ONE Championship
កីឡាជាតិ
ជាតិ
Jomary Torres ពី​អ្នក​មើលថែ​ក្មេង ក្លាយជា​កីឡាការិនី​ល្បីឈ្មោះ​នៅ​សង្វៀន ONE
01, Jul 2019 , 6:29 pm        
រូបភាព
​អត្ថបទ​៖ ស៊ីធី
 
​ក្នុង​រយៈពេល​ពីរ​បី​ឆ្នាំ​ចុងក្រោយ Jomary Torres ឬ «The Zamboanginian Fighter» ត្រូវបាន​គេ​កត់សម្គាល់ថា​ជា​កីឡាការិនី​គុន​ចម្រុះ​លេចធ្លោ និង​ជោគជ័យ​ម្នាក់​ក្នុង​ប្រភេទ​ទម្ងន់ Atomweight លើស​ង្វៀន ONE Championship​។ កីឡាការិនី​សញ្ជាតិ​ហ្វីលីពីន ធ្វើ​បានល្អ​ខ្លាំងណាស់​ដោយ​ឈ្នះ ៣ លើក​ជា​បន្តបន្ទាប់ ដូចជា​ឈ្នះ​កីឡាការិនី​ថៃ Rika Ishige ជើង​ខ្លាំង​ឥណ្ឌូណេស៊ី Nita Dea និង April Osenio​។


 
 Jomary នឹងត្រូវ​តតាំង​ជាមួយ​ជើង​ខ្លាំង​ម្ចាស់ផ្ទះ Jihin Radzuan ដែលមាន​រហស្សនាម «Shadow Cat » ក្នុងការ​ប្រកួត​គុន​ចម្រុះ​នៅ​សង្វៀន ONE: MASTERS OF DESTINY នា​ក្រុង កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី នៅ​ថ្ងៃ​សុក្រ​ទី​១២ ខែកក្កដា​។ Jomary តែងតែ​បង្កើន​សមត្ថភាព​របស់​ខ្លួន​ជានិច្ច បន្ទាប់ពី​រូបគេ​ចាក​ចេញពី​ជីដូន​ដើម្បី​ស្វែងរក​ឱកាស​ការងារ​ថ្មី​នៅ​ខេត្ត Zamboanga del Norte ក្នុងប្រទេស​ហ្វីលីពីន​។ 


 
​នៅពេល​កំពុងធ្វើការ​ងា​រ​ជា​មេដោះ Jomary បាន​ជួប​កីឡាករ Ruel Catalan ហើយ​បាន​ណែនាំ​ឲ្យ​ទៅ​ហ្វឹកហាត់​ក្បាច់គុន​។ កីឡាការិនី​ហ្វីលីពីន​រូបនេះ បាន​ចំណាយពេល​របស់ខ្លួន​មើលថែ​កូន​ថៅកែ​ម្នាក់​ដើម្បី​បញ្ចប់​ការសិក្សា​។ ពេលនោះ​នាង​ត្រឹម​បាន​មើល​ការហ្វឹកហាត់​របស់​កីឡាករ​កីឡាការិនី​នៅ​ក្លិប Catalan Fighting System MMA និង Fitness Gym តែប៉ុណ្ណោះ​។ ក្លិប​នោះ​នៅក្បែរ​សាលា​ដែល​កូន​ថៅកែ​របស់​នាង​រៀន​។ 
 
​ទីបំផុត Jomary បាន​ទាក់ទង​ទៅកាន់ Facebook Page ហើយ​នាង​មិនដឹង​ខ្លួន​សោះ​ថា​បាន​សន្ទនា​ជាមួយ​គ្រូ​បង្គោល Rene Catalan និង​ជា​អ្នក​ធ្លាប់​ប្រជែង​ខ្សែក្រវាត់ ONE Strawweight World Title​។ កីឡា​កា​រិ​និ​សញ្ជាតិ​ហ្វីលីពីន រំលឹកថា ៖«​ខ្ញុំ​ចាប់អារម្មណ៍​នឹង​ក្លិប​តាមរយៈ fan page ហើយ​ខ្ញុំ​មិនដឹងថា គ្រូបង្វឹក Rene ជា​អ្នក​កាន់​ហ្វេ​ស​ប៊ុ​ក​នោះ​សោះ​។ ដំបូង​ឡើយ គាត់​ផ្ដល់ឱកាស​ឲ្យ​ខ្ញុំ​ធ្វើជា​អ្នកទទួល​រាក់ទាក់​ភ្ញៀវ​សម្រាប់​ក្លិប (Receptionist) ដោយ​ធ្វើ​ការងារ​ទទួល​សំណួរ និង គ្រប់គ្រង​សមាជិក​។ មុនដំបូង​ខ្ញុំ​ស្ទាក់ស្ទើរ​ដោយសារ​ខ្ញុំ​ជាប់​ការងារ​ខ្ញុំ​នៅឡើយ​»​។ 
 
​បន្ទាប់មកទៀត Jomary បាន​ទៅ​ជួប គ្រូបង្វឹក Rene ដើម្បី​ទទួលបាន​ការស្វែងយល់​អំពី​ការងារ​កាន់តែច្បាស់​។ 
«​ខ្ញុំ​គិតថា​នេះ​ការងារ​ល្អ ដូច្នេះ​ខ្ញុំ​សម្រេចចិត្ត​ទទួលយក​ឱកាស​នេះ​តែម្ដង​។ ខ្ញុំ​ក៏​ឈប់​មើលថែ​ក្មេង ហើយក៏​យក​ឥ​វ៉ាន់ មក​ធ្វើការ​នៅ​ក្លិប នា​ថ្ងៃ​បន្ទាប់​»​។ កីឡាការិនី​វ័យ ២៣ បញ្ជាក់​បែបនេះ​។ 


 
​ដោយមាន​ចំណេះដឹង​តិចតួច​ខាង​ក្បាច់គុន គ្រូបង្វឹក Rene ក៏​ខិតខំ​ជួយ​ជ្រោមជ្រែង​បន្ថែម​ហើយ កីឡាការិនី​រូបនេះ​ឆាប់​ចាប់បាន​លឿន និង ឈានដល់​ការប្រកួត​ទៀតផង​។ មុនដំបូង គ្រូបង្វឹក Rene ឲ្យ​ហ្វឹកហាត់​ថ្នាក់​កម្រិត​ទាប ហើយក៏​លោក​មើលឃើញ​អំពី​សក្ដានុពល និង អនុញ្ញាត​ឲ្យ​ឡើង​ប្រកួត kickboxing ស្ម័គ្រចិត្ត​ទៀតផង​។ 
 
​កីឡាការិនី​ដដែល​បញ្ជាក់ ៖«​ខ្ញុំ​មិន​រំពឹងថា​ឈ្នះ​ទេ ក្នុង​ប្រកួត​លើកដំបូង តែ​វា​ជាការ​ចាប់ផ្ដើម​ការប្រកួត​ក្បាច់​មួយ​ថៃ និង kickboxing »​។ ទោះពី Ruel មិន​នៅក្នុង​ក្លិប ប៉ុន្តែ គេ​បាន​បង្កើត​ទំនាក់ទំនង​ល្អ​ថ្មីៗ​ជាមួយ Rene និង Robin Catalan អំឡុងពេល​ស្នាក់នៅ​ហ្វឹកហាត់​ក្បាច់គុន​នេះ​។ 
 
«The Zamboanginian Fighter» រៀបរាប់ថា ក្នុងពេល​មួយ​មកដល់​ក្លិប​ប្រដាល់ គេ​មិនបាន​ដឹងថា​គ្រូបង្វឹក Robin និង Rene ជា​បងប្អូន​នឹង​គ្នា​ទេ ព្រោះ​មិនសូវ​ហ៊ាន​ជជែក​ដោយសារ​ភាពភ័យខ្លាច ប៉ុន្តែ ទំនាក់ទំនង​កាន់តែ​ប្រសើរ​ពេល​បាន​ហ្វឹកហាត់​ជាមួយ​គ្រូបង្វឹក​ទាំងពីរ​។ រយៈ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​ទើប គ្រូ​និង​សិស្ស​មាន​ទំនាក់ទំនង​ល្អ​នឹង​គ្នា​។ 
 
Rene ត្រូវបាន Jomary ចាត់ទុក​ដូច​ឳ​ពុក​ដោយ​វិន័យ​តឹងរ៉ឹង​។ ចំណែក Robin ត្រូវបាន Jomary ចាត់ទុកជា​បងប្រុស​ដែល​តែងតែ​យកចិត្តទុកដាក់ ដូច​លោក​យកចិត្ត​លើ​កូនសិស្ស​ដទៃ​អីចឹង​។ កីឡាការិនី​គុន​ចម្រុះ​រូបនេះ​គូសបញ្ជាក់​បែបនេះ​៖ «​យើង​មិន​ដែលមាន​បញ្ហា​នៅ​ក្លិប​។ បើសិន​នរណាម្នាក់​មាន​បញ្ហា អ្នក​រាល់គ្នា​តែងតែ​ជួយ​ដោះស្រាយ​។ យើង​ដូច​គ្រួសារ​តែមួយ​។ យើង​ជួយ​គ្នា​ទៅវិញទៅមក​ក្នុង​រូបភាព​ផ្សេងៗ​។ ខ្ញុំ​នៅទីនេះ ៣ ឆ្នាំ​មកហើយ ពួកយើង​ស្គាល់គ្នា​កាន់តែ​ល្អប្រសើរ​ទៅ ទោះ​មិន​នៅជាប់​ជាមួយ​រាល់ពេល​ក្ដី​»​។​
 
​រហូតដល់​បច្ចុប្បន្ននេះ​គ្រូបង្វឹក Rene នៅតែ​បន្ត​ជា​សសរទ្រូង​ដ៏​រឹងមាំ​នៅក្នុង​ជីវិត​របស់ Jomary​។ Rene មិន​ត្រឹមតែ​ជួយ​ដុះខាត់​ជំនាញ​ក្បាច់គុន​ដល់ Jomary ទេ​ប៉ុន្តែ​ថែមទាំង​បណ្ដុះ​ស្មារតី និង ភាពជឿជាក់​ទៀតផង​។ «​គាត់​តែងតែ​ប្រាប់​ពួកយើង​ឲ្យ​ល្អ ហើយ គ្មាន​រឿង​ល្អ​ណា​ដែល​ចេញពី​អំពើអាក្រក់​នោះឡើយ​។ គាត់​តែងតែ​និយាយ​អំពី​ព្រះ ហើយ​គាត់​តែងតែ​ទៅ​គោរព​ព្រះ​រៀងរាល់ថ្ងៃ​អាទិត្យ​។ គាត់​តែងតែ​នឹក​ដល់​ព្រះ​មុន​ពេលធ្វើ​អ្វីមួយ​ជា​រៀងរាល់ថ្ងៃ​»​។ 
 
Jomary មាន​ភាពជឿជាក់​ដើម្បី​យកឈ្នះ​កីឡាការិនី​ម្ចាស់ផ្ទះ Jihin Radzuan ហើយ​គេ​នឹង​ប្រើ​ជំនាញ​ដែល​គ្រូបង្វឹក​បានផ្ដល់​ក្នុង​គោលដៅ​ទទួល​ជ័យជម្នះ​។ Jomary ថា ព្រះ​នឹង​ជួយ​ដល់​ខ្លួន​មិន​ខាន​បន្ទាប់ពី​ហ្វឹកហាត់ និង ត្រៀមខ្លួន​បានល្អ​រៀងរាល់​ប្រកួត​។ 
 
​ក្រៅពី​ជើង​ខ្លាំង​គូ​ពិសេស​ជាច្រើន ជើង​ខ្លាំង​សញ្ជាតិ​ថៃ Petchmorakot ត្រូវ​តតាំង​ជាថ្មី​ទល់នឹង​កីឡាករ​សញ្ជាតិ​អ៊ីតាលី  Giorgio Petrosyan ក្នុង​វគ្គ ៨ នាក់​ចុងក្រោយ​នៃ​កម្មវិធី ONE Featherweight Kickboxing World Grand Prix នៅ​សង្វៀន ONE: MASTERS OF DESTINY ជាមួយគ្នា​។  ONE Featherweight Kickboxing World Grand Prix មាន​ប្រាក់រង្វាន់ ១ លាន​ដុល្លារ​អាមេរិក​សម្រាប់​អ្នកឈ្នះ​ជើងឯក​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com