ONE Championship
កីឡាជាតិ
ជាតិ
អ្នកលេង​គុន​ចម្រុះ ចាន់ សំអាត គ្រោង​ដើរ​ចេញពី​ពិភព​គុន​ទៅ​ប្រក​បរបរ​ផ្សេង​
01, Jul 2019 , 10:59 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី 
 
​កីឡាករ ចាន់ សំអាត ដែលជា​អ្នកលេង​គុន​ចម្រុះ (MMA) មានឈ្មោះ​បោះ​សំឡេង​ម្នា​ក់នៅ​កម្ពុជា បាន​បង្ហើប​អំពី​គោលដៅ​ដ៏​ខ្លី​ខាង​មុន ថា​នឹង​បញ្ចប់​អាជីព​នេះ​ដើម្បី​ផ្ដោត​មុខរបរ​ផ្សេង​វិញ​។ ការលើកឡើង​បែបនេះ​ដោយសារ​សំអាត យល់ថា​អាជីព​មួយ​នេះ​មិនអាច​ឲ្យ​រូបគេ​រកចំណូលបាន​ច្រើន​ឡើយ​។​

 
​កីឡាករ​គុន​ចម្រុះ​វ័យ ២៦ ឆ្នាំ​រូបនេះ​បញ្ជាក់​ដូច្នេះ ៖«​រាល់ថ្ងៃ​ខ្ញុំ​មិនទាន់​ច្បាស់​ទេ​បង​ទោះ​ខ្ញុំ​នៅមាន​កម្លាំង​។ ខ្ញុំ​ខំប្រឹង​ហ្វឹកហាត់ ហើយ ឡើង​ចុះ​ញឹកញាប់​ពី​ខេត្តឧត្ដរមានជ័យ មក​ភ្នំពេញ​ដើម្បី​ហាត់​នៅ​ក្លិប Cambodian Top Team​។ តែ​ខ្ញុំ​អាច​ឈប់​ពី​កីឡា​ក្បាច់គុន​មួយ​នេះ​ពេល​អាយុ​ជ្រេ​បន្តិចទៀត​។ រាល់ថ្ងៃ ខ្ញុំ​ខំ​ហ្វឹកហាត់​ខ្លួនឯង​ផង និង ជួយ​បង្ហាត់​សិស្ស​នៅ CTT ផង​។ ការជួយ​នេះ​មិនមែន​ទទួល​ប្រាក់ខែ​អ្វី​ទេ ហើយ​មិនទាន់​ប៉ង​ក្លាយជា​គ្រូបង្វឹក​ដែរ ព្រោះ​លោក គ្រូ ហ៊ុន ច័ន្ទ​រាជ្យ គាត់​ជួយ​សម្រួល​ដល់​ខ្ញុំ បង្ហាត់​ខ្ញុំ ផ្ដល់​ការ​ស្នាក់នៅ ការហូបចុក រក​សង្វៀន​ឲ្យ​ប្រកួត​ជាដើម​។ ដូច្នេះ​យើង​ត្រូវ​ជួយ​គាត់​វិញ​តាមតែ​អាចធ្វើ​ទៅបាន​»​។ 


 
​បច្ចុប្បន្ន កូនសិស្សលោក ហ៊ុន ច័ន្ទ​រាជ្យ កំពុង​បុក​ហ្វឹកហាត់​យ៉ាងខ្លាំង​ក្លា​ដើម្បី​ត្រៀម​ប្រកួត​នៅ​សង្វៀន ONE និង កំពុង​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម​នៅ​ស្ថានីយទូរទស្សន៍​អាស៊ីអាគ្នេយ៍ ដែលមាន​បេក្ខភាព​កីឡាករ​ខ្មែរ ៤ នាក់ និង ថៃ ៤ នាក់​។ ឆ្លងកាត់ ៣ ប្រកួត​កន្លងមក ចាន់ សំអាត ឈ្នះ ២ និង ចាញ់​ម្ដង​។ ជ័យជម្នះ ២ លើក កន្លងទៅ​អាចធ្វើ​ឲ្យ​គេ​មា​សង្ឃឹម​ឡើងទៅ​វគ្គ​បន្ត​។ កីឡាករ​មកពី​ខេត្ត​ឧ​ត្ត​រ​មានជ័យ​រូបនេះ​មានឈ្មោះ​ទៅ​ប្រកួត​នៅ​សង្វៀន ONE Championship ជាថ្មី​នា​ដើមខែ សីហា ឆ្នាំ ២០១៩ ខាងមុខ​នៅ​ប្រទេស​សិង្ហ​បុរី​។ ការឡើង​សង្វៀន ONE លើក​នេះ​គឺ ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់ ពី ៥៦ ទៅ ៦០ គីឡូក្រាម​។  សំអាត​បង្ហើប​ក្ដី​រំពឹង​បែបនេះ​៖ «​ខ្ញុំ​សង្ឃឹម​បាន​លទ្ធផល​ល្អ​លើក​នេះ ព្រោះ​កន្លងទៅ​ចាញ់​នៅ​សង្វៀន ONE​។ ល្អ​ណាស់​ដែល​ត្រូវ​គីឡូ​ខ្ញុំ​។ ពីមុន​លំបាក​បន្តិច​ព្រោះ​ខ្ញុំ​ទៅ​វ៉ៃ ចន្លោះ​គីឡូ ៦០ ទៅ ៦៥ គីឡូក្រាម​។ គីឡូ​ខ្ញុំ​ដំឡើង ហើយ គេ​ទម្លាក់​មក​ចាំ​វ៉ៃ​យើង​»​។ 
 
​កីឡាករ​មកពី​ស្រុក​អន្លង់វែង រៀបរាប់​ទៀតថា ដ្បិត​ជួយ​បង្វឹក​កីឡាករ​ក្មេងៗ​នៅ​ក្លិប CTT និង​បង្ហាត់​កូនសិស្ស​ដើម្បី​សុខភាព ប៉ុន្តែ គេ​មិនមាន​មហិច្ឆតា​ខ្ពស់​ដើម្បី​ក្លាយជា​គ្រូ ឬ បើក​ក្លិប​អ្វី​នោះឡើយ​ដោយសារ​កត្តា​ថវិកា ឬ ទំនង​មិន​អាចមាន​អ្នក​ឧបត្ថម្ភ​ទៀតផង​។ សំអាត សង្កត់ធ្ងន់ថា ៖«​បើសិន​អនាគត យើង​បើក​ក្លិប​មិន​ប្រាកដ​ជោគជ័យ​ដែរ ព្រោះ​ក្លិប​មួយចំនួន​រលំ​ហូរហែ​។ យើង​អត់​សូវ​ចេះ​គ្រប់គ្រង យើង​អត់​មាន​បណ្ដាញ​រក​សង្វៀន​ឲ្យ​កីឡាករ​ប្រកួត​។ នេះហើយ​សុទ្ធតែ​បញ្ហា​ប្រឈម​»​។​
 
​ការដែល​នាំ​ឲ្យ ចាន់ សំអាត មានកូន​ចិត្ត​ប្រកប​របរ​រកស៊ី ឬ​ទៅរក​ស៊ី​នៅ​ស្រុកកំណើត​វិញ​នោះ ព្រោះ​កត្តា​នៅ​ជិត​ប្រពន្ធ​កូន​ក៏​ជាការ​ជំរុញ​ទឹកចិត្ត​មួយ​ដែរ​។ ការវិល​ទៅរក​ស៊ី​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ វិញ​ទៅ​ថ្ងៃ​អនាគត គឺអាច​រស់នៅ​ជួបជុំ​ប្រពន្ធ​កូន​។ យ៉ាងណាក្ដី មុខរបរ ដែល ចាន់ សំអាត គ្រោង​ចាប់យក​នៅ​ថ្ងៃមុខ​មិនទាន់​ត្រូវបាន​ទម្លាយ​នៅឡើយ​ទេ ព្រោះ​ត្រូវ​រង់ចាំ​បន្តិច​សិន ទម្រាំ​ឡើង​ប្រកួត​លែងកើត ឬ ប៉ុន្មាន​ឆ្នាំ​ទៅមុខទៀត​។ 
 
​គួរ​ដឹងថា ចាន់ សំអាត ចាប់ផ្ដើម​ប្រលូក​លើស​ង្វៀន​ប្រដាល់​ដំបូង​នៅ​ឆ្នាំ ២០០៨ ដោយ​ទៅ​ហ្វឹកហាត់​ជាមួយ​គ្រូបង្វឹក ឡោ វុ​ទ្វី នៅ​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​៣​ខេត្តព្រះវិហារ តាមរយៈ​កីឡាករ ខុន ស៊ី​ចាន់ មុននឹង​ចាប់ផ្ដើម​ហ្វឹកហាត់​ក្បាច់គុន​ចម្រុះ​នៅ​ឆ្នាំ ២០១៣ ពេល​កម្មវិធី Khmer Warrior Challenge ចាប់ផ្ដើម​។ ចាន់ សំអាត​ជា​ម្ចាស់​ខ្សែក្រវាត់ Khmer Warrior Challenge វគ្គ​៣ ឬ ហៅថា​ម្ចាស់​ខ្សែក្រវាត់​វ៉ៃ​ដាក់​ទ្រុង ដែល​រៀប​ឡើង​ដោយ​ស្ថានីយទូរទស្សន៍ ស៊ី​ធី​អិន និង MyTV​។  កី​
 

Tag:
 MMA
  ចាន់ សំអាត
© រក្សាសិទ្ធិដោយ thmeythmey.com