អន្តរជាតិ
សិង្ហ​បុរី​៖​ទឹកស្អាត​ជាង​១,៦​លាន​លីត្រ បាត់បង់ ក្រោយ​បំពង់​បង្ហូរទឹក​ក្រោម​ដី​ត្រូវ​បំផ្លាញ​
02, Jul 2019 , 7:39 pm        
រូបភាព
ដោយ:
​ក្រុមហ៊ុន​សំណង់​ចំនួន​ពីរ ទទួលរង​ពិន័យ​សម្រាប់​ការបំផ្លិចបំផ្លាញ​បំពង់​បង្ហូរទឹក​ស្អាត​ក្រោម​ដី​របស់​សិង្ហ​បុរី (PUB) ដែល​បង្ក​ឲ្យ​បាត់បង់​ទឹកស្អាត​សម្រាប់​ផឹក​ច្រើនជាង ១,៦​លាន​លីត្រ​។ បរិមាណ​ទឹក​ដែល​បាង់​បង់​នេះ ស្មើនឹង ២​ភាគ​៣ នៃ​អាង​ហែល​ទឹក​របស់​អូឡាំពិក​។

 
​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​អង្គារ ទី​២ កក្កដា ភ្នាក់ងារ​ទឹកស្អាត​សិង្ហ​បុរី បញ្ជាក់​ឲ្យ​ដឹងថា ក្រុមហ៊ុន​សំណង់​ចំនួន​ពីរ រួមមាន Ground Instrumentation & Engineering 
​និង Sato Kogyo (S) ទទួលរង​ការផាកពិន័យ​ជា​ទឹកប្រាក់ កាលពី​ខែមិថុនា​កន្លងទៅ​។ ហើយ​ចំនួន​ទឹកប្រាក់​ដែល​ត្រូវ​ពិ​និ័​យ​គឺ​ចាប់ពី ៣៥៣៩៥​ដុល្លារ ដល់ ៣៩៨២០​ដុល្លារ សម្រាប់​ការធ្វើ​ឲ្យ​ខូចខាត​ដល់​បំពង់​បង្ហូរ​ទឹកស្អាត​ក្រោម​ដី​ចំនួន​ពីរ ដាច់ដោយឡែក​ពីគ្នា ខណៈ​កំពុង​អនុវត្ត​ការងារ​សំណង់​។​
 
​តាម​ការចុះផ្សាយ​របស់​ទូរទស្សន៍​សិង្ហ​បុរី Channel News Asia ភ្នាក់ងារ​ដដែល​នេះ លើកឡើង​ទៀតថា នេះ ពុំមែន​ជា​លើកទីមួយ​ឡើយ ដែល​ក្រុមហ៊ុន​ទាំងពីរ​នេះ បាន​បង្កហេតុ​ការណ៍​នេះ ។ ក្រុមហ៊ុន​ទាំងពីរ​នេះ ត្រូវបាន​អាជ្ញាធរ​សិង្ហ​បុរី​កាត់ទោស​ពីរដង​មកហើយ​។​
 
​ក្រុមហ៊ុន​សំណង់ Sato Kogyo ទទួលរង​ការផាកពិន័យ​សម្រាប់​ការបំផ្លាញ​បំពង់​បង្ហូរ​ទឹកស្អាត​មួយកន្លែង នៅលើ​ផ្លូវ Upper Thomson Road កាលពី​ថ្ងៃទី ៤ មករា ឆ្នាំ​២០១៧ ។ នៅ​ទីនោះ បំពង់​បង្ហូរទឹក​អង្កត់ផ្ចិត ៣០០​មី​លី​ម៉ែត្រ ត្រូវបាន​បំផ្លិចបំផ្លាញ ខណៈ​ការងារ​សាងសង់​កំពុង​ប្រព្រឹត្តទៅ​សម្រាប់​ស្ថានីយ Upper Thomson និង​ផ្លូវ​រូង​ក្រោម​ដី​សម្រាប់​បណ្តាញ​រថភ្លើង​អគ្គិសនី Thomson-East Coast Line ។ 
 
​ការខូចខាត​នេះ បង្ក​ឲ្យ​រអាក់រអួល​ដល់​ការផ្គត់ផ្គង់​ទឹកស្អាត​ដល់​ប្រជាជន​សិង្ហ​បុរី​ចំនួន​១៣​គ្រួសារ ដែល​រស់នៅ​ក្បែរ​ទីតាំង​នោះ ព្រមទាំង​បង្ក​ឲ្យ​បាត់បង់​ទឺ​ក​ស្អាត​សម្រាប់​ផឹក​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ដែល​ស្មើនឹង ៧២​ម៉ឺន​លីត្រ​។ 
 
​តាម Channel News Asia អាជ្ញាធរ​សិង្ហ​បុរី PUB បញ្ជាក់​ឲ្យ​ដឹងថា ការស៊ើបអង្កេត បង្ហាញថា ក្រុមហ៊ុន Sato Kogyo បាន​បរាជ័យ​ក្នុង​ការផ្តល់​ការគាំទ្រ​ត្រឹមត្រូវ​សម្រាប់​បំពង់​បង្ហូរទឹក ក្រោយពី​ដក​គំរប​ការពារ​លើ​ផ្ទៃដី​ចេញ​។ ក្រុមហ៊ុន​នេះ ពុំបាន​ដំឡើង​រចនាសម្ព័ន្ធ​គាំទ្រ​ចាំបាច់​នានា ដែល​បង្ក​ឲ្យ​បំពង់​បង្ហូរទឹក​នៅ​ទីនោះ​របូត​ចេញពី​បំពង់​រួម​។​
 
​ម្យ៉ាងវិញទៀត ក្រុមហ៊ុន​សំណង់  Sato Kogyo ក៏​ធ្លាប់​ត្រូវបាន​រង​ពិន័យ​ពីមុនមក​ដែរ ពោលគឺ​កាលពី​ខែកក្កដា ឆ្នាំ​២០១៣ ជាមួយនឹង​ប្រាក់​ពិន័យ ២៩៤៩០​ដុល្លារ សម្រាប់​បំផ្លិចបំផ្លាញ​បំពង់​បង្ហូរ​ទឹកស្អាត នៅតាម​ដងផ្លូវ Bedok Reservoir ។ ចំណែក ការចោទប្រកាន់​បំពង់​បង្ហូរ​ទឹកស្អាត​នៅតាម​ដងផ្លូវ Nicoll Highway
​កំពុង​ស្ថិតក្រោម​ការពិចារណា​។ 
 
​ដោយឡែក ក្រុមហ៊ុន​សំណង់ Ground Instrumentation & Engineering ត្រូវបាន​កាត់ទោស​ចំនួន​ពីរ​ករណី និង​ពិន័យ​ជា​ប្រាក់ ក្រោយពី​បង្ក​ការខូចខាត​ដល់​បំពង់​បង្ហូរ​ទឹកស្អាត​មួយកន្លែង ខណៈ​កំពុង​អនុវត្ត​ការងារ​នៅ​តំបន់ Raffles Country Club ។ អំឡុងពេល​ប្រតិបត្តិ ម៉ាស៊ីន​ខួង​ដី​របស់​ក្រុមហ៊ុន​នេះ បាន​បុក​ទម្លាយ​ចំ​បំពង់​បង្ហូរ​ទឹកស្អាត​ដែលមាន​អង្កត់ផ្ចិត ២២០០​មី​លី​ម៉ែត្រ ដែល​បង្ក​ឲ្យ​បាត់បង់​ទឹក​សម្រាប់​ផឹក​ចំនួន ៨៩​ម៉ឺន​លីត្រ ។ 
 
​ក្រុមហ៊ុន​នេះ ទទួលរង​ការផាកពិន័យ​ជា​ទឹកប្រាក់​ចំនួន ៣៨ ៣៣៤​ដុល្លារ​សម្រាប់​ការបំផ្លាញ​បំពង់​បង្ហូរ​ទឹកស្អាត​នេះ និង​១៤៧៤​ដុល្លារ​ទៀត​សម្រាប់​ការអនុវត្ត​ការងារ​ខួង​ដី ដោយ​គ្មាន​លិខិតអនុញ្ញាត​ត្រឹមត្រូវ កាលពី​ថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០១៨​។ កន្លងទៅ ក្រុមហ៊ុន​សំណង​នេះ ក៏​ធ្លាប់​ទទួលរង​ពិន័យ​ពី​អាជ្ញាធរ​សិង្ហ​បុរី​ផងដែរ កាលពី​ខែមិថុនា ឆ្នាំ​២០១៦ ជាមួយនឹង​ទឹកប្រាក់​ពិន័យ ២៩ ៤៩០​ដុល្លារ សម្រាប់​ការធ្វើ​ឲ្យ​ខូចខាត​បំពង់​បង្ហូរ​ទឹកស្អាត ដែលមាន​អង្កត់ផ្ចិត ៣០០​មី​លី​ម៉ែត្រ នៅក្បែរ​ដងផ្លូវ Bukit Timah Road និង Newton Circus ។​
 

Tag:
 សិង្ហ​បុរី
  ក្រុមហ៊ុន​សំណង់​
  អាង​ស្តុក​ទឹក
© រក្សាសិទ្ធិដោយ thmeythmey.com