កីឡាជាតិ
ជាតិ
ប៉ូលិស​នាំ​កីឡាករ​ជប៉ុន Tomohiro Masaki មក​ពង្រឹង​តំបន់​ការពារ ខណៈ Booysen Shane ចាកចេញ​
02, Jul 2019 , 2:33 pm        
រូបភាព
កីឡាករ Booysen Shane (ឆ្វេង) និងកីឡាករ Masaki
កីឡាករ Booysen Shane (ឆ្វេង) និងកីឡាករ Masaki
ដោយ:
​ក្លិប​បាល់ទាត់​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​(​ប៉ូលិស​)​បាន​នាំចូល​កីឡាករ​ជប៉ុន Tomohiro Masaki អតីត​កីឡាករ​របស់​អាស៊ី​អឺរ៉ុប ដើម្បី​ពង្រឹង​តំបន់​ការពារ សម្រាប់​ជើង​ទី​២​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ ដែល​ចាប់ផ្តើម​ប្រកួត​នៅ​ចុង​សប្តាហ៍​នេះ​។ ខ្សែប្រយុទ្ធ​អាហ្វ្រិក​ខាងត្បូង Booysen Shane នឹង​ចាក​ចេញពី​ក្រុម​នេះ ក្រោយ​រួមរស់​បាន​ពាក់កណ្តាល​រដូវ​កាល​។

 
​ខ្សែការពារ​ជប៉ុន Tomohiro Masaki ដែល​ទ័ព​ទើប​នាំចូល ជា​អតីត​កីឡាករ​អាស៊ី​អឺរ៉ុប ដែល​បាន​ចែកគ្នា​ក្រោយ​ចប់​ការប្រកួត​ជើង​ទី​១​រដូវ​កាល​ឆ្នាំ​២០១៩​កាលពីពេល​ថ្មីៗ​។  កីឡាករ​រូបនេះ បាន​ចំណាយពេល​ជិត​៣​ឆ្នាំ​រួមរស់​ជាមួយ​អាស៊ី​អឺរ៉ុប ក្រោយ​ផ្ទេរ​ពី​ក្លិប​អង្គ​រថា​យ​ហ្គឺ​រ​នៅ​ឆ្នាំ​២០១៧​។​
 
Masaki បានមក​កាន់​ទឹកដី​កម្ពុជា​នៅ​ឆ្នាំ​២០១៤ ដោយ​ចូលរួម​ជាមួយ​ក្លិប​ត្រាយ​អាស៊ី (​អង្គ​រថា​យ​ហ្គឺ​រ​បច្ចុប្បន្ន​) តែ​ក្រោយ​រួមរស់​បាន​៣​រដូវ​កាល​ជាមួយ​ក្លិប​មាន​ថ្នាក់ដឹកនាំ​ជា​ជនជាតិ​ជប៉ុន​មួយ​នេះ រូបគេ បានសម្រេច​ចិត្ត​ចាក​ចេញទៅ​ចូលរួម​ជា​អាស៊ី​អឺរ៉ុប​។ ប៉ុន្តែ​ក្រោយ​រួមរស់​បាន​ជាង​២​រដូវ​កាល ខ្សែការពារ​រូបនេះ ក៏បាន​ចាក​ចេញទៅ​ចូលរួម​ជាមួយ​ប៉ូលិស​នៅ​ពាក់កណ្តាល​រដូវ​កាល​នេះ​តែម្តង​។ 
 
​ទន្ទឹមនឹង​វត្តមាន​របស់​ខ្សែការពារ​ជនជាតិ​ជប៉ុន​ខាងលើ ខ្សែប្រយុទ្ធ​អាហ្វ្រិក​ខាងត្បូង Booysen Shane បាន​សរសេរ​សារ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន​ថា រូបគេ​នឹង​ចាក​ចេញពី​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ក្នុងពេល​ឆាប់ៗ​នេះ​។ ប៉ុន្តែ​ខ្សែប្រយុទ្ធ​វ័យ​៣០​ឆ្នាំ​រូបនេះ មិនបាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការចាកចេញ និង​ក្លិប​ថ្មី​ដែល​ត្រូវ​ចូលរួម​ក្នុង​ជើង​ទី​២​ឡើយ​។​
 
​ពាក់ព័ន្ធ​ព័ត៌មាន​ការចាកចេញរ​បស់​កីឡាករ​រូបនេះ យើង​មិនទាន់​ឃើញ​ក្លិប​ឈរ​លេខ​រៀង​ទី​១០​បណ្តោះអាសន្ន​មួយ​នេះ បញ្ជាក់​ជា​ផ្លូវការ​នៅឡើយ​ទេ​។ សម្រាប់​១៣​ប្រកួត​កន្លងមក ប៉ូលិស​ទទួលបាន​ជ័យជម្នះ​៤​លើក ស្មើ​១ និង​ចាញ់​៨ ដោយ​ពួកគេ​បាន​របូត​គ្រាប់​បាល់​៣៤​គ្រាប់ ហើយ​ទាត់​ចូល​គេ​បាន​៣៣​គ្រាប់​៕ 

Tag:
 ​ប៉ូលិស​
  Cambodian League 2019
  Booysen Shane
  Tomohiro Masaki
© រក្សាសិទ្ធិដោយ thmeythmey.com