កីឡាអន្តរជាតិ
អន្តរជាតិ
PSG សង្ឃឹមថា Mbapp, Neymar នៅ​បន្ត ក្រោយ​កីឡាករ​ទាំងពីរ​ជួយ​ផ្សាយ​ឯកសណ្ឋាន​រដូវ​កាល​ថ្មី​
01, Jul 2019 , 10:19 pm        
រូបភាព
Kylian Mbappe និង Neymar Jr ដែល​កំពុង​លេចឮ​ដំណឹង​នៃ​ការផ្លាស់​ពី​ទឹកដី​បារាំង​ទៅ​ចូលរួម​ក្រុម​ផ្សេង​នោះ បានបង្ហាញ​ខ្លួន​ជាមួយ​ឈុត​សម្លៀកបំពាក់​ក្រុម​ថ្មី​ឲ្យ​ក្រុម Paris Saint-Germain សម្រាប់​ឯកសណ្ឋាន​ក្នុង​ដី​នា​រដូវ​កាល ២០១៩-២០២០​។ ការបង្ហាញ​ខ្លួន​នេះ បានធ្វើ​ឲ្យ​ក្លិប​យក្ស​បារាំង សង្ឃឹម​ខ្ពស់​ថា កីឡាករ​ឆ្នើម​របស់​ពួកគេ​ទាំងពីរ​នឹង​បន្ត​ជួយ​ក្រុម​នៅ​រដូវ​កាល​ក្រោយ​ទៀត​។​

 
​សមាជិក​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល Neymar កំពុងមាន​ទំនាក់ទំនង​យ៉ាង​ក្តៅគគុក​ទៅនឹង​ការវិលត្រឡប់​ទៅកាន់​ក្រុម​ចាស់ Barcelona វិញ​នៅ​រដូវ​កាល​ថ្មី​ខាងមុខ​។ លោក Jordi Cardoner អនុប្រធាន​ក្លិប​អ្នកមាន​បុណ្យ បាន​អះអាងថា អតីត​សមាជិក​កីឡា​របស់ខ្លួន​រូបនេះ​ពិតជា​ចង់ទៅ Camp Nou វិញ​ពិតមែន​។​
 
​ដោយឡែក Mbappe ខ្សែប្រយុទ្ធ​វ័យក្មេង​សញ្ជាតិ​បារាំង បានបង្ហាញ​ចំណាប់អារម្មណ៍​ចង់​មានការ​ប្រកួតប្រជែង​ថ្មី​ជាមួយ​ក្រុម​ផ្សេង ដោយ​ក្នុងនោះ Real Madrid ជា​គោលដៅ​ធំ​។​
 
​ប៉ុន្តែ​យ៉ាងណាក៏ដោយ អ្វីៗ​ហាក់​ធ្វើ​ឲ្យ​ម្ចាស់​ជើងឯក Ligue 1 បារាំង​ធូរស្រាល​ចិត្ត​បន្តិច​ដោយ​រំពឹងថា​តារា​ឆ្នើម​ទាំងពីរ​នឹង​យល់ព្រម​ស្នាក់នៅ​ទឹកដី Parc des Princes រដូវ​កាល​ក្រោយ​។ ធូរស្រាល​ចិត្ត ដ្បិត Neymar និង Mbappe បានបង្ហាញ​ខ្លួន​ក្នុង​វីដេអូ​ផ្សព្វផ្សាយ​ពី​ឯកសណ្ឋាន​ប្រកួត​ក្នុង​ដី​ថ្មី​របស់​ក្រុម PSG សម្រាប់​រដូវ​កាល ២០១៩-២០​។​
 
Mbappe វ័យ​២០​ឆ្នាំ ស៊ុត​បញ្ចូល​ទី​ចំនួន​៣៣​គ្រាប់​ក្នុង​លី​គ​រដូវ​កាល​មុន ស្របពេល Neymar វ័យ​២៦​ឆ្នាំ រកបាន​តែ​១៥​គ្រាប់​ប៉ុណ្ណោះ​ដោយសារ​បួស ខណៈដែល PSG ឈ្នះ​ជើងឯក​ដោយ​នាំ​មុន​ក្រុម​ចំណាត់ថ្នាក់​ទី​២​ចំនួន​១៦៕

Tag:
 បាល់ទាត់​
  Neymar
  Kylian Mbappe
© រក្សាសិទ្ធិដោយ thmeythmey.com