អន្តរជាតិ
បាតុករ​ហុងកុង ចូលលុកលុយ​ពេញ​អាគារ​សភា​ដើម្បី​ប្រឆាំង​សំណើ​ធ្វើ​បត្យាប័ន​ជាមួយ​ចិន​
02, Jul 2019 , 9:44 am        
រូបភាព
បាតុករហុងកុងអុកឡុកសាលប្រជុំសភា។ រូបភាព AFP
បាតុករហុងកុងអុកឡុកសាលប្រជុំសភា។ រូបភាព AFP
​នៅ​យប់​ថ្ងៃទី​១ ខែកក្កដា អាគារ​សភា​ហុងកុង ត្រូវបាន​បំផ្លិចបំផ្លាញ​យ៉ាងដំណំ​ដោយសារ​ស្នាដៃ​បាតុករ​វ័យក្មេង​ដែល​ទាមទារ​ឲ្យ​គ្រវែង​ចោល​សំណើ​ច្បាប់​ធ្វើ​បត្យាប័ន​ជាមួយ​ចិន​។ បាតុកម្ម​ដែល​ផ្ដើមចេញពី​ការប្រមូលផ្ដុំ​ដោយ​សន្តិភាព ប្រែ​ទៅជា​ហិង្សា​បន្តិច​ម្ដងៗ​នៅ​ចំ​ខួប​ទី​២២ នៃ​ការផ្ទេរ​ការគ្រប់គ្រង​ហុងកុង​ទៅ​ឲ្យ​ចិន​។ ប្រមុខ​ទីក្រុង​ហុងកុង Carrie Lam បាន​ថ្កោលទោស​ទង្វើ​របស់​បាតុករ តែ​រំពឹងថា ស្ថានការណ៍​នឹង​វិល​ទៅរក​ប្រក្រតី​ឡើងវិញ​។​

 
​ខួប​ទី​២២ នៃ​ការប្រគល់​ទឹកដី​ហុងកុង​ទៅ​ឲ្យ​ចិន​ពី​សំណាក់​អង់គ្លេស ធ្វើឡើង​ពោរពេញ​ដោយ​ហិង្សា​មិន​ធ្លាប់មាន​។ នៅ​ថ្ងៃទី​១ ខែកក្កដា បាតុករ​ជាច្រើន​ពាន់​នាក់​ដែល​ភាគច្រើន​ជា​យុវជន​ក្មេង​បាន​ឡោមព័ទ្ធ​អាគារ​សភា​ទីក្រុង​នេះ​ក្នុង​គោលដៅ​ទាមទារ​ឲ្យ​បោះចោល​សំណើ​ច្បាប់​ធ្វើ​បត្យាប័ន​ជាមួយ​ចិន​ទាំងស្រុង ខណៈ​បច្ចុប្បន្ន សំណើ​ច្បាប់​នេះ ត្រូវបាន​ព្យួរទុក​ដោយ​គ្មាន​ការកំណត់​អ្វី​ទាំងអស់​។ ការណ៍​នេះ​មិន​ធ្វើ​ឲ្យ​បាតុករ​សប្បាយចិត្ត​ឡើយ​។​
 
​បន្ទាប់ពី​ឡោមព័ទ្ធ​ពេញ​មួយថ្ងៃ បាតុករ​ក៏បាន​សម្រុកចូល​អាគារ​សភា​ទីក្រុង​នេះ​។ ស្រប​ពេលដែល​ប៉ូលិស​បាន​ដកថយ​ដើម្បី​បញ្ចៀស​ការប៉ះទង្គិច​ធ្ងន់ធ្ងរ បាតុករ​វ័យក្មេង​មាន​ពាក់​ម៉ាស់ និង​មួក​ពណ៌​លឿង​ផង​នោះ បាន​ចូល​អុកឡុក​អាគារ​ដ៏​សំខាន់​នេះ និង​បាន​បំផ្លាញ​ទ្រព្យសម្បត្តិ​ជាច្រើន​។ ក្នុង​អាគារ បាតុករ​នាំគ្នា​ហែក​រូបថត​មេដឹកនាំ​ហុងកុង លើក​ទង់​ហុងកុង​សម័យ​អាណានិគម​ក្នុង​សាលប្រជុំ​ធំ និង​បាញ់ថ្នាំ​ជា​អក្សរ​ផ្សេង​ដូចជា ហុងកុង​មិនមែនជា​ចិន​ជាដើម​។​
 
​នេះ​ជា​រឿង​មិន​ធ្លាប់មាន​ឡើយ​នៅ​ហុងកុង តែ​វា​បង្ហាញ​ពី​ការជំទាស់​ដាច់ខាត​រប​ស់​ប្រជាជន​ទីក្រុង​នេះ ពិសេស​យុវជន​ក្មេង​ដែលមាន​ការមិន​ពេញ​ចិត្តការ​លូកលាន់​កាន់តែខ្លាំង​ពី​សំណាក់​ទីក្រុង​ប៉េកាំង​។ បាតុករ​ម្នាក់​វ័យ​២៦​ឆ្នាំ​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា​៖ «​យើង​បាន​ដើរ​ក្បួន ហើយ​អង្គុយ​តវ៉ា ប៉ុន្តែ​រដ្ឋាភិបាល​មិន​ស្ដាប់​សោះ​។ ដូចនេះ យើង​ត្រូវតែ​បង្ហាញ​រដ្ឋាភិបាល​ថា យើង​ឈប់​អង្គុយ ហើយ​មិន​ធ្វើ​អ្វី​សោះ​ទៀតឡើយ​។​»
 
​ប្រធាន​ប្រតិបត្តិ​ហុងកុង Carrie Lam បានធ្វើ​សន្និសីទ​សារព័ត៌មាន​បន្ទាន់​មួយ​នៅ​ព្រឹក​ថ្ងៃទី​២ ខែកក្កដា​នេះ ដោយបាន​បង្ហាញ​ការខកចិត្ត​ចំពោះ​សមកម្ម​ភាព​ហិង្សា​របស់​បាតុករ​។ ទោះ​ទទួលស្គាល់ថា បាតុកម្ម​ចាប់ផ្ដើម​ដោយ​អហិង្សា​ក្ដី លោកស្រី Lam ដែល​ត្រូវ​បាតុករ​ទាមទារ​ឲ្យ​ចុះចេញ​នោះ និយាយថា ព្រឹត្តិការណ៍​ថ្ងៃទី​១ ខែកក្កដា ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល តែ​សង្ឃឹមថា សង្គម​ហុងកុង នឹង​វិល​ទៅរក​ប្រក្រតីភាព​ឡើងវិញ​នៅពេល​ឆាប់ៗ​។ 
 
​ឯ​រឿង​ថា រដ្ឋាភិបាល​មិន​ស្ដាប់​តាម​ការទាមទារ​របស់​បាតុករ​នោះ លោកស្រី Lam បញ្ជាក់ថា វា​មិនមែនជា​ការពិត​ដែល​និយាយថា រដ្ឋាភិបាល​បាន​ឆ្លើយតប​តាម​ការទាមទារ​នោះ ប៉ុន្តែ​អាជ្ញាធរ​គ្រាន់តែ​មិន​ធ្វើតាម​ការទាមទារ​ទាំង​អស់​ដោយមាន​មូលហេតុ​ត្រឹមត្រូវ​។ ជុំវិញ​សំណើ​ច្បាប់​ធ្វើ​បត្យាប័ន​វិញ លោកស្រី​ប្រធាន​ប្រតិបត្តិ​ពន្យល់ថា នឹង​ស្លាប់​ទៅវិញ​ដោយ​ឯកឯង ពេល​អាណត្តិ​របស់​សភា​ចប់​នៅ​ឆ្នាំ​២០២០ ដោយ​មិនចាំបាច់​ដកចេញ​ឡើយ​៕ 

Tag:
 ហុងកុង​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com