់​គោលការណ៍​មួយទៀត ជូនទៅ​នាយករដ្ឋមន្ត្រី ដើម្បី​សុំ​សេចក្តីសម្រេច ដែល​គោលការណ៍​នេះ គឺជា​វិធានការ​ទប់ស្កាត់​ការសាងសង់​អគារ​ខុសច្បាប់ និង​គ្មាន​លិខិតអនុញ្ញាត​។ 
 
​គោលការណ៍​នេះ បាន​ទាញ​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន​បន្ថែមទៀត ឲ្យ​ចូលរួម​ទប់ស្កាត់​សំណង់​ខុសច្បាប់ ដោយ​រួមមាន ក្រសួង​រ៉ែ និង​ថាមពល ចាត់វិធានការ​មិន​ឲ្យ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ដល់​ការដ្ឋាន​សំណង់ ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ចាត់វិធានការ​មិន​ឲ្យ​ផ្គត់ផ្គង់​ទឹកស្អាត ក្រសួង​សាធារណការ មិនត្រូវ​អនុញ្ញាត​ឲ្យ​ត​ភ្ជាប់​លូ ចូល​បណ្តេញ​លូ​សាធារណៈ ក្រសួង​ព័ត៌មាន មិនត្រូវ​អនុញ្ញាត​ឲ្យ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នៃ​សំណង់ ហើយ​ក្រសួង ស្ថាប័ន និង​អង្គភាព​មាន​សមត្ថកិច្ច មិនត្រូវ​ផ្តល់​លិខិតអនុញ្ញាត​ឲ្យ​ប្រកប​អាជីវកម្ម​ឡើយ​៕
 

Tag:
 សំណង់​
  លោក ជា សុផារ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com