ជាតិ
សង្គមជាតិ
សេដ្ឋកិច្ច
ស្នងការ៖ សំណង់និងវិស័យដទៃទៀតនៅព្រះសីហនុ រីកចម្រើន តែបទល្មើសកើនឡើង សំណង់អគារនៅខេត្តព្រះសីហនុ
× ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ថោង លីម អគ្គស្នងការរងនគរបាលជាតិ ប្រធានក្រុមការងារចុះពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសង្គម នៅខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ ដើម្បីបន្តនិរន្តរភាពការងារ ពង្រឹង សន្តិសុខ សណ្តាប់ធ្នាប់ រក្សា របៀបរៀបរយ ក្នុងខេត្តព្រះសីហនុឲ្យកាន់តែប្រសើរឡើង។
ក្នុងកិច្ចប្រជុំនោះ លោក ជួន ណារិន្ទ ស្នងការខេត្តព្រះសីហនុ បានបង្ហាញរបាយការណ៍ថា ស្ថានភាពខេត្តព្រះសីហនុ មានការវិនិយោគច្រើនពីជនជាតិចិន ដែលធ្វើឲ្យខេត្តមួយនេះ មានការ រីកចម្រើនយ៉ាងឆាប់រហ័ស លើគ្រប់វិស័យ ដូចជា កាស៊ីណូ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ព្រមទាំង មុខរបរផ្សេងៗជាច្រើនទៀត ដែលភាគច្រើន គ្រប់គ្រង ដោយជនជាតិចិន។
លោក ជួន ណារិន្ទ ប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សំណង់អគារនៅខេត្តព្រះសីហនុ កំពុងតែរីកលូតលាស់ តែបទល្មើស ក៏កើតឡើងគួរឲ្យកត់សម្គាល់ផងដែរ។ លោក អះអាងថា បទល្មើសព្រហ្មទណ្ឌ ដែលកើតមាននៅខេត្តព្រះសីហនុ មានដូចជា លួច ឆក់ និងអំពើហិង្សា ជាដើម។ លោក បកស្រាយថា បទល្មើសខាងលើ មិនមែនសុទ្ធតែបង្កឡើងដោយជនជាតិចិនទាំងអស់នោះទេ ពោលគឺ មានពលរដ្ឋខ្មែរខ្លះដែរ។
លោកស្នងការ បញ្ជាក់ក្នុងកិច្ចប្រជុំដូច្នេះថា «បទល្មើសព្រហ្មទណ្ឌនៅខេត្តព្រះសីហនុ កើតឡើងច្រើនជាងមុន តែកងកម្លាំងនគរបាល បង្ក្រាប បានរហូតដល់ ៩៨ភាគរយ»។
បើតាមរបាយការណ៍របស់លោកស្នងការ សំណង់អគារ ដែលកំពុងតែលេចរូបរាងឡើងនៅទឹកដីខេត្តព្រះសីហនុ មានដូចជា សណ្ឋាគារ និង ផ្ទះសំណាក់ចំនួន១៥៦កន្លែង គ្រប់គ្រង ដោយជនជាតិចិន ចំនួន១៥០កន្លែង កាស៊ីណូចំនួន ៦២កន្លែង វិនិយោគដោយជនបរទេស ៤៨កន្លែង ក្លិបកម្សាន្ត ខារ៉ាអូខេ ចំនួន៤១កន្លែង គ្រប់គ្រងដោយជនជាតិចិន ហាង ម៉ាហ្សាចំនួន៤៦កន្លែង គ្រប់គ្រងដោយជនជាតិចិន ភោជនីយដ្ឋានចំនួន៤៣៦ គ្រប់គ្រងដោយជនជាតិចិន៩៥ភាគរយ៕
© រក្សាសិទ្ធិដោយ thmeythmey.com