អន្តរជាតិ
លោក​ត្រាំ ថា អុីរ៉ង់ កំពុង​លេង​ជាមួយ​ភ្លើង ក្រោយ​ចម្រាញ់​អ៊ុយ​រ៉ា​ញ៉ូ​ម​លើស​កម្រិត​កំណត់​
02, Jul 2019 , 2:06 pm        
រូបភាព
លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ​ (ប្រភពរូប៖ AFP) និងមេដឹកនាំកំពូលអ៊ីរ៉ង់ Hassan Rouhani
លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ​ (ប្រភពរូប៖ AFP) និងមេដឹកនាំកំពូលអ៊ីរ៉ង់ Hassan Rouhani
ដោយ:
​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ បាន​ព្រមាន​នៅ​ថ្ងៃទី​១ កក្កដា ថា អ៊ីរ៉ង់​កំ​ពុល​លេង​ជាមួយ​ភ្លើង ក្រោយ​ក្រុង តេ​ហេ​រ៉ង់ ប្រកាសថា ខ្លួន បាន​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូ​ម​លើស​កម្រិត​កំណត់ ដែល​មានចែង​ក្នុង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​។ ក្រុង​វ៉ាស៊ីនតោន បាន​បោះបង់​កិច្ចព្រមព្រៀង​នេះ កាលពី​ឆ្នាំ​២០១៨​កន្លងទៅ​។​

 
​សារព័ត៌មាន​រដ្ឋ​អ៊ីរ៉ង់ បាន​ដកស្រង់​សំដី​របស់​រដ្ឋមន្ត្រីការបរទេស Mohammad Javad Zarif ​ដោយ​បញ្ជា​ក់នៅ​ថ្ងៃ​ចន្ទ​ទី​០១ ខែកក្កដា ថា បរិមាណ​កំណត់​លើ​ការផ្គត់ផ្គង់​នៃ​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូ​ម ចម្រាញ់​ត្រឹម​ចំនួន ៣,៦៧​ភាគរយ ឬ​ស្មើនឹង ៣០០​គីឡូក្រាម ដែលជា​កម្រិត​តម្រូវ​សម្រាប់​ថាមពលនុយក្លេអ៊ែរ​ស៊ីវិល ត្រូវបាន​ល្មើស​។ 
 
«​ជំហាន​បន្ទាប់​របស់​យើង នឹង​ចាប់ផ្តើម​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូ​ម​ឲ្យ​លើសពី ៣,៦៧​ភាគរយ ដែល​អនុញ្ញាត​ក្រោម​កិច្ចព្រមព្រៀង​»​។ លោក Zarif បកស្រាយ​បែបនេះ ដោយ​បន្ថែមថា សហភាព​អឺរ៉ុប​បាន​បរាជ័យ​ក្នុងការ​បំពេញ​តាម​ការសន្យា​របស់​ពួកគេ ពាក់ព័ន្ធ​នឹង​កិច្ចការពារ​ផលប្រយោជន៍​របស់​អ៊ីរ៉ង់​ក្រោម​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​នេះ​។​
 
​យ៉ាងណាមិញ លោក​រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់ Zarif ក៏បាន​សង្កត់ធ្ងន់ថា វិធានការ​របស់​ក្រុង តេ​ហេ​រ៉ង់ អាច​ត្រូវ​ដកហូត​វិញ ប្រសិនបើ​សហភាព​អឺរ៉ុប ចាប់ផ្តើម​គោរព​តាម​ការតាំង​ចិត្ត​របស់​ពួកគេ​ចំ​ពេ​ាះ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ដែល​ស្គាល់​ជា​ផ្លូវការ​ថា JCPA ។​
 
​តាម​ប្រភពព័ត៌មាន​ដដែល អ្នកនាំពាក្យ​ក្រសួងការបរទេស​អ៊ីរ៉ង់ បញ្ជាក់​ឲ្យ​ដឹងថា ការ​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូ​ម​លើស​បរិមាណ​កំណត់ ៣,៦៧​ភាគរយ នឹង​ចាប់ផ្តើម​ក្នុង​រយៈ​១០​ថ្ងៃ ប្រ​សិ​បើ​មហាអំណាច​អឺរ៉ុប ពុំ​ចាត់​ចំណាត់ការ​ចាំបាច់​ណាមួយ ដើម្បី​អនុវត្ត​យន្តការ​ថ្មី​របស់​ពួកគេ​សម្រាប់​សម្របសម្រួល​ពាណិជ្ជកម្ម និង​ការពារ​សេដ្ឋកិច្ច​អ៊ីរ៉ង់​ពី​ឥទ្ធិពល​នៃ​ទណ្ឌកម្ម​អាមេរិក​ទេនោះ​។​
 
​ទាក់ទិន​នឹង​បញ្ហា​នេះ លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅ​សេត​វិមាន​អាមេរិក​ថា​៖«​ពួកគេ ដឹង​អ្វីដែល​ពួកគេ​កំពុង​ធ្វើ​។ ពួកគេ​ដឹង​អ្វីដែល​ពួកគេ​កំពុង​លេង​ជាមួយ ហើយ​ខ្ញុំ​គិតថា ពួកគេ​កំពុង​លេង​ជាមួយ​ភ្លើង​»​។ 
 
​ក្រៅពី​សហរដ្ឋអាមេរិក អ៊ីស្រាអែល បាន​ទទូច​ឲ្យ​រដ្ឋ​ជា​សមាជិក​នៃ​សហភាព​អឺរ៉ុប​ដាក់ទណ្ឌកម្ម​លើ​អ៊ីរ៉ង់ ខណៈ​រុស្ស៊ី បានបង្ហាញ​ការ​សោក​ស្តោ​យ ប៉ុន្តែ​និយាយថា ទង្វើ​នេះ កើតឡើង​ដោយសារតែ​សម្ពាធ​របស់​សហរដ្ឋអាមេរិក​ដែល​បាន​ជំរុញ​ឲ្យ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​នេះ ឆ្ពោះទៅរក​ការបាត់បង់​។​
 
​ដោយឡែក ចក្រភព​អង់គ្លេស បានស្នើ​ឲ្យ​អ៊ីរ៉ង់​បញ្ចៀស​ការដើរ​ចេញ​ឆ្ងាយ​ពី​កិច្ចព្រមព្រៀង​ដ៏​មាន​សារៈសំខាន់​មួយ​នេះ ហើយ​អង្គការសហប្រជាជាតិ បានទាមទារ​ឲ្យ​ក្រុង​តេ​ហេ​រ៉ង់​ប្រកាន់ខ្ជាប់​ទៅនឹង​ការតាំង​ចិត្ត​ដ៏​មុតមាំ​របស់ខ្លួន​ក្រោម​កិច្ចព្រមព្រៀង​នេះ​។ 
 
​សូមបញ្ជាក់ថា សហរដ្ឋអាមេរិក បាន​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​អ៊ីរ៉ង់ កាលពី​ឆ្នាំមុន ព្រមទាំង​ដាក់ទណ្ឌកម្ម​ធ្ងន់ៗ​លើ​ការនាំចេញ​ប្រេង​ដ៏​សំខាន់ និង​ការជួញដូរ​រូបិយវត្ថុ​របស់​អ៊ីរ៉ង់ ក៏ដូចជា​វិស័យ​ចម្បង​ផ្សេងៗ​ទៀត ។ 
 
​រដ្ឋាភិបាល​ក្រុង តេ​ហេ​រ៉ង់ ដែល​ព្យាយាម​ដាក់​សម្ពាធ​លើ​ភាគី​សេសសល់​ក្នុង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ បានប្រកាស​កាលពី​ថ្ងៃទី ៨ ខែឧសភា ថា ខ្លួន នឹង​លែង​គោរព​តាម​បរិមាណ​កំណត់​លើ​ការ​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូ​ម​ខ្លួន ដែល​មានចែង​ក្នុង​កិច្ចព្រមព្រៀង​។ លើសពីនេះ អ៊ីរ៉ង់ ក៏បាន​គំរាម​បោះបង់​ការតាំង​ចិត្ត​ក្នុង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ប្រសិនបើ​ភាគី​ហត្ថលេខី​ផ្សេងទៀត រួមមាន ចក្រភព​អង់គ្លេស ចិន បារាំង អាល្លឺម៉ង់ និង​រុស្ស៊ី ជួយ​ខ្លួន​លើ​បញ្ហា​ទណ្ឌកម្ម​អាមេរិក ជាពិសេស ការលក់​ប្រេង​៕

Tag:
 សហរដ្ឋអាមេរិក​
  អ៊ីរ៉ង់​
  អ៊ុយ​រ៉ា​ញ៉ូ​ម
© រក្សាសិទ្ធិដោយ thmeythmey.com