អ្នកយាម​ល្បាត​ព្រៃ​ស្វះស្វែង​បញ្ចប់​ការកាប់​ឈើ​ខុសច្បាប់​នៅ​កម្ពុជា​
ជាតិ
អ្នកយាម​ល្បាត​ព្រៃ​ស្វះស្វែង​បញ្ចប់​ការកាប់​ឈើ​ខុសច្បាប់​នៅ​កម្ពុជា​
01, Jul 2019 , 7:59 pm        
រូបភាព
រូបឯកសារ៖ ​ជន​ជាតិ​ដើម​ភាគ​តិច​កញ្ជក់ម្នាក់​ឈរ​នៅ​ក្បែរ​គល់​ឈើ​ ដែល​ត្រូវ​បាន​លួច​កាត់​នៅ​ក្នុង​ព្រៃ​សហគមន៍​ នៅ​ក្នុង​​ភូមិ​កាណាត​ធំ ស្រុកអណ្តូង​មាស​ ខេត្ត​រតនគិរី​ កាល​ពី​ថ្ងៃ​ទី​២ ខែ​ធ្នូ​ ឆ្នាំ​២០១៥។ (នូវ​ ពៅ​លក្ខិណា/VOA)
រូបឯកសារ៖ ​ជន​ជាតិ​ដើម​ភាគ​តិច​កញ្ជក់ម្នាក់​ឈរ​នៅ​ក្បែរ​គល់​ឈើ​ ដែល​ត្រូវ​បាន​លួច​កាត់​នៅ​ក្នុង​ព្រៃ​សហគមន៍​ នៅ​ក្នុង​​ភូមិ​កាណាត​ធំ ស្រុកអណ្តូង​មាស​ ខេត្ត​រតនគិរី​ កាល​ពី​ថ្ងៃ​ទី​២ ខែ​ធ្នូ​ ឆ្នាំ​២០១៥។ (នូវ​ ពៅ​លក្ខិណា/VOA)
ដោយ: VOA
​បណ្តាញ​ព័ត៌មាន Forest News ឲ្យ​ដឹងថា ប្រទេស​កម្ពុជា​បាន​បាត់បង់​ព្រៃ​ប្រហែល​២​សែន ៨​ពាន់ ហិកតា​ជា​រៀងរាល់ឆ្នាំ ដោយសារ​ការកាប់​ឈើ​។ ឥឡូវនេះ ប្រជាពលរដ្ឋ​ខ្លះ​ដែល​រស់នៅ​ដោយ​ពឹង​ផ្អែកលើ​ព្រៃឈើ​ដើម្បី​ចិញ្ចឹមជីវិត កំពុងធ្វើការ​ប្រយុទ្ធ​នឹង​ការកាប់​ឈើ​ខុសច្បាប់ ដើម្បី​រក្សា​ព្រៃឈើ និង​កំពុង​សុំ​ការជួយឧបត្ថម្ភ​។​

 
​ព្រៃឈើ​គ្របដណ្តប់​ផ្ទៃដី​កម្ពុ​ជាជាង​ពាក់កណ្តាល​។ ក៏ប៉ុន្តែ​តាម​ការសិក្សា​នៅពេល​ថ្មីៗ​នេះ ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ ក៏មាន​អត្រា​នៃ​ការបាត់បង់​ព្រៃឈើ​ខ្ពស់​ជាងគេ​បំផុត​នៅក្នុង​ពិភពលោក​។ ព្រៃឈើ​ជាង​២០០​ហិកតា​ត្រូវបាន​គេ​កាប់ឆ្ការ​ជា​រៀងរាល់ឆ្នាំ​។​
 
​នៅ​តំបន់​ភាគ​ខាងជើង ព្រៃឈើ​នៅ​តំបន់​ជុំ​ពេញ​ប្រហែល​១​ភាគ​៣ បាន​បាត់បង់​ចាប់តាំងពី​ឆ្នាំ​២០០០ មក ពី​ព្រោះតែ​ការកាប់​ឈើ​ខុសច្បាប់ និង​ចំការកៅស៊ូ​ដែល​បានទទួល​ការអនុម័ត​ពី​រដ្ឋាភិបាល​។​
 
​នេះ​ជា​ព័ត៌មាន​អាក្រក់​មួយ​សម្រាប់​ជនជាតិភាគតិច​គួ​យ ដែល​ពឹង​ផ្អែកលើ​ព្រៃឈើ​ដើម្បី​ចិញ្ចឹមជីវិត​។​
 
​អ្នកស្រី ស៊ីន បា ជា​សមាជិក​យាមល្បាត​ព្រៃឈើ និយាយថា​៖ «​ព្រៃឈើ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​វប្បធម៌​របស់​សហគម​ន៍​ជនជាតិដើម​ភាគតិច​គួ​យ​របស់​យើង​។ ដើមឈើ​និង​ដី​ផ្តល់​ឲ្យ​យើង​នូវ​អ្វីៗ​ទាំងអស់​។ យើង​អាច​រកប្រាក់​បានមកពី​ការលក់​ផលិតផល​ព្រៃឈើ​គ្រប់បែបយ៉ាង ដែល​ជួយ​បង់ថ្លៃ​សាលា​ឲ្យ​កូន​យើង​ទៅ​រៀន​ហើយនឹង​ជួយ​យើង​ទិញ​ថ្នាំសង្កូវ​នៅពេលណា​យើង​ឈឺ​»​។​
 
​អាស្រ័យហេតុនេះ ក្រុម​ជនជាតិភាគតិច បានចាប់ផ្តើម​យាមល្បាត​ព្រៃឈើ​ដោយ​ខ្លួនឯង ដោយ​ហៅ​ខ្លួនឯង​ថា ចាស់ទុំ​ថែរក្សា​ព្រៃឈើ​។​
 
​លោក​រុំ ស៊ូ សមាជិក​យាមល្បាត​ព្រៃឈើ និយាយថា​៖ «​យើង​បាន​បង្កើត​ក្រុម​យាមល្បាត ពីព្រោះ​តែ​យើង​ចង់​ជួយសង្គ្រោះ​ព្រៃរបស់​យើង​។ យើង​ជា​មនុស្ស​ចាស់ទុំ​មានការ​ស្រងូតស្រងាត់​បំផុត​អំពី​អ្វីដែល​កំពុង​កើតមានឡើង​ចំពោះ​ព្រៃឈើ​នេះ​។​ការរស់នៅ​និង​ធ្វើ​ការងារ​ក្នុងព្រៃ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​វប្បធម៌​របស់​យើង​។ យើង សង្ឃឹមថា នឹង​ទទួលបាន​ការជួយឧបត្ថម្ភ​មកពី​អង្គ​ការដែល​យកចិត្តទុកដាក់​អំពី​បញ្ហា​នេះ ដូចជា​អង្គការក្រៅរដ្ឋាភិបាល​ជាដើម​»​។​
 
​ប្រដាប់​ទៅដោយ​កាំបិត ក្រុម​យាមល្បាត​នោះ បានធ្វើ​ដំណើរ​ចូលក្នុង​ព្រៃ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ ដោយបាន​យក​ម្ហូបអាហារ​និង​ប្រេងឥន្ធនៈ​ទៅជា​មួយ​។ ពួកគេ​និយាយថា ពួកគេ​មិន​ធ្វើ​ឲ្យ​នរណា​គ្រោះថ្នាក់​ទេ ដោយ​គ្រាន់តែ​ព្យាយាម​ការពារ​របៀប​រស់នៅ​របស់ខ្លួន​តែប៉ុណ្ណោះ​។​
 
​លោក រស់ លីម ជា​អ្នកបង្កើត​និង​មេដឹកនាំ​ក្រុម​យាមល្បាត​ព្រៃ​និយាយថា​៖ «​ជារឿយៗ យើង​ប្រទះឃើញ​មនុស្ស​កាប់​ឈើ​។ ជួនកាល យើង​បាន​រឹបអូស​យក​ឧបករណ៍​របស់​ពួកគេ ដូចជា រណា​អា​ឈើ រទេះគោ ឬ​ឧបករណ៍​ផ្សេងៗ​ទៀត​។ ប្រសិនបើ​យើង​ប្រទះឃើញ​ដោយ​ចៃដន្យ​ក្រុមមនុស្ស​មាន​គ្នាច្រើន​កាប់​ឈើ យើង​ធម្មតា​ស្ថិតនៅ​ឆ្ងាយ​ពី​ពួកគេ ហើយ​ហៅ​ប្រធាន​ប៉ូលិស​ឲ្យ​មក និង​ចាត់វិធានការ​អំពី​បញ្ហា​នេះ​»​។​
 
​ក្រុម​អ្នកយាម​ល្បាត​ព្រៃឈើ​និយាយថា អ្នក​ដែល​កាប់​ឆ្ការព្រៃ​ភាគច្រើន​ជា​ពួក​អ្នកស្រុក​ដែល​ស្វះស្វែងរ​កកាប់​ឈើ​នៅក្នុង​តំបន់​នេះ ពី​ព្រោះតែ​ព្រៃឈើ​របស់ខ្លួន​បាន​បាត់​បង់អស់​។​
 
​ក្រុមមន្ត្រី​កម្ពុជា​និយាយថា ជាទូទៅ ពួកគេ​គាំទ្រ​ការ​យាមល្បាត​ព្រៃឈើ​នេះ ហើយ​ថា ពួកគេ​កំពុង​ព្យាយាម​កាត់បន្ថយ​ការកាប់​ឈើ​ខុសច្បាប់​នេះ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com