ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អស់​បារម្ភ​! កម្ចាត់​ជាតិ​ផ្អែម​លើស​កម្រិត​ចេញពី​រាងកាយ ជាមួយ​គន្លឹះ​បែប​ធម្មជាតិ​ងាយៗ​
03, Jul 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ការទទួល​ទាន​អាហារ​ផ្អែម​លើស​កម្រិត​មិន​ត្រឹមតែ​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម ឬ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បញ្ហា​សុខភាព​គួរ​ឲ្យ​ព្រួយបារម្ភ​ជាច្រើន​ផ្សេងៗ​ទៀតផង​ដែរ​។ នោះ​ហើយ​ទើប​ការ​បន្សាប​ជាតិ​ផ្អែម​ចេញពី​រាងកាយ​ជា​គំនិត​ដ៏​ប្រសើរ​បំផុត​មួយ​ទប់ស្កាត់​ជំងឺ​ផ្សេងៗ​ដែល​អាច​នឹង​កើតឡើង​ក្រោយ​ការទទួល​ទាន​ផ្អែម​ច្រើន​។ ប៉ុន្តែ​ថា​តើ​គួរ​ធ្វើ​បែបណា​ទៅ​ទើប​អាច​បន្សាប ឬ​កម្ចាត់​ជាតិ​ផ្អែម​ចេញពី​ប្រព័ន្ធ​រាងកាយ​បាន​? 



កុំ​បារម្ភ​! ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​គន្លឹះ​ងាយៗ​ដើម្បី​កម្ចាត់​ជាតិ​ផ្អែម​ពី​រាងកាយ ៖
 
១. ទទួលទាន​ទឹក​ឱ្យបាន​ច្រើន​គ្រប់គ្រាន់​
 
​នៅ​រាល់ពេល​អ្នក​ឃ្លាន​ទទួលទាន​អ្វីដែល​ផ្អែម ចូរ​ទទួលទាន​ទឹក​មួយ​កែវ​។ ការធ្វើ​បែបនេះ​មិន​ត្រឹមតែ​ជួយ​បំបាត់​អារម្មណ៍​ឃ្លាន​ផ្អែម ឬ​ឆ្អែត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បន្សាប​ជាតិពុល​ផ្សេងៗ​ចេញពី​រាងកាយ​ផងដែរ​។ 
 
២. ទទួលទាន​បន្លែ​ផ្លែឈើ​
 
​ត្រូវ​ប្រាកដថា​របប​អាហារ​ប្រចាំថ្ងៃ​របស់​អ្នកមាន​រួមបញ្ចូល​ផ្លែឈើ​និង​បន្លែស្រស់ៗ​។ ជាតិ​សរសៃ​ដែលមាន​ផ្ទុក​នៅក្នុង​បន្លែ​ផ្លែឈើ​នឹង​ជួយ​កម្ចាត់​សារធាតុពុល រួមទាំង​ជាតិ​ផ្អែម​ដែល​លើស​ចេញពី​រាងកាយ​។​លើសពីនេះទៅទៀត បន្លែ​ផ្លែឈើ​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន​និង​ជាតិ​រ៉ែ​ដែល​ចាំបាច់​សម្រាប់​រក្សា​សុខភាព​ល្អប្រសើរ​ផងដែរ​។ 
 
៣. ទទួលទាន​គ្រាប់​ធញ្ញជាតិ​
 
​គ្រាប់​ធញ្ញជាតិ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ខ្លាញ់​សុខភាព​ល្អ​មាន​ប្រសិទ្ធិភាព​ជួយ​ទប់ស្កាត់​និង​ដោះស្រាយ​ការ​រលាក​ផ្សេង​ក្នុង​រាងកាយ​ដែល​បង្កឡើង​ដោយ​ការ​ទទួលទាន​ជាតិ​ផ្អែម ឬ​ស្ករ​ច្រើន​។ ទោះជា​យ៉ាងណា​កុំ​ទទួលទាន​លើស​ពីមួយ​ក្ដាប់ដៃ​ពេញ​ក្នុង​មួយថ្ងៃ​។​
 
៤. ទទួលទាន​អាហារ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន​គុណភាព​ខ្ពស់​
 
​របប​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក​គួរតែមាន​ផ្ទុក​នូវ​អាហារ​ដែល​អាច​ផ្ដល់​ឲ្យ​រាងកាយ​នូវ​ប្រូតេអ៊ីន​គុណភាព​ខ្ពស់​គ្រប់គ្រាន់​។ សាច់​ទ្រូង​មាន់ ស៊ុត និង​ត្រី​ជាដើម​សុទ្ធតែជា​អាហារ​មាន​ផ្ទុក​ប្រូតេអ៊ីន​គុណភាព​ខ្ពស់​។ ប្រូតេអ៊ីន គឺ​ចាំបាច់​ណាស់​ក្នុងការ​គ្រប់គ្រង​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​មិន​ឲ្យ​ឡើង​ខ្ពស់​ខុស​ប្រក្រតី​។​
 
៥. ធ្វើ​លំ​ហាត់ប្រាណ​ឱ្យបាន​ទៀងទាត់​
 
​មិន​ថា​អ្នក​ចង់​បន្សាប​ជាតិពុល​ប្រភេទ​បែបណា​ទេ ការធ្វើ​លំ​ហាត់ប្រាណ​ជា​ផ្នែក​ដ៏​សំខាន់បំផុត​មួយ​ដែល​គួរ​ត្រូវបាន​រួមបញ្ចូល​។ ការធ្វើ​លំ​ហាត់ប្រាណ​មិន​ត្រឹម​តែមាន​ប្រសិទ្ធិភាព​កម្ចាត់​ជាតិពុល​ផ្សេងៗ​ពី​រាងកាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​ដុតបំផ្លាញ​ជាតិ​ខ្លាញ់​ដែល​របប​អាហារ​មាន​ជាតិ​ស្ករ​ខ្ពស់​នាំមក​ផង​
​ដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com