រថយន្ត
អន្តរជាតិ
វៀតណាម ចង់​ក្លាយជា​ប្រទេស​ឧស្សាហកម្ម ដោយ​ផ្តើម​ពី​ការផលិត​រថយន្ត​
01, Jul 2019 , 8:39 pm        
រូបភាព
ដោយ:
​កាលពី​ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ​២០១៩​កន្លងទៅនេះ រថយន្ត​ស៊េរី​ថ្មី​របស់​វៀតណាម ត្រូវបាន​ផលិត​ក្តៅៗ​ពី​រោងចក្រ ហើយ​ត្រូវបាន​គេ​បើកបរ​សាកល្បង​នៅលើ​ផ្លូវ​នៃ​ប្រទេស​នេះ​។ រថយន្ត​ប្រភេទ Hatchback នេះ មាន​ឈ្មោះថា «VinFast Fadil» ដែល​ដាក់លក់​ក្នុងតម្លៃ ១៧ ០០០​ដុល្លារ ។

 
​ពី​រោងចក្រ​ថ្មី​សន្លាង​របស់ខ្លួន​ក្នុង​ទីក្រុង Haiphong  ភាគ​ខាងជើង​នៃ​ប្រទេស​វៀតណាម ក្រុមហ៊ុន​នេះ ដាក់​គោលដៅ​ជាបឋម ផលិត​រថយន្ត​ចំនួន ២៥​ម៉ឺន​គ្រឿងក្នុង​មួយឆ្នាំ​។ តួលេខ​នេះ តិចជាង​ទំហំ​នៃ​ការលក់​រថយន្ត​ទាំងមូល​ប្រចាំឆ្នាំ​របស់​វៀតណាម សម្រាប់​ឆ្នាំ​២០១៨ ប្រមាណ​ជា ពីរ ឬ បី​ពាន់​គ្រឿង​ប៉ុណ្ណោះ​។ 
 
​មហិច្ឆតា​កាន់តែ​ធំ​! ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​វៀ​ត​ណា​ម មាន​គម្រោង​បង្កើន​ផលិតកម្ម​ខ្លួន​ដល់​ទ្វេដង ពោលគឺ ៥០​ម៉ឺន​គ្រឿង​ជាប្រចាំ​ឆ្នាំ ហើយក៏​ដូចជា ជំរុញ​ការផលិត​រថយន្ត​១២​ម៉ូ​ឌែ​ល​ផ្សេងទៀត រួមមាន SUVs និង​ម៉ូតូ​អគ្គិសនី​ផងដែរ ក្នុង​រយៈពេល​២​ឆ្នាំ​ខាងមុខ​ទៀត​។ 


 
​ទាក់ទិន​នឹង​មហិច្ឆតា​ដ៏​ធំ​នេះ រដ្ឋាភិបាល​វៀតណាម សង្ឃឹមថា គម្រោង​នេះ នឹង​ជួយផ្តល់​សន្ទុះ​កាន់តែ​ខ្លាំងក្លា​បន្ថែមទៀត​ដល់​កំណើនសេដ្ឋកិច្ច​ដ៏​លឿន​រហ័ស​ជាងគេ​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ ព្រមទាំង​ជំរុញ​កំណើន​នៃ​វិស័យ​ឧស្សាហកម្ម​តម្លៃ​ខ្ពស់​បន្ថែម (HVM) ដែល​ធានា​ឲ្យ​បាន​នូវ​ភាព​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​សាកល​។ 
 
​តើន​រណា​ជា​ខ្នងបង្អែក​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​នេះ​? 
 
​ក្រុមហ៊ុន «VinFast» ស្ថិតក្រោម​ការផ្គត់ផ្គង់​របស់​ក្រុមហ៊ុន Vingroup ដែលជា​ក្រុមហ៊ុន​ឯកជន​ធំ​បំផុត​ប្រចាំ​ប្រទេស​វៀតណាម​។ ក្រុមហ៊ុន​យក្ស​របស់​វៀតណាម​នេះ បានចាប់ផ្តើម​ដំបូង​ជា​ក្រុមហ៊ុន​ផលិត​មី​កំប៉ុង ហើយ​ក៏បាន​ប្រឡូក​ជើង​ចូល​វិស័យ​អចលនទ្រព្យ​ផងដែរ​។ 
 
​លើសពីនេះ ក្រុមហ៊ុន​នេះ ក៏​ចាប់​ផ្តើមធ្វើ​ពិពិធ​កម្ម​ទៅជា​កាន់​ទីផ្សារ​សំខាន់ៗ​ផ្សេងទៀត រួមមាន ការលក់​រាយ ការអប់រំ និង​សុខាភិបាល​ជាដើម​។ ម្យ៉ាងវិញទៀត កាលពី​ខែធ្នូ ឆ្នាំ​២០១៨ ក្រុមហ៊ុន Vingroup ដែល​ស្ថិតក្នុង​ផ្នែក​មួយ​នៃ​ការពង្រីក​ចូលទៅក្នុង​វិស័យ​បច្ចេកវិទ្យា ក៏បាន​ចាប់ដៃ​ជាមួយ​ក្រុមហ៊ុន​បរទេស​ដើម្បី​ផលិត​ទូរ​សព្ទ​ឆ្លាត​វៃ​ទៀតផង​។ 
 
​ក្រុមហ៊ុន​ឯកជន​យក្ស Vingroup ជា​កម្មសិទ្ធិ​រប​ស់បុរ​សមាន​ជាងគេ​ប្រចាំ​ប្រទេស​វៀតណាម លោក Pham Nhat Vuong ហើយ​លោក ក៏​ជា​កំពូល​មហា​សេដ្ឋកិច្ច​ដំបូង​គេ​របស់​ប្រទេស​នេះ​ផងដែរ​។ គិត​ត្រឹម​ឆ្នាំ​២០១៩​នេះ លោក  Pham មានទ្រព្យ​សម្បត្តិ​សរុប ៧,៦​ពាន់​លាន​ដុល្លារ​។ យោងតាម​វេ​ប​សាយ Forbes ។​


 
​សម្រាប់​ការផលិត​កម្ម​រថយន្ត​រ​របស់ខ្លួន ក្រុមហ៊ុន Vingroup ត្រូវបាន​រាយការណ៍​ថា ចាក់​ប​ញ្ចូ​ន​លុយ​វិនិយោគ​ចំនួន ៣​ពាន់​លាន​ដុល្លារ ក្នុងការ​បំពាក់​ឧបករណ៍​ផលិត​ទំនើបៗ​ក្នុង​រោងចក្រ ហើយ​បាន​ជួល​អ្នកគ្រប់គ្រង​មានទ្រព្យ​កោសល្យ​ខ្ពស់ និង​មាន​បទពិសោធ​យូរ​ឆ្នាំ ។ អ្វីដែល​ពិសេស​នោះ ក្រុមហ៊ុន​នេះ ក៏បាន​សហការ​ជាមួយ​ដៃគូ​ល្បីល្បាញ និង​ខ្លាំងៗ ដូចជា   BMW និង​ក្រុមហ៊ុន​ផលិត​ផ្នែក​រថយន្ត Bosch ទៀតផង​។ ជា​ឧទាហរណ៍ រថយន្ត VinFast Fadil វៀតណាម​នេះ ផលិតឡើង​ដោយ​ប្រើប្រាស់​តួរ​រថយន្ត​ប្រភេទ Fadil ដែល​បង្កើតឡើង​ដោយ​ក្រុមហ៊ុន Opel របស់​អាល្លឺម៉ង់​។ 
 
​ការផលិត​រថយន្ត នឹង​ក្លាយជា​ឧស្សាហកម្ម​ស្នូល​របស់​វៀតណាម នា​ថ្ងៃ​អនាគត​? 
 
​សង្គ្រាម​វៀតណាម​បញ្ចប់ទៅ​ក្នុង​ឆ្នាំ​១៩៧៥  ដោយមាន​ការបង្រួបបង្រួម​វៀតណាម​ទាំងពីរ​។ ក្នុងពេលនោះ​វៀតណាម​បាន​ក្លាយជា​ប្រជាជាតិ​ក្រីក្រ​បំផុត​មួយ​នៅក្នុង​ពិភពលោក ដ្បិត​រដ្ឋ កុម្មុយនីស្ត នេះ​នៅតែ​បន្ត​អនុវត្ត​សេដ្ឋកិច្ច​ផែនការ​។ ពាក់កណ្តាល​ទសវត្សរ៍​ឆ្នាំ ១៩៨០ ប្រាក់ចំណូល ប្រចាំឆ្នាំ​របស់​ប្រជាជន​វៀតណាម​ម្នាក់ៗ ស្ថិតនៅ​ចន្លោះ ២០០ ដុល្លារ និង ៣០០ ដុល្លារ​ប៉ុណ្ណោះ​។​
 
​ប៉ុន្តែ ក្រោយ​រដ្ឋាភិបាល​វៀតណាម​សម្រេច​អនុវត្ត​គោលនយោបាយ​កំណែ ទម្រង់​សេដ្ឋកិច្ច ដូ​យ មើ​យ «Đổi Mới»​ឆ្នាំ​១៩៨៦ វៀតណាម​ប្តូរ​ខ្លួន​រហ័ស​ពី​ប្រទេស​ក្រីក្រ ទៅជា​ប្រទេស​មាន សេដ្ឋកិច្ច រីកលូតលាស់​រហ័ស​ជាងគេ​មួយ​លើ​ពិភពលោក​ដែល​ប្រកាន់​«​សេដ្ឋកិច្ច​ទីផ្សារ​»​តែ​រក្សា នយោបាយ​បិទ​។​
 
​សព្វថ្ងៃនេះ គេ​អាច​និយាយបានថា វៀតណាម​ជាតា​រា​រះ​ត្រដែត​មួយ  ក្នុងចំណោម​បណ្តា​ប្រទេស ដែលមាន​សន្ទុះ​សេដ្ឋកិច្ច​ក្លៀវក្លា​បំផុត​ក្នុង​ពិភពលោក​។ កំណើនសេដ្ឋកិច្ច​ប្រចាំឆ្នាំ​របស់​វៀតណាម ស្ថិតក្នុង​រង្វង់ ៦ ទៅ ៧​ភាគរយ ប្រកៀកប្រកើយ​នឹង​ចិន​។ ការនាំចេញ​របស់​វៀត​ណា​ម មាន​ទំហំ ទឹកប្រាក់​ច្រើន​ស្ទើរតែ​ប្រហាក់ប្រហែល​ទៅនឹង​តម្លៃ​សរុប​នៃ​ផលិតផល​ក្នុងស្រុក (GDP) របស់ខ្លួន ទៅហើយ​។​
 
​តាម​អត្ថបទ​វិចារណកថា​មួយ ដែល​បាន​ចុះផ្សាយ​សារព័ត៌មាន​សិង្ហ​បុរី Channel News Asia នៅ​ថ្ងៃទី ៣០ មិថុនា ឆ្នាំ​២០១៩ កំណើនសេដ្ឋកិច្ច​ដ៏​ក្លៀវក្លា​នេះ ត្រូវបាន​ជំរុញ​ដោយ​ឧស្សាហកម្ម​ផលិតផល​តម្លៃ​ទាប ដូចជា សំលៀកបំពាក់ និង​គ្រឿង​អេឡិចត្រូនិក​តម្លៃថោក​ជាដើម​។ 
 
​នាពេល​ថ្មីៗ​នេះ រដ្ឋាភិបាល​ក្រុង​ហាណូយ ធ្លាប់​បានដាក់​គោលដៅ​ដ៏​មហិច្ឆតា​មួយ ដោយ​ចង់​សម្រេច​ងារ​ជា​ប្រទេស​ឧស្សាហកម្ម​មួយ ក្នុង​ឆ្នាំ​២០២០​ខាងមុខ ពោលគឺ​នៅសល់​មិនយូរ​ទៀតឡើយ​។ យ៉ាងណាមិញ ក្រោយមក វៀតណាម បាន​សារភាព​ត្រង់ៗ​ថា គោលដៅ​នេះ នឹងត្រូវ​ខកខាន ដ្បិត​ខ្លួន​បរាជ័យ​ក្នុងការ​អភិវឌ្ឍ​មូលដ្ឋាន​ឧស្សាហកម្ម​ដែលមាន​លក្ខណៈ​ជឿនលឿន​។ 
 
​មកទល់នឹង​ពេលនេះ រដ្ឋាភិបាល​ក​ម្មុយ​នី​សន្ត​វៀតណាម ចង់​ឲ្យ​បណ្តា​ឧស្សាហកម្ម​នានា ផលិត​ទំនិញ​ដែលមាន​តម្លៃ​ខ្ពស់ គុណភាព​ល្អ ហើយ​ក្រុង​ហាណូយ ក៏បាន​ទទួលស្គាលថា ឧស្សាហកម្ម​ផលិត​រថយន្ត​ជា «​ឧស្សាហកម្ម​ស្នូល​» យុទ្ធសាស្ត្រ​របស់ខ្លួន​។ ទ​ន្ទឺ​ម​នឹង​គ្នា​នេះ វៀតណាម សម្លឹង​ឃើញថា ឧស្សាហកម្ម​ផលិត​រថយន្ត​ថា ជា​ឧស្សាហកម្ម​មួយ​ប្រភេទ​ដែល​អាច​ជណ្តើរ​ដ៏​សំខាន់ ដើម្បី​ឆ្ពោះទៅកាន់​ឧស្សាហូបនីយកម្ម​។ 
 
​បញ្ហា​ប្រឈម​មួយ កើតឡើង​ចំពោះ​ការផលិត​រថយន្ត​រប​ស់​វៀតណាម​។ នោះ​គឺថា នាពេល​បច្ចុប្បន្ននេះ មួយផ្នែកធំ​នៃ​ផលិតកម្ម​របស់​ក្រុមហ៊ុន VinFast ពឹង​ផ្អែកលើ​បំណែក និង​គ្រឿង​បង្គំ​រថយន្ត​ដែល​នាំចូល​ពី​ប្រទេស​៕ 
 

Tag:
 វៀតណាម​
  រថយន្ត​
  សេដ្ឋកិច្ច​អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com