រថយន្ត
អន្តរជាតិ
សិង្ហបុរីចាប់ផ្តើមពិន័យកាន់តែធ្ងន់សម្រាប់អ្នកដែលចតយានយន្តខុសច្បាប់ ប្រភពរូបថត៖ Straits Times
× ការចតយានយន្តគ្មានសណ្តាប់ធ្នាប់ និងរំលោភច្បាប់នៅតាមបណ្តាផ្លូវក្នុងប្រទេសសិង្ហបុរី នឹងត្រូវរងពិន័យកាន់តែធ្ងន់ធ្ងរ ចាប់ពីខែកក្កដា នេះ តទៅ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរួមរបស់ក្រុមប្រឹក្សាលំនៅឋាន និងអភិវឌ្ឍ (HDB) និងអាជ្ញាធរអភិវឌ្ឍន៍ក្រុងឡើងវិញ (URA) របស់សិង្ហបុរី កាលពីថ្ងៃទី២៤ ខែមិថុនា កន្លងមក។
ការចតបំពានច្បាប់ ការបំប្លែងតម្លៃគូប៉ុង ឬវិក្កយបត្រអេឡិចត្រូនិក និងការគេចវេសការបង់ថ្លៃនៅតាមទីតាំងនៃប្រព័ន្ធចំណតអេឡិចត្រូនិក (EPS) ជាដើម សុទ្ធតែជាទង្វើត្រូវទទួលរងការពិន័យកាន់តែធ្ងន់។ នេះបើតាមការផ្សាយរបស់ The Straits Times។
HDB និង URA រកឃើញថា បទល្មើសជាមធ្យម ២៦០ ៨០០ កើតឡើងរៀងរាល់ឆ្នាំ ដោយគិតចន្លោះពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨ ទាក់ទងនឹងការចតយានយន្តខុសច្បាប់ ដែលក្នុងនោះមានទាំងម៉ូតូ រថយន្ត និងរថយន្តធុនធ្ងន់។
ការពិន័យមានទៅតាមកម្រិតទោសដែលអ្នកបើកបរបានប្រព្រឹត្តទាក់ទងនឹងការចតយានយន្ត។ សម្រាប់ការយានយន្តខុសច្បាប់ ជាធម្មតា អ្នកបើកបរត្រូវរងពិន័យជាទឹកប្រាក់ ១៩ដុល្លារអាមេរិក (សម្រាប់ម៉ូតូ) ៣៧ដុល្លារអាមេរិក (សម្រាប់រថយន្ត) និង៦០ដុល្លារអាមេរិក (សម្រាប់រថយន្តធុនធ្ងន់)។ ចាប់ពីថ្ងៃទី១ ខែកក្កដា ទឹកប្រាក់កើនឡើងដល់ ២៦ដុល្លារអាមេរិក ៥២ដុល្លារអាមេរិក និង៧៤ដុល្លារអាមេរិក ទៅតាមប្រភេទយានយន្ត រួមមានម៉ូតូ រថយន្ត និងរថយន្តធុនធំ។
យោងតាមការផ្សាយរបស់ CNA នេះជាការពិនិត្យកែសម្រួលតម្លៃពិន័យលើការចតខុសច្បាប់ជាលើកទីពីរ បើគិតចាប់តាំងពីឆ្នាំ១៩៩១ មក៕
© រក្សាសិទ្ធិដោយ thmeythmey.com