ក្រោយមានវត្តមាននៅកម្ពុជាជិត១០ឆ្នាំ កីឡាស្គីក្តារ និងស្គីកង់បានឈានដល់បង្កើតឲ្យជាសហព័ន្ធ ដើម្បីពង្រីកសក្តានុពលឲ្យកាន់តែទូលំទូលាយទាំងក្នុងក្របខណ្ឌជាតិនិងអន្តរជាតិ។ ការបង្កើតឲ្យមានជាសហព័ន្ធ បន្ទាប់ពីសង្កេតឃើញពីសក្តានុពល និងសន្ទុះអ្នកលេងមានការកើនឡើងនាពេលបច្ចុប្បន្ន ពិសេសកីឡានេះផ្តល់អត្ថប្រយោជន៍ច្រើនដល់យុវជន។ កញ្ញា កូវ ចាន់សង្វា ដែលជាអ្នកលេងកីឡាស្គីកង់មួយរូបបានអះអាងថា តាមរយៈកីឡានេះបានជួយកែប្រែនាង ពីមនុស្សស្ងៀមស្ងាត់ និងខ្មាសអៀនច្រើន ទៅជាមនុស្សក្លាហាន និងចូលចិត្តរាប់អានមិត្តភក្តិ។
កីឡាស្គីក្តារនិងស្គីកង់បានចូលមកកម្ពុជាប្រមាណជាង១០ឆ្នាំហើយ ប៉ុន្តែកីឡាអូឡាំពិកមួយនេះមិនសូវមានសកម្មភាពផុសផុល និងចូលរួមលេងច្រើនពីយុវជននោះឡើយ។ ពោលគឺកាលពីមុនឆ្នាំ២០០៨ មានអ្នកលេងនិងស្គាល់កីឡានេះមិនដល់១០នាក់ផង។ ប៉ុន្តែវត្តមានរបស់លោក Samual Izac James ជនជាតិអូស្ត្រាលីនៅអំឡុងឆ្នាំ២០១២បានឲ្យធ្វើកីឡានេះមានការរីកចម្រើនជាបន្តបន្ទាប់ រហូតលោកបានបើកហាងលក់ក្តារស្គីនៅឆ្នាំ២០១៣។
ការបើកហាងលក់ក្តារស្គីរបស់ជនជាតិអូស្ត្រាលីខាងលើ និងយុវជនខ្មែរមួយរូបដែលស្រលាញ់កីឡានេះបានធ្វើឲ្យកីឡានេះមានភាពរីកចម្រើន និងទាក់ទាញយុវជនឲ្យចូលរួមលេងកាន់តែច្រើនផងដែរ។ ដោយមើលឃើញពីសក្តានុពល និងសន្ទុះនៃចំនួនអ្នកលេង សហព័ន្ធកីឡាស្គីក្តារ និងស្គីកង់ ក៏បានលេចចេញជារូបរាងឡើងកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩។ ប៉ុន្តែសហព័ន្ធនេះពុំទាន់ទទួលបានការទទួលស្គាល់ពីក្រសួងអប់រំយុវជននិងកីឡា ក៏ដូចជាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានៅឡើយទេ។
លោក កុសល ពីសី ដែលអង្គមហាសន្និបាតតែងតាំងជាប្រធានសហព័ន្ធកីឡាស្គីក្តារ និងស្គីកង់កម្ពុជាបាននិយាយថា លោកនឹងរៀបចំបែបបទឯកសារពាក់ព័ន្ធនានា ដើម្បីដាក់ស្នើសុំការទទួលស្គាល់ពីស្ថាប័នកីឡាទាំងពីរខាងលើក្នុងពេលឆាប់ៗខាងមុខនេះ។ លក្ខខណ្ឌក្នុងការទទួលស្គាល់ គឺតម្រូវឲ្យសហព័ន្ធត្រូវមានក្លិប-សមាគមជាសមាជិកយ៉ាងតិច៥ និងត្រូវមានមន្ត្រីអាជ្ញាកណ្តាល ចៅក្រម និងគ្រូបង្វឹកថ្នាក់ជាតិប្រចាំសហព័ន្ធ។
ក្រៅពីសក្តានុពល និងសន្ទុះនៃអ្នកលេង លោក ពីសី បញ្ជាក់ថា ប្រជាប្រិយភាពកីឡានេះ និងការពង្រីកវិសាលភាពឲ្យកាន់តែធំលើឆាកអន្តរជាតិ ក៏ដូចជាចូលរួមប្រកួតអន្តរជាតិនានា ក៏ស្ថិតក្នុងគោលបំណងនៃការបង្កើតឲ្យមានសហព័ន្ធនេះឡើងដែរ។ គ្រប់ប្រភេទកីឡាទាំងអស់បើពុំមានសហព័ន្ធ ដែលទទួលស្គាល់ដោយក្រសួងអប់រំ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គឺពួកគេមិនអាចចូលរួមការប្រកួតផ្លូវការនោះឡើយ។
«យើងត្រូវតែមានសហព័ន្ធដែលទទួលស្គាល់ពីគណៈកម្មាធិការជាតិអូឡាំពិក ដើម្បីអាចចាប់ដៃគូជាមួយជាសហព័ន្ធកីឡាស្គីក្តារ និងស្គីកង់អន្តរជាតិ។ ធ្វើដូច្នេះទើបយើងអាចមានសិទ្ធិបញ្ជូនកីឡាករយើងទៅចូលរួមការប្រកួតអន្តរជាតិនានាដូចជាកម្រិកអាស៊ី អាស៊ីអាគ្នេយ៍រហូតដល់អូឡាំពិក»។ នេះជាការលើកឡើងរបស់លោក កុសល ពីសី ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ។
ប្រធានសហព័ន្ធរូបនេះជឿជាក់ថា បើសិនកីឡាករកម្ពុជាទទួលមានការហ្វឹកហាត់ត្រឹមត្រូវ ក្រោយការបង្កើតសហព័ន្ធ ពួកគេនឹងមានសមត្ថភាពកាន់តែរីកចម្រើន ដែលអាចត្រដំត្រសងជាមួយកីឡាករមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន។ លោកបានបន្ថែមថា៖«ខ្ញុំសង្កេតឃើញថាប្រជាប្រិយភាពមានការកើនឡើង តែគុណភាពយើងមិនទាន់មាននោះទេ ដោយសារយើងមិនទាន់សហព័ន្ធនិងនិយាមស្តង់ដារត្រឹមត្រូវ ព្រោះបច្ចុប្បន្នយើងមិនទាន់មានចៅក្រមអាជ្ញាកណ្តាល និងគ្រូបង្វឹកថ្នាក់ជាតិនៅឡើយទេ»។
កីឡាការិនី កូវ ចាន់សង្វា ដែលបានប្រឡូកជាមួយកីឡានេះតាំងពីអំឡុងឆ្នាំ២០១២ បានបង្ហាញអារម្មណ៍រំភើបរីករាយ និងគាំទ្រយ៉ាងពេលទំហឹងចំពោះការបង្កើតឲ្យមានសហព័ន្ធនេះឡើង។ នាងជឿជាក់ថា តាមរយៈការបង្កើតសហព័ន្ធនេះនឹងជួយជំរុញឲ្យវិស័យកីឡាស្គីក្តារ និងស្គីកង់កម្ពុជាកាន់តែរីកចម្រើន នាពេលអនាគត។ កីឡាការិនីដែលធ្លាប់តំណាងប្រទេសកម្ពុជាទៅចូលរួមប្រកួតលើឆាកអន្តរជាតិរូបនេះ បានបង្ហាញការតាំងចិត្តនឹងបន្តដើរលើវិថីមួយនេះ ហើយនាងចង់តំណាងកម្ពុជាទៅចូលរួមប្រកួតអន្តរជាតិទៀតផង។
កីឡាស្គីក្តារ និងស្គីកង់ត្រូវបានអង្គការស្គែតធីស្តង់បង្កើតឡើងក្នុងគោលបំណងជួយ និងផ្តល់ការអប់រំ និងកីឡាដល់កុមារ ដែលជួបបញ្ហាផ្សេងៗ។ ព្រោះកីឡានេះ អាចជួយឲ្យពួកគេមានកាយសម្បទា និងស្មារតីរឹងមាំ ពិសេសជួយបង្កើន និងស្តារទំនុកចិត្ត ដែលធ្លាប់បាត់បង់ឲ្យមករកភាពល្អប្រសើរឡើងវិញ។
ពាក់ព័ន្ធបញ្ហានេះលោក កុសល ពីសី បានរៀបរាប់ដូច្នេះថា៖«ដើមឡើយយើងបង្កើតអង្គការស្គែតធីស្តង់ ដើម្បីផ្តល់ការអប់រំផ្នែកកីឡា និងអប់រំចំណេះទូទៅដល់កុមារ ដែលជួបបញ្ហាបី គឺទី១គ្រួសារមានសេដ្ឋកិច្ចទាប ទី២ពិការភាព និងទី៣រងគ្រោះនឹងបញ្ហាសង្គមនានា។ ពេលដែលគាត់មានបញ្ហានឹងការសិក្សា យើងគិតថា តាមរយៈកីឡានេះនឹងអាចជួយឲ្យពួកគាត់មានទឹកចិត្តត្រឡប់មករកសង្គមឡើងវិញ ទើបយើងប្រមូលផ្តុំពួកគាត់ឲ្យមកចូលរួមសិក្សាផ្នែកកីឡា ដើម្បីពង្រឹងស្មារតី និងទំនុកចិត្តឡើងវិញ»។
កីឡាការិនី កូវ ចាន់សង្វា ដែលអះអាងថា នាងធ្លាប់រងហិង្សាពីគ្រួសាររហូតបាក់ទឹកចិត្ត និងខ្លាចមនុស្សជុំវិញខ្លួន។ ប៉ុន្តែកីឡាស្គីក្តារនិងស្គីកង់បានជួយកែប្រែឲ្យក្លាយជាមនុស្សក្លាហាន និងចូលចិត្តរាប់មនុស្សនៅជុំវិញខ្លួនឡើងវិញ។
កូនពៅក្នុងគ្រួសារនៅភ្នំពេញមានបងប្អូន៥នាក់រូបនេះបានរៀបរាប់យ៉ាងដូច្នេះថា៖«បើក្រឡេកទៅមើលពីអតីតកាលខ្ញុំមិនសូវមានមិត្តភក្តិច្រើននោះទេ ហើយខ្លាចគេច្រើន ខ្ញុំមិនលាក់នោះទេ ខ្ញុំធ្លាប់រងអំពើហិង្សាពីប៉ាខ្ញុំ។ ដូច្នេះខ្ញុំជាក្មេងស្រីម្នាក់ដែលអៀនច្រើន មិនហ៊ានប្រឈមមុខនឹងការពិត និយាយរួមខ្លាចគេមែនទែន។ ប៉ុន្តែតាមរយៈកីឡាស្គីកង់ វាបានជួយជំរុញឲ្យខ្ញុំមានទំនុកចិត្ត ហ៊ាននិយាយជាមួយមនុស្សជុំវិញខ្លួន និងហ៊ានប្រឈមមុខដោះស្រាយបញ្ហា ដែលកំពុងកើតមាននៅក្នុងគ្រួសារ»។
ជាមន្ត្រីកម្មវិធី(Program Officer)នៅអង្គការស្គែតធីស្តង់កីឡាការិនី ដែលមានឈ្មោះក្រៅហៅ«ទីន» រូបនេះ បានរៀបពីទុក្ខលំបាកពេលចូលហ្វឹកហាត់កីឡាស្គីកង់លើកដំបូង ដោយមានពេលខ្លះនាងត្រូវរងរបួសដៃជើង និងមុខមាត់ជាដើម។ មិនត្រឹមតែប៉ុណ្ណោះ នាង បានរងសម្ពាធពីសមាជិកគ្រួសារ មិត្តភក្តិ និងអ្នកជិតខាង ពិសេសប្រុសៗហាក់មិនឲ្យតម្លៃដល់នាង ដោយពួកគេគិតថា នាងជាស្រីមិនគួរមកហ្វឹកហាត់កីឡានេះទេ ព្រោះវាមានការហក់លោតជាដើម។
ដោយចង់ឈ្នះចិត្តប្រុសៗ និងផ្លាស់ប្តូរគំនិតអវិជ្ជមានមួយចំនួនដែលលើកឡើងថា ស្ត្រីមិនអាចលេងកីឡាដូចបុរស ទីន បានបន្តប្រឡូកក្នុងវិស័យនេះទាំងដឹងថាមានការលំបាករហូតក្លាយជាអ្នកជិះស្គីកង់ដ៏ស្ទាត់ជំនាញម្នាក់។ ហើយនាងត្រូវបានអង្គការស្គែតធីស្តង់បញ្ជូនទៅចូលរួមប្រកួតក្រៅផ្លូវការលើឆាកអន្តរជាតិ។
«ខ្ញុំរងសម្ពាធខ្លាំងពេលដែលចាប់ផ្តើមលេងកីឡានេះ គឺប្រុសៗភាគច្រើនគាត់មិនសូវឲ្យតម្លៃ ព្រោះគាត់គិតថា ខ្ញុំជាស្រីមិនអាចលេងកីឡាស្គីបានដូចគាត់។ កត្តានេះហើយទើបខ្ញុំចង់ផ្លាស់ប្តូរគំនិតអវិជ្ជមានដែលគិតមកលើស្ត្រីទាំងនេះ តាមរយៈការបន្តលេងកីឡាស្គីកង់ ទោះបីដឹងថា កីឡានេះមានការលំបាក និងអាចបង្កគ្រោះថ្នាក់ដល់ខ្ញុំក៏ដោយ ព្រោះពេលខ្លះខ្ញុំប្រឈមនឹងថ្លោះកជើងនិងឈាមមុខឈាមមាត់ជាដើម»។ នេះជាការរៀបរាប់ពីទុក្ខលំបាករបស់កីឡាការិនី កូវ ចាន់សង្វា។
ប្រទេសមានសេដ្ឋកិច្ចជឿនលឿននៅអឺរ៉ុប អាស៊ី និងអាស៊ានមួយចំនួនបានប្រើស្គីក្តារ ឬស្គីកង់ធ្វើជាមធ្យោបាយជំនួយឲ្យការប្រើយានយន្ត កង់ ម៉ូតូ ទៅកន្លែងធ្វើការ កន្លែងកម្សាន្ត និងកន្លែងនានា។ លើសពីនេះ កីឡានេះត្រូវបានមហាជន សិស្សានុសិស្សជិះកម្សាន្តពេលពួកគេទំនេរពីការងារ និងការសិក្សាទៀតផង៕