ជាតិ
សង្គមជាតិ
សង្គម​ស៊ីវិល​ជាង​១០០ សុំ​ឲ្យ​ផ្អាក​គម្រោង​សាងសង់​ទាំងអស់​នៅ​ព្រះសីហនុ ដោយ​ត្រូវ​ពិនិត្យ​មុន​សិន
02, Jul 2019 , 4:31 pm        
រូបភាព
​ក្រោយ​មាន​ឧបទ្ទវហេតុ​បាក់​អគារ​៧​ជាន់​នៅ​ខេត្ត​ព្រះសីហនុ អង្គការ សង្គម​ស៊ីវិល​ជាតិ​-​អន្តរជាតិ​សរុប​១០៣ បានធ្វើ​សេចក្តីថ្លែងការណ៍​រួមគ្នា​មួយ ដោយ​ស្នើ​ឲ្យ​រដ្ឋាភិបាល ផ្អាក​ជាបន្ទាន់​នូវ​គម្រោង​សាងសង់​ទាំងអស់​នៅ​ខេត្ត​មួយ​នេះ ដោយ​ត្រូវ​រង់ចាំ​ឲ្យ​មានការ​ត្រួតពិនិត្យ និង វាយតម្លៃ​ពី​ស្ថាប័ន​ជំនាញ ដើម្បី​ឲ្យ​ប្រាកដថា គម្រោង​សាងសង់​នីមួយៗ មានច្បាប់​អនុញ្ញាត និង​មានគុណ ភាព​តាម​ស្តង់ដារ​សុវត្ថិភាព រួមទាំង​បញ្ឈប់​ជាបន្ទាន់​នូវ​សកម្មភាព​ម៉ៅការ​បន្ត​ដែល​គ្មាន​អាជ្ញាប័ណ្ណ និង​ធានា​ការអនុវត្ត​បទដ្ឋាន​និយាម​សុវត្ថិភាព​គ្រប់​ការដ្ឋាន​សំណង់​។​

 
​តាមរយៈ​សេចក្តីថ្លែងការណ៍​ដែល​ចេញ​នៅ​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០១៩ ក្រុម​អង្គការ សង្គម​ស៊ីវិល​ទាំងនោះ បានទាមទារ​ឲ្យ​រដ្ឋាភិបាល យក​វិធានការ​ខាងលើនេះ ទៅ​អនុវត្ត​ចំពោះ​សំណង់​ដទៃទៀត​នៅ​កម្ពុជា ដែល​សង្ស័យថា មិនមាន​ច្បាប់​អនុញ្ញាត និង​មិន​សាងសង់​តាម​បទដ្ឋាន​សុវត្ថិភាព​សំណង់​។ លើសពីនេះ ក្រុម​អង្គការ សង្គម​ស៊ីវិល បាន​ជំរុញ​ឲ្យ​មាន​ការចុះ​ធ្វើ​អធិការកិច្ច​ជាប្រចាំ ឲ្យ​មាន​ប្រសិទ្ធិភាព និង​តម្លាភាព ដើម្បី​ពិនិត្យមើល​អំពី​លក្ខខណ្ឌ​សុវត្ថិភាព និង​បទដ្ឋាន​ការងារ​របស់​កម្មករ​សំណង់​នៅ​ទូទាំងប្រទេស​កម្ពុជា​។ 
 
​ក្រៅពីនេះ ក្រុម​អង្គការ សង្គម​ស៊ីវិល  បានទាមទារ​ឲ្យ​សមត្ថកិច្ច​បន្ត​ស្រាវជ្រាវ​រក​ជនល្មើស​និង​អ្នកពាក់ព័ន្ធ យកទៅ​ផ្តន្ទាទោស និង​ទាមទារ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច ទទួលខុសត្រូវ​ផងដែរ​។ ទន្ទឹមនេះ ពួកគេ បានស្នើ​ឲ្យ​ផ្តល់​សំណង​ឲ្យ​បាន​សមរម្យ​ដល់​ជនរងគ្រោះ​។ 
 
​ឧបទ្ទវហេតុ​បាក់​អគារ កាលពី​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៩ បណ្តាល​ឲ្យ​ស្លាប់​២៨​នាក់ និង របួស​២៦​នាក់​។ សមត្ថកិច្ច បាន​ចាប់​ជនជាតិ​ចិន​៤​នាក់ ដែល​ពាក់ព័ន្ធ​នឹង​ឧបទ្ទវ​ហេតុនេះ​៕  
 

Tag:
 ​រលំ​អាគារ​
  សង្គម​ស៊ីវិល​
© រក្សាសិទ្ធិដោយ thmeythmey.com