ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
លើកទីមួយ! សភាឯកបក្ស ហៅរដ្ឋមន្ត្រីទៅដេញដោលផ្ទាល់មាត់ លោក អង្គ វង្ស វឌ្ឍនា រដ្ឋមន្ត្រីយុត្តិធម៌
× រដ្ឋសភា នឹងបន្តបើកកិច្ចប្រជុំពេញអង្គ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ ដោយក្នុងនោះ មានរបៀបវារៈដ៏កម្រមួយ គឺការឆ្លើយផ្ទាល់មាត់របស់រដ្ឋមន្ត្រី ទៅនឹងសំណួររបស់តំណាងរាស្ត្រ។
លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភា ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា រដ្ឋមន្ត្រី ដែលតំណាងរាស្ត្រ ដាក់សំណួរជូន ហើយនិងត្រូវអញ្ជើញទៅឆ្លើយផ្ទាល់មាត់ក្នុងកិច្ចប្រជុំពេញអង្គនោះ គឺរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្ស វឌ្ឍនា។ លោក ពុំទាន់ដឹងទេថា តំណាងរាស្ត្រប៉ុន្មាននាក់ដែលដាក់លិខិតអញ្ជើញលោករដ្ឋមន្ត្រី ហើយលោក ក៏មិនទាន់បានដឹងពីសំណួរដែរ។ លោក មានប្រសាសន៍ថា «ខ្ញុំ មិនទាន់បានឃើញសំណួរទេ តែប្រហែលជាពាក់ព័ន្ធនឹងប្រព័ន្ធយុត្តិធម៌ហ្នឹងឯង»។
ចំណែក លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ អះអាងថា លោក មិនទាន់ក្តោបព័ត៌មាននេះបានពេញលេញនោះទេ ដូច្នេះ លោក មិនទាន់ឆ្លើយបានឡើយថា មានសំណួរអ្វីខ្លះ ដែលរដ្ឋសភា ដាក់ជូនលោករដ្ឋមន្ត្រី។ លោក គ្រាន់តែសន្និដ្ឋានថា ជាទូទៅ គឺទាក់ទងនឹងការកែទម្រង់ប្រព័ន្ធយុត្តិធម៌ និង ដំណើរការនៃសំណុំរឿងនៅតុលាការ ជាដើម។
លោក ឡេង ប៉េងឡុង បន្តថា កន្លងមក រដ្ឋសភា ក៏ធ្លាប់អនុវត្តដែរ ចំពោះការហៅរដ្ឋមន្ត្រីទៅសួរផ្ទាល់មាត់ក្នុងកិច្ចប្រជុំពេញអង្គ ប៉ុន្តែ ត្រូវបានខកខាន ក្រោយអវត្តមានគណបក្សប្រឆាំង។ បើតាមអ្នកនាំពាក្យដដែល នេះ ជាលើកទីមួយហើយ ដែលរដ្ឋសភា ហៅរដ្ឋមន្ត្រីឲ្យទៅឆ្លើយផ្ទាល់មាត់ ចាប់តាំងពីរដ្ឋសភា ចាប់ផ្តើមការងាររបស់ខ្លួន ក្នុងនីតិកាល៦នេះ។
យ៉ាងណា គេ ឃើញគណៈកម្មការជំនាញនានានៃរដ្ឋសភា បានហៅរដ្ឋមន្ត្រីឬតំណាងរដ្ឋាភិបាល ទៅសួរពាក់ព័ន្ធនឹងវិស័យផ្សេងៗ។
មាត្រា៩៦នៃរដ្ឋធម្មនុញ្ញ ចែងថា តំណាងរាស្ត្រមានសិទ្ធិដាក់សំណួរដល់រាជរដ្ឋាភិបាល ហើយចម្លើយអាចធ្វើឡើងដោយរដ្ឋមន្ត្រីមួយរូប ឬច្រើនរូប អាស្រ័យដោយបញ្ហាដែលបានចោទឡើង។ បើបញ្ហាពាក់ព័ន្ធដល់នយោបាយទូទៅរបស់រាជរដ្ឋាភិបាល នាយករដ្ឋមន្ត្រី ត្រូវឆ្លើយផ្ទាល់ខ្លួន។ មាត្រានេះ អនុញ្ញាតឲ្យរដ្ឋមន្ត្រី ឬនាយករដ្ឋមន្ត្រី ឆ្លើយផ្ទាល់មាត់ក៏បាន ឆ្លើយជាលាយលក្ខណ៍អក្សរក៏បាន។
ក្នុងនីតិកាលទី៦នេះ កិច្ចប្រជុំនីមួយៗរបស់រដ្ឋសភា មិនសូវមានការសួរដេញដោលគ្នាឬមានភាពផុសផុលក្នុងការតតាំងគ្នាឡើយ។ រាល់កិច្ចប្រជុំម្តងៗ តែងប្រព្រឹត្តទៅដោយរលូន ហើយការពិភាក្សាគ្នាពីច្បាប់ផ្សេងៗ តែងឈានទៅដល់ការអនុវត្តម័តដោយងាយស្រួល ដោយមិនមានការជំទាស់ ដូចជាកាលនៅមានគណបក្សប្រឆាំងនោះទេ។
រដ្ឋសភាក្នុងនីតិកាលទី៦នេះ រងការរិះគន់ពីមជ្ឈដ្ឋានជាតិ-អន្តរជាតិមួយចំនួនថា ជារដ្ឋសភាឯកបក្ស ដ្បិតមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលគ្រប់គ្រងអាសនៈក្នុងរដ្ឋសភា។ ប៉ុន្តែ កន្លងមក ភាគីរដ្ឋាភិបាល ក៏ដូចជាគណបក្សកាន់អំណាច ធ្លាប់បកស្រាយថា ទោះរដ្ឋសភាមានគណបក្សតែមួយ ក៏កម្ពុជា នៅតែជាប្រជាធិបតេយ្យសេរីពហុបក្សដែរ ព្រោះកម្ពុជា មានគណបក្សច្រើន ដែលគ្រាន់តែគណបក្សទាំងនោះ គ្មានអាសនៈក្នុងរដ្ឋសភាប៉ុណ្ណោះ៕
Tag:
សភា
ក្រសួងយុត្តិធម៌
អង្គ វង្ស វឌ្ឍនា
ឡេង ប៉េងឡុង
© រក្សាសិទ្ធិដោយ thmeythmey.com