កីឡាអន្តរជាតិ
អន្តរជាតិ
Chelsea ទិញបាន Kovacic ពី Real ទោះជាប់បម្រាម FIFA និងកំពុងចរចាយក Lampard ជំនួស Sarri
× Chelsea ទិញយកខ្សែបម្រើ Mateo Kovacic ពី Real Madrid ដាច់តែម្តង ក្នុងតម្លៃ ៤០ លានផោន (៥០លានដុល្លារអាមេរិក) បើទោះក្លិបស្ថិតក្រោមការពិន័យមិនឲ្យទិញកីឡាករចូលពីសំណាក់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ក៏ដោយ។ ក្លិបតោខៀវ ក៏កំពុងចរចាជាមួយលោក Frank Lampard ដើម្បីមកជំនួសតំណែងលោក Maurizio Sarri ដែលផ្លាស់ទៅ Juventus ផងដែរ។
Kovacic ខ្សែបម្រើសញ្ជាតិក្រូអាស៊ី ដែលលេងក្នុងនាមកីឡាករខ្ចីជើងពី Real បានជួយ Chelsea ឈ្នះពានរង្វាន់ Europa League នៅរដូវកាលមុន និងបានកៅអីលេង Champions League រដូវកាលថ្មីខាងមុខ។ ដោយសារបំពេញតួនាទីនៅតំបន់កណ្តាលបានល្អ តោខៀវក៏សម្រេចទិញយករូបគេដោយចុះកិច្ចសន្យារយៈពេល៥ឆ្នាំ។
មូលហេតុដែល Chelsea អាចទិញខ្សែបម្រើវ័យ២៥ឆ្នាំនេះបានទាំងជាប់បម្រាមរបស់ FIFA ដែលពិន័យមិនឲ្យទិញកីឡាករថ្មីចូលដល់ឆ្នាំ២០២០នោះ ក៏ដោយសារតែក្លិបមានមូលដ្ឋានក្នុងក្រុងឡុងដ៏ បានចុះឈ្មោះ Kovacic ក្នុងបញ្ជីរបស់ពួកគេរួចស្រេចកាលខ្ចីពី Real Madrid ពោលគឺមុនពេលការដាក់ពិន័យម្លេះ។
ស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់ពិភពលោក FIFA បានចោទប្រកាន់ Chelsea ជុំវិញការទិញចូលកីឡាករយុវជនក្រោមអាយុ១៨ឆ្នាំលើសចំនួនកំណត់។ ក្លិបក៏កំពុងប្តឹងឧទ្ធរណ៍ប្រឆាំងនឹងតុលាការអាជ្ញាកណ្តាល (CAS) ដែលពិន័យខ្លួនដូច្នេះដែរ។
Kovacic បានបង្ហាញខ្លួន៣២ប្រកួតនៅ Premier League ដូវកាលមុនខណៈដែល Chelsea ស្ថិតក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅ Maurizio Sarri។ ក្រោយដឹកនាំបានមួយឆ្នាំ គ្រូសញ្ជាតិអ៊ីតាលីរូបនេះបានសម្រេចចាកចេញទាំងនៅសល់កិច្ចសន្យា២ឆ្នាំ ដើម្បីទៅចូលរួមជាមួយសេះបង្កង់ Juventus វិញ។
សម្រាប់តំណែងអ្នកចាត់ការដែលនៅទំនេរ Chelsea រំពឹងថា នឹងនាំយកអតីតកីឡាករឆ្នើមរបស់ខ្លួន លោក Frank Lampard ដែលបច្ចុប្បន្នជាអ្នកចាត់ការ Derby County នៃលីគលំដាប់ទី២អង់គ្លេស Championship មកស្នងតំណែងលោក Sarri ឆាប់ៗនេះ។
បើតាមការផ្សាយរបស់ BBC នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ Lampard វ័យ៤១ឆ្នាំ សុខចិត្តអវត្តមានអំឡុងពេលហ្វឹកហាត់របស់ Derby ដើម្បីធ្វើដំណើរទៅចរចាជាមួយ Chelsea អំពីតំណែងអ្នកចាត់ការទូទៅនេះ៕
Tag:
Mateo Kovacic
Frank Lampard
Chelsea
© រក្សាសិទ្ធិដោយ thmeythmey.com