កាលពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅនេះ រថយន្តស៊េរីថ្មីរបស់វៀតណាម ត្រូវបានផលិតក្តៅៗពីរោងចក្រ ហើយត្រូវបានគេបើកបរសាកល្បងនៅលើផ្លូវនៃប្រទេសនេះ។ រថយន្តប្រភេទ Hatchback នេះ មានឈ្មោះថា «VinFast Fadil» ដែលដាក់លក់ក្នុងតម្លៃ ១៧ ០០០ដុល្លារ ។
ពីរោងចក្រថ្មីសន្លាងរបស់ខ្លួនក្នុងទីក្រុង Haiphong ភាគខាងជើងនៃប្រទេសវៀតណាម ក្រុមហ៊ុននេះ ដាក់គោលដៅជាបឋម ផលិតរថយន្តចំនួន ២៥ម៉ឺនគ្រឿងក្នុងមួយឆ្នាំ។ តួលេខនេះ តិចជាងទំហំនៃការលក់រថយន្តទាំងមូលប្រចាំឆ្នាំរបស់វៀតណាម សម្រាប់ឆ្នាំ២០១៨ ប្រមាណជា ពីរ ឬ បីពាន់គ្រឿងប៉ុណ្ណោះ។
មហិច្ឆតាកាន់តែធំ! ក្រុមហ៊ុនផលិតរថយន្តរបស់វៀតណាម មានគម្រោងបង្កើនផលិតកម្មខ្លួនដល់ទ្វេដង ពោលគឺ ៥០ម៉ឺនគ្រឿងជាប្រចាំឆ្នាំ ហើយក៏ដូចជា ជំរុញការផលិតរថយន្ត១២ម៉ូឌែលផ្សេងទៀត រួមមាន SUVs និងម៉ូតូអគ្គិសនីផងដែរ ក្នុងរយៈពេល២ឆ្នាំខាងមុខទៀត។
ទាក់ទិននឹងមហិច្ឆតាដ៏ធំនេះ រដ្ឋាភិបាលវៀតណាម សង្ឃឹមថា គម្រោងនេះ នឹងជួយផ្តល់សន្ទុះកាន់តែខ្លាំងក្លាបន្ថែមទៀតដល់កំណើនសេដ្ឋកិច្ចដ៏លឿនរហ័សជាងគេប្រចាំតំបន់អាស៊ីអាគ្នេយ៍ ព្រមទាំងជំរុញកំណើននៃវិស័យឧស្សាហកម្មតម្លៃខ្ពស់បន្ថែម (HVM) ដែលធានាឲ្យបាននូវភាពប្រកួតប្រជែងក្នុងទីផ្សារសាកល។
តើនរណាជាខ្នងបង្អែករបស់ក្រុមហ៊ុនផលិតរថយន្តនេះ?
ក្រុមហ៊ុន «VinFast» ស្ថិតក្រោមការផ្គត់ផ្គង់របស់ក្រុមហ៊ុន Vingroup ដែលជាក្រុមហ៊ុនឯកជនធំបំផុតប្រចាំប្រទេសវៀតណាម។ ក្រុមហ៊ុនយក្សរបស់វៀតណាមនេះ បានចាប់ផ្តើមដំបូងជាក្រុមហ៊ុនផលិតមីកំប៉ុង ហើយក៏បានប្រឡូកជើងចូលវិស័យអចលនទ្រព្យផងដែរ។
លើសពីនេះ ក្រុមហ៊ុននេះ ក៏ចាប់ផ្តើមធ្វើពិពិធកម្មទៅជាកាន់ទីផ្សារសំខាន់ៗផ្សេងទៀត រួមមាន ការលក់រាយ ការអប់រំ និងសុខាភិបាលជាដើម។ ម្យ៉ាងវិញទៀត កាលពីខែធ្នូ ឆ្នាំ២០១៨ ក្រុមហ៊ុន Vingroup ដែលស្ថិតក្នុងផ្នែកមួយនៃការពង្រីកចូលទៅក្នុងវិស័យបច្ចេកវិទ្យា ក៏បានចាប់ដៃជាមួយក្រុមហ៊ុនបរទេសដើម្បីផលិតទូរសព្ទឆ្លាតវៃទៀតផង។
ក្រុមហ៊ុនឯកជនយក្ស Vingroup ជាកម្មសិទ្ធិរបស់បុរសមានជាងគេប្រចាំប្រទេសវៀតណាម លោក Pham Nhat Vuong ហើយលោក ក៏ជាកំពូលមហាសេដ្ឋកិច្ចដំបូងគេរបស់ប្រទេសនេះផងដែរ។ គិតត្រឹមឆ្នាំ២០១៩នេះ លោក Pham មានទ្រព្យសម្បត្តិសរុប ៧,៦ពាន់លានដុល្លារ។ យោងតាមវេបសាយ Forbes ។
សម្រាប់ការផលិតកម្មរថយន្តររបស់ខ្លួន ក្រុមហ៊ុន Vingroup ត្រូវបានរាយការណ៍ថា ចាក់បញ្ចូនលុយវិនិយោគចំនួន ៣ពាន់លានដុល្លារ ក្នុងការបំពាក់ឧបករណ៍ផលិតទំនើបៗក្នុងរោងចក្រ ហើយបានជួលអ្នកគ្រប់គ្រងមានទ្រព្យកោសល្យខ្ពស់ និងមានបទពិសោធយូរឆ្នាំ ។ អ្វីដែលពិសេសនោះ ក្រុមហ៊ុននេះ ក៏បានសហការជាមួយដៃគូល្បីល្បាញ និងខ្លាំងៗ ដូចជា BMW និងក្រុមហ៊ុនផលិតផ្នែករថយន្ត Bosch ទៀតផង។ ជាឧទាហរណ៍ រថយន្ត VinFast Fadil វៀតណាមនេះ ផលិតឡើងដោយប្រើប្រាស់តួររថយន្តប្រភេទ Fadil ដែលបង្កើតឡើងដោយក្រុមហ៊ុន Opel របស់អាល្លឺម៉ង់។
ការផលិតរថយន្ត នឹងក្លាយជាឧស្សាហកម្មស្នូលរបស់វៀតណាម នាថ្ងៃអនាគត?
សង្គ្រាមវៀតណាមបញ្ចប់ទៅក្នុងឆ្នាំ១៩៧៥ ដោយមានការបង្រួបបង្រួមវៀតណាមទាំងពីរ។ ក្នុងពេលនោះវៀតណាមបានក្លាយជាប្រជាជាតិក្រីក្របំផុតមួយនៅក្នុងពិភពលោក ដ្បិតរដ្ឋ កុម្មុយនីស្ត នេះនៅតែបន្តអនុវត្តសេដ្ឋកិច្ចផែនការ។ ពាក់កណ្តាលទសវត្សរ៍ឆ្នាំ ១៩៨០ ប្រាក់ចំណូល ប្រចាំឆ្នាំរបស់ប្រជាជនវៀតណាមម្នាក់ៗ ស្ថិតនៅចន្លោះ ២០០ ដុល្លារ និង ៣០០ ដុល្លារប៉ុណ្ណោះ។
ប៉ុន្តែ ក្រោយរដ្ឋាភិបាលវៀតណាមសម្រេចអនុវត្តគោលនយោបាយកំណែ ទម្រង់សេដ្ឋកិច្ច ដូយ មើយ «Đổi Mới»ឆ្នាំ១៩៨៦ វៀតណាមប្តូរខ្លួនរហ័សពីប្រទេសក្រីក្រ ទៅជាប្រទេសមាន សេដ្ឋកិច្ច រីកលូតលាស់រហ័សជាងគេមួយលើពិភពលោកដែលប្រកាន់«សេដ្ឋកិច្ចទីផ្សារ»តែរក្សា នយោបាយបិទ។
សព្វថ្ងៃនេះ គេអាចនិយាយបានថា វៀតណាមជាតារារះត្រដែតមួយ ក្នុងចំណោមបណ្តាប្រទេស ដែលមានសន្ទុះសេដ្ឋកិច្ចក្លៀវក្លាបំផុតក្នុងពិភពលោក។ កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំរបស់វៀតណាម ស្ថិតក្នុងរង្វង់ ៦ ទៅ ៧ភាគរយ ប្រកៀកប្រកើយនឹងចិន។ ការនាំចេញរបស់វៀតណាម មានទំហំ ទឹកប្រាក់ច្រើនស្ទើរតែប្រហាក់ប្រហែលទៅនឹងតម្លៃសរុបនៃផលិតផលក្នុងស្រុក (GDP) របស់ខ្លួន ទៅហើយ។
តាមអត្ថបទវិចារណកថាមួយ ដែលបានចុះផ្សាយសារព័ត៌មានសិង្ហបុរី Channel News Asia នៅថ្ងៃទី ៣០ មិថុនា ឆ្នាំ២០១៩ កំណើនសេដ្ឋកិច្ចដ៏ក្លៀវក្លានេះ ត្រូវបានជំរុញដោយឧស្សាហកម្មផលិតផលតម្លៃទាប ដូចជា សំលៀកបំពាក់ និងគ្រឿងអេឡិចត្រូនិកតម្លៃថោកជាដើម។
នាពេលថ្មីៗនេះ រដ្ឋាភិបាលក្រុងហាណូយ ធ្លាប់បានដាក់គោលដៅដ៏មហិច្ឆតាមួយ ដោយចង់សម្រេចងារជាប្រទេសឧស្សាហកម្មមួយ ក្នុងឆ្នាំ២០២០ខាងមុខ ពោលគឺនៅសល់មិនយូរទៀតឡើយ។ យ៉ាងណាមិញ ក្រោយមក វៀតណាម បានសារភាពត្រង់ៗថា គោលដៅនេះ នឹងត្រូវខកខាន ដ្បិតខ្លួនបរាជ័យក្នុងការអភិវឌ្ឍមូលដ្ឋានឧស្សាហកម្មដែលមានលក្ខណៈជឿនលឿន។
មកទល់នឹងពេលនេះ រដ្ឋាភិបាលកម្មុយនីសន្តវៀតណាម ចង់ឲ្យបណ្តាឧស្សាហកម្មនានា ផលិតទំនិញដែលមានតម្លៃខ្ពស់ គុណភាពល្អ ហើយក្រុងហាណូយ ក៏បានទទួលស្គាលថា ឧស្សាហកម្មផលិតរថយន្តជា «ឧស្សាហកម្មស្នូល» យុទ្ធសាស្ត្ររបស់ខ្លួន។ ទន្ទឺមនឹងគ្នានេះ វៀតណាម សម្លឹងឃើញថា ឧស្សាហកម្មផលិតរថយន្តថា ជាឧស្សាហកម្មមួយប្រភេទដែលអាចជណ្តើរដ៏សំខាន់ ដើម្បីឆ្ពោះទៅកាន់ឧស្សាហូបនីយកម្ម។
បញ្ហាប្រឈមមួយ កើតឡើងចំពោះការផលិតរថយន្តរបស់វៀតណាម។ នោះគឺថា នាពេលបច្ចុប្បន្ននេះ មួយផ្នែកធំនៃផលិតកម្មរបស់ក្រុមហ៊ុន VinFast ពឹងផ្អែកលើបំណែក និងគ្រឿងបង្គំរថយន្តដែលនាំចូលពីប្រទេស៕