ជាតិ
សេដ្ឋកិច្ច
ព្រលានយន្តហោះ កងកេង បើកជើងហោះហើរត្រង់ទៅថៃ ដើម្បីទាញភ្ញៀវទេសចរថៃ និងចិនបន្ថែមទៀត ជើងហោះហើរដំបូង ព្រះសីហនុ បាងកក (រូបភាពពីរដ្ឋមន្ត្រីព័ត៌មាន)
× ភ្នំពេញ៖ ព្រលានយន្តហោះអន្តរជាតិ កងកេង បានដាក់ឲ្យដំណើរការជើងហោះហើរត្រង់ទៅប្រទេសថៃ (ព្រះសីហនុ-បាងកក) កាលពីថ្ងៃទី១ កក្កដានេះ ដើម្បីជួយជំរុញកំណើនទេសចរណ៍រវាងប្រទេសទាំងពីរ។ នេះបើតាមមន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។
លោក ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានប្រាប់សារព័ត៌មានថ្មីៗថា ជើងហោះហើរត្រង់ថ្មីនេះ នឹងជួយលើកកម្ពស់ដល់វិស័យទេសចរណ៍រវាងកម្ពុជា និងថៃ ឲ្យកាន់តែរីកចម្រើន។ ជាពិសេសស្រូបយកភ្ញៀវទេសចរចិន ដែលឆ្លងកាត់តាមប្រទេសថៃ។ «ទីមួយភ្ញៀវទេចរថៃ និងខ្មែរ, ទី២ ភ្ញៀវទេចរចិន ព្រោះចិនមួយចំនួនគាត់មកលេងសិង្ហបុរី ហើយបានគាត់មកខ្មែរ។ ប៉ុន្ថែមានចិនមួយចំនួនទៅបាងកកហើយ បានមកលេងស្រុកខ្មែរ ដូច្នេះគាត់ចង់ promote ទេសចរចិនដែលភាគច្រើននៅថៃ ព្រោះគេមានកញ្ចប់ទេសចរណ៍មកស្រុកថៃហើយនឹងបន្តមកស្រុកខ្មែរ»។ នេះការលើកឡើងរបស់លោក ស៊ិន ចាន់សិរីវុត្ថា។
ជើងហោះហើរត្រង់រវាងព្រលានយន្តហោះ កងកេង និងដនមឿងរបស់ថៃនេះ គឺត្រូវធ្វើដំណើរ៤ជើងក្នុងមួយសប្ដាហ៍ តាមរយៈក្រុមហ៊ុន Thai AirAsia ។ នេះបើតាមហ្វេសប៊ុកផ្លូវការរបស់ Cambodia Airport។
កន្លងមកព្រលានយន្តហោះកងកេង មានជើងហោះហើរត្រង់ពីប្រទេសចំនួន៣ គឺវៀតណាម ម៉ាឡេស៊ី និងចិន។
គួររម្លឹកថា រដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយទាក់ទាញភ្ញៀវទេសចរណ៍តាមផ្លូវអាកាសឲ្យបានកើនដល់ ៣០លាននាក់ នាឆ្នាំ២០៣០ ខាងមុខនេះ។ ព្រលានយន្តហោះអន្តរជាតិ កងកេង មានទំហំធំដែលអាចឲ្យយន្តហោះខ្នាតធំៗ(ផ្ទុកអ្នកដំណើរចន្លោះពី៣០០ ទៅ៣៥០នាក់)អាចចុះចតបានផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com