ជាតិ
សង្គមជាតិ
កូរ៉េ ចង់បង្កើតមជ្ឈមណ្ឌលបង្រៀនកែសម្ផស្សនៅកម្ពុជា តាមបែបស្តង់ដាររបស់ខ្លួន លោក Lee Sung Yeob តំណាងសមាគមអន្តរជាតិអប់រំក្នុងវិស័យសម្ផស្សសាធារណកូរ៉េ ជាមួយលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ទុះបណ្តាលជីវៈ នៅទីស្តីការក្រសួង នាថ្ងៃទី១កក្កដា ឆ្នាំ២០១៩
× ភ្នំពេញ៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ចុះផ្សាយនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២0១៩ ថា កូរ៉េខាងត្បូង ចង់បង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញកែសម្ផស្សនៅកម្ពុជា ក្រោយឃើញសក្ដានុពលលើវិស័យនេះ កំពុងមានតម្រូវការច្រើន។ លោក Lee Sung Yeob តំណាងសមាគមអន្តរជាតិអប់រំក្នុងវិស័យសម្ផស្សនៃប្រទេសកូរ៉េខាងត្បូង បាននិយាយថា មជ្ឈមណ្ឌលកែសម្ផស្សនេះ គឺធ្វើឡើងស្របតាមស្តង់ដារប្រទេសខ្លួន ដើម្បីផ្ដល់ការអប់រំជំនាញកែសម្ផស្សប្រកបដោយគុណភាព ប្រសិទ្ធភាព ពិសេសមានសុវត្ថិភាពខ្ពស់ដល់អតិថិជននៅកម្ពុជា និងក្នុងតំបន់ផងដែរ។
បើតាម AKP លោក Lee Sung Yeob បានអះអាង ក្នុងជំនួបជាមួយលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងកាងារ ថា សមាគមរបស់លោក កំពុងដំណើរការប្រកបដោយភាពជោគជ័យលើវិស័យកែសម្ផស្សនេះ នៅជុំវិញពិភពលោក ដោយក្នុងនោះ បណ្ដាប្រទេសដែលជាសមាជិកក្នុងសមាគមមានដូចជា កូរ៉េខាងត្បូង ជប៉ុន ហុងកុង អូស្ត្រាលី នូវែលសេឡង់ កាណាដា និង អាមេរិក ជាដើម។
ប្រភពរូបបានពីទំព័រហ្វេសប៊ុក ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
លោក អ៊ិត សំហេង បានបង្ហាញការស្វាគមន៍ និងគាំទ្រគម្រោង នៃការបង្កើតមជ្ឈមណ្ឌលនេះ ដោយធានាពីការផ្ដល់អាជ្ញាបណ្ណមួយជូនមជ្ឈមណ្ឌល ដើម្បីប្រតិបត្តិការការងារដោយស្របច្បាប់នៅកម្ពុជា។ លោក បន្តថា ការបើកដំណើរការមជ្ឈមណ្ឌលស្ដង់ដារជាតិផ្នែកវិទ្យាសាស្ត្រសម្ផស្សនៅកម្ពុជានេះ នឹងទទួលបានការចាប់អារម្មណ៍ ព្រមទាំងឆ្លើយតបនឹងតម្រូវការទីផ្សារសេវាកម្មកែសម្ផស្សនាពេលបច្ចុប្បន្ន ខណៈសេដ្ឋកិច្ចកម្ពុជា នៅតែមានភាពរីកចម្រើន កំណើនជីវភាពរបស់ប្រជាពលរដ្ឋកាន់តែធូរធា។
លោក អ៊ិត សំហេង បញ្ជាក់ដូច្នេះថា៖«ប្រសិនបើគម្រោងវិនិយោគលើវិស័យកែសម្ផស្សនេះអាចដំណើរការទៅបានពិតមែន កម្ពុជានិងកូរ៉េ នឹងសម្រេចបានកិច្ចសហប្រតិបត្តិការថ្មីមួយទៀត ដែលរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ»៕
© រក្សាសិទ្ធិដោយ thmeythmey.com