ភ្នំពេញ៖ អាមេរិក សង្ស័យថា កម្ពុជាអាចអនុញ្ញាតឲ្យចិនសង់មូលដ្ឋានទ័ព នៅសមុទ្ររាម ខេត្តព្រះសីហនុ។ ប៉ុន្តែក្រសួងការពារជាតិកម្ពុជា បដិសេធថា កម្ពុជាគ្មានគម្រោងអនុញ្ញាតឲ្យកងទ័ពចិនឈរជើងនៅកម្ពុជាឡើយ។ នេះបើតាមការចុះផ្សាយរបស់ Nikkei Asian Review។
ឧបការីរងក្រសួងការពារជាតិអាមេរិកទទួលបន្ទុកតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍លោក Joseph Felter បានសរសេរលិខិតមួយផ្ញើទៅរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា សម្ដេច ទៀ បាញ់ ដោយដាក់ការសង្ស័យថា ចិនអាចសង់មូលដ្ឋានទ័ពនៅកម្ពុជា ។ ក្នុងលិខិតនោះ លោក Felter បានសរសេរពីសកម្មភាពរបស់ក្រសួងការពារជាតិកម្ពុជាថា អាចមានគម្រោងធំៗ ដែលបើកផ្លូវឲ្យចិន មានវត្តមាននៅមូលដ្ឋានទ័ពជើងទឹកសមុទ្ររាម តាមរយៈសេនារីយ៉ូ ដែលជាប់ទាក់ទងនឹងសន្តិសុខសំខាន់ៗ សម្រាប់តំបន់ដែលចិនកំពុងព្យាយាមពង្រឹងឥទ្ធិពលខ្លួន។
ការសង្ស័យរបស់អាមេរិកនេះ ធ្វើឡើងក្រោយពីកម្ពុជា បានស្នើសុំឲ្យអាមេរិកជួយស្ថាបនាឡើងវិញ នូវអគារទ័ពកម្ពុជា ដែលមានមូលដ្ឋាននៅខេត្តព្រះសីហនុ កាលពីអំឡុងខែមករា ដើមឆ្នាំ២០១៩ នៅគ្រាដែលលោក Felter បានធ្វើដំណើរទស្សនកិច្ចនៅទីនោះ។
ប៉ុន្តែក្រោយពីកញ្ចប់ថវិការបស់អាមេរិក សម្រាប់ជួយស្ថាបនាអគារទ័ពកម្ពុជានេះ ត្រូវបានអនុម័តកាលពីខែមេសានោះ ស្រាប់តែកម្ពុជាបដិសេធសុំមិនទទួលយកជំនួយរបស់អាមេរិកវិញ កាលពីខែមិថុនាកន្លងមក។ នេះជាការបញ្ជាក់របស់លោក Felter ដែលសង្ស័យថា ការមិនព្រមឲ្យអាមេរិកជួយស្ថាបនាអគារទ័ពនេះ វាអាចជាប់ពាក់ព័ន្ធនឹងចិន។
សារព័ត៌មាន Nikkei Asian Review របស់ជប៉ុន ដែលបានស្រង់សម្តីរបស់ឧបការីរងក្រសួងការពារជាតិអាមេរិក ដែលបានសរសេរលិខិតស្នើសុំឲ្យរដ្ឋមន្ត្រីការពារជាតិកម្ពុជា បកស្រាយលើបញ្ហានេះ បានចុះផ្សាយដូច្នេះថា៖«លិខិតរបស់កម្ពុជា ចុះថ្ងៃទី៦ មិថុនា ឆ្នាំ២០១៩ ដែលត្រូវបានឃើញទូទាំងរដ្ឋាភិបាលអាមេរិកនេះ វាហាក់ធ្វើឲ្យមានការសង្ស័យខ្លាំងឡើង ចំពោះគោលការណ៍ផ្លាស់ប្ដូរចិត្តភ្លាមៗរបស់កម្ពុជា ដែលវាអាចជាសញ្ញានៃគម្រោងធំៗនៅមូលដ្ឋានកងទ័ពជើងទឹកសមុទ្ររាម ដែលវាអាចជាផ្នែកមួយ ពាក់ព័ន្ធនឹងទីតាំងកាន់កាប់ដោយកងទ័ពចិន»។
បន្ថែមពីនេះស្ថានទូតអាមេរិកប្រចាំកម្ពុជា បានសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍ថ្មីៗនេះ បានធ្វើឲ្យមានការកាត់ស្មាន អំពីផែនការទៅពេលអនាគតរបស់ប្រទេសកម្ពុជា សម្រាប់មូលដ្ឋានជើងទឹករាម ដោយរួមមានលទ្ធភាព នៃការអនុញ្ញាតឲ្យមានទីតាំងយោធារបស់ប្រទេសចិន។
អ្នកនាំពាក្យស្ថានទូតអាមេរិក លោក Emily Zeeberg បានលើកឡើងដូច្នេះថា៖«ដោយសារប្រទេសចិនមានឥទ្ធិពលសេដ្ឋកិច្ច និងនយោបាយច្រើននៅកម្ពុជា រឿងនេះពិតជាគួរឲ្យមានកង្វល់។ រាល់ជំហានដែលធ្វើឲ្យខ្សោយដល់ឯករាជ្យភាពរបស់ប្រទេសកម្ពុជា ឬបើកទ្វារចំហសម្រាប់វត្តមាន នៃយោធាបរទេស នៅកម្ពុជា គឺជាកង្វល់មួយយ៉ាងធំ សម្រាប់សហរដ្ឋអាមេរិក ហើយអាចគំរាមកំហែងដល់ភាពទុកចិត្ត និងឥទ្ធិពលស្នូលរបស់សមាគមអាស៊ាន»។
ជាមួយគ្នានេះអាមេរិក អំពាវនាវមេដឹកនាំកម្ពុជា រក្សាការប្តេជ្ញាចិត្តតាមរដ្ឋធម្មនុញ្ញរបស់ខ្លួន ក្នុងការប្រកាន់យកនយោបាយការបរទេសឯករាជ្យ ហើយការរពារយ៉ាងសកម្មនូវឯករាជ្យភាពរបស់ប្រទេសកម្ពុជា សម្រាប់មនុស្សជំនាន់ក្រោយ។
ប៉ុន្តែការលើកឡើងរបស់អាមេរិកនេះ ត្រូវបានរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បដិសេធថា គ្មានវត្តមានកងទ័ពចិននៅកម្ពុជាឡើយ។ សម្ដេច ទៀ បាញ់ អះអាងបន្ថែមថា កម្ពុជាគ្មានគម្រោងអនុញ្ញាតឲ្យចិន សាងសងមូលដ្ឋាននៅកម្ពុជានោះទេ។
«មូលដ្ឋានដែលត្រូវបានសាងសងនោះ គឺសម្រាប់កងទ័ពកម្ពុជាបំពេញការងារ ហើយក៏គ្មានវត្តមានកងទ័ពចិនកាន់កាប់នៅក្នុងមូលដ្ឋាននោះដែរ»។ នេះបើតាមសារព័ត៌មាន Nikkei Asian Review របស់ជប៉ុន ដែលបានស្រង់សម្ដីសម្ដេច ទៀ បាញ់។
សារព័ត៌មានថ្មីៗ មិនទាន់អាចទាក់ទងមន្ត្រីក្រសួងការពារជាតិ ដើម្បីសុំការអត្ថាធិប្បាយបន្ថែមជុំវិញបញ្ហាខាងលើនេះឡើយ។
កាលពីចុងឆ្នាំ២០១៨កន្លងមក អាមេរិក ក៏ធ្លាប់សង្ស័យថា កម្ពុជា បើកផ្លូវឲ្យចិនសាងសង់មូលដ្ឋានទ័ពជើងទឹក នៅខេត្តកោះកុងផងដែរ។ ដោយកាលណោះលោក ម៉ៃ ផេន (Mike Pence) អនុប្រធានាធិបតីអាមេរិក ក៏បានផ្ញើលិខិតមួយជូនមកសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីបង្ហាញក្តីកង្វល់ជុំវិញបញ្ហានេះ។ ឆ្លើយតបក្តីព្រួយបារម្ភនេះ សម្ដេច ហ៊ុន សែន ក៏បានប្រកាសជាសាធារណៈ រួមទាំងសរសេរលិខិតតបទៅលោក ម៉ៃ ផេន វិញថា រដ្ឋធម្មនុញ្ញកម្ពុជា ពុំអនុញ្ញាតឲ្យកងទ័ពបរទេស មិនថាជើងគោគ ជើងទឹក ឬជើងអាកាស មកតាំងមូលដ្ឋានលើទឹកដីកម្ពុជាឡើយ។
បន្ថែមពីនេះប្រមុខរដ្ឋាភិបាល បានអះអាងទៀតថា កម្ពុជា មានកម្លាំងគ្រប់គ្រាន់ដើម្បីការពារខ្លួន ដូច្នេះមិនចាំបាច់ត្រូវសុំអន្តរាគមន៍ពីកងទ័ពបរទេសនោះទេ៕