ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន ទៅ​ប្រជុំ​នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក នៅ​ប្រទេស​ស្វី​ស​
02, Jul 2019 , 9:22 am        
រូបភាព
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញទៅ​ចូលរួម​កិច្ចប្រជុំ «​ត្រួតពិនិត្យ​ឡើងវិញ​ជាស​កល លើ​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម ឆ្នាំ​២០១៩» នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) នាទី​ក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស ដែល​នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​៣ ដល់​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៩​។​


 
​ក្នុង​កិច្ចប្រជុំ​នេះ ប្រមុខ​រដ្ឋាភិបាល នឹង​ថ្លែង​សុន្ទរកថា នៅក្នុង​កម្ម​វ​ធី​សង្គម ដែល​រៀបចំ​ដោយ WTO រួមទាំង​ការប្រកាស​ជា​ផ្លូវការ​នូវ​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​របស់​កម្ពុជា ឆ្នាំ​២០១៩-២០២៣​ទៀតផង​។ កិច្ចប្រជុំ​ឆ្នាំនេះ ក្រោម​មូលបទ «​គាំទ្រ​ពិពិធ​កម្ម និង​ការលើកកម្ពស់​សេដ្ឋកិច្ច សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន តាមរយៈ​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម​» ក្នុង​គោលបំណង​ពិនិត្យមើល​ពី​របៀប ដែល​ជំនួយ​ពាណិជ្ជកម្ម អាច​ទ្រទ្រង់​ប្រកបដោយ​ប្រសិទ្ធភាព​ដល់​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​។ 
 
​ក្រៅពី​កិច្ចប្រជុំ​ខាងលើ សម្តេច ហ៊ុន សែន ក៏​ថ្លែង​សុន្ទរកថា​ដោយឡែក​មួយទៀត នៅក្នុង​កិច្ចប្រជុំ​ជា​ទៀងទាត់​លើក​ទី​៤១ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ ដែល​ផ្ដោតលើ​ការប្តេជ្ញាចិត្ត​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការគោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​។​
 
​ទាក់ទង​នឹង​បញ្ហា​សិទ្ធិមនុស្ស​នេះ នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែង​នៅក្នុង​ពិធី​ផ្ទេរ​សាលា​គ្រួសារ​ថ្មី ឲ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា កាលពី​ថ្ងៃទី​១ កក្កដា​ថា សិទ្ធិមនុស្ស​នៅ​កម្ពុជា មិនបាន​ស្ថិតនៅក្រោម​គ្រាប់ផ្លោង និង​សង្គ្រាម​ទេ ខណៈដែល​ប្រទេស​ខ្លះ កំពុងមាន​ការបាញ់សម្លាប់​នៅឡើយ​។ ត្រង់ចំណុច​នេះ​ប្រមុខ​រដ្ឋាភិបាល បាន​ឲ្យ​និយមន័យ​ថា សិទ្ធិមនុស្ស​ផ្ដើមចេញពី​សិទ្ធិ​រស់រៀនមានជីវិត មិនមែន​កើតចេញពី​ការសរសេរ​របស់​អ្នកកាសែត​ឡើយ​៕

Tag:
 ​ហ៊ុន សែន​
  WTO
  ពាណិជ្ជកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com