ជាតិ
ពីថ្ងៃទី០២-០៨ កក្កដា ភ្នំពេញ និងបណ្ដាខេត្តមួយចំនួន អាចមានភ្លៀងធ្លាក់ពីតិចទៅច្រើន
02, Jul 2019 , 10:35 am        
រូបភាព
ដោយ៖ ឆាយ រង្សី

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករថា ចាប់ពីថ្ងៃទី ០២-០៨ ខែកក្កដានេះ តំបន់មាត់សមុទ្រ, តំបន់ខ្ពង់រាប, តំបន់ទំនាបកណ្ដាល, តំបន់ពាយ័ព្យ, ភ្នំពេញ និងបណ្ដាខេត្តមួយចំនួន អាចមានភ្លៀងធ្លាក់ពីតិចទៅច្រើន។ ជាមួយគ្នានេះ ស្ថានភាពទឹកទន្លេមេគង្គ នឹងងើបឡើងបន្តិច។ នេះបើតាមសេចក្ដីជូនដំណឹងស្ដីពីស្ថានភាពអាកាសធាតុ របស់ក្រសួងធនធានទឹក ដែលចេញផ្សាយនៅថ្ងៃទី០២ កក្កដានេះ។

 
បើតាមការព្យាកររបស់ក្រសួងធនធានទឹក កម្ពុជា បានទទួលនូវឥទិ្ធពលប្រព័ន្ធសមា្ពធទាប (ITCZ) អូសបន្លាយលើភាគខាងជើងក្នុងទឹកដីប្រទេសថៃ,ទ្បាវ និងវៀតណាម ដោយភា្ជប់នឹងវិសមា្ពធ (TD) ដែលទើបនិងកើតឡើងនៅកោះហៃណាំ។ ខ្យល់មូសុងនិរតីខាំ្លង និងឥទិ្ធពលហី្វន (Feohn) ដែលមានល្បឿនពី ៧-១០m/s នៅភាគខាងក្រោមប្រទេស ។ ស្ថានភាពអាកាសធាតុបែបនេះ ធ្វើឲ្យទឹកទន្លេមេគង្គ នឹងងើបឡើងបន្តិច ហើយបណ្ដាខេត្តនៅតំបន់ទំនាបកណ្ដាល និងពាយ័ព្យ នឹងអាចមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ។ 
 
ការព្យាករដដែល បញ្ជាក់ថា រាជធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួនរួមមាន កំពង់ស្ពឺ, កណ្ដាល, តាកែវ និងកំពត អាចមានភ្លៀងធ្លាក់ពីតិចទៅមធ្យម ដោយសារឥទ្ធិពលហ្វឹននៅបន្តមាន។ ដោយឡែក ខេត្តនៅតំបន់មាត់សមុទ្រ កោះកុង, ព្រះសីហនុ នឹងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ពីបង្គួរទៅច្រើន ហើយខ្យល់លើផ្ទៃសមុទ្រ នឹងមានរលកកម្រិតខ្លាំង។ ចំណែកឯ តំបន់ខ្ពង់រាបភាគខាងជើងប៉ែកឦសាន និងជាប់វៀតណាមវិញ នឹងភ្លៀងធ្លាក់ពីបង្គួរទៅច្រើន។ 
 
ក្រសួងធនធានទឹក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ប្រុងប្រយ័ត្នខ្ពស់ ជាពិសេសបាតុភូត ផ្គរ, រន្ទះ, ខ្យល់កន្រា្តក់ និងរលកសមុទ្រខាំ្លង ។ នេះបើតាមក្រសួងធនធានទឹក និងឧតុនិយមដដែល៕
 

Tag:
 អាកាសធាតុ
  ភ្លៀង
© រក្សាសិទ្ធិដោយ thmeythmey.com