អន្តរជាតិ
លោក ស៊ី ប្រា​ប់លោក ត្រាំ ឲ្យ​គិតគូរ​រឿង​បន្ធូរ​ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​
02, Jul 2019 , 8:39 pm        
រូបភាព
លោក ដូណាល់ ត្រាំ ចាប់ដៃលោក គីម ជុងអ៊ុន នាជំនួបនៅតំបន់គ្មានយោធា។ រូបភាព Xinhua
លោក ដូណាល់ ត្រាំ ចាប់ដៃលោក គីម ជុងអ៊ុន នាជំនួបនៅតំបន់គ្មានយោធា។ រូបភាព Xinhua
​នា​ជំនួប​នៅ​ទីក្រុង​អូ​សា​កា​កាលពី​ចុង​សប្ដាហ៍​មុន ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង និង​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ជជែក​គ្នា​ពី​ប្រធានបទ​កូរ៉េខាងជើង​។ លោក ស៊ី បាន​ប្រា​ប់លោក ត្រាំ ឲ្យ​មាន​ឥរិយាបថ​បត់បែន​ក្នុង​ការជជែក​ជាមួយ​កូរ៉េខាងជើង ហើយ​គិតគូរ​ពី​ការ​បន្ធូរ​ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​ផងដែរ​។ នេះ​បើតាម​ការលើកឡើង​រប​ស់​រដ្ឋមន្ត្រីការបរទេស​ចិន វ៉ាង យី នៅ​ថ្ងៃទី​២ ខែកក្កដា​។

 
​ប៉ុន្មាន​ថ្ងៃមុន​ជួប​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅក្រៅ​កិច្ចប្រជុំ​ប្រទេស​មាន​សេដ្ឋកិច្ច​រីកចម្រើន​ទាំង​២០ នៅ​ជប៉ុន លោក​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង បាន​ជួប​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន នៅ​ព្យុងយ៉ាង​។ ជំនួប​នេះ ត្រូវបាន​គេ​មើលឃើញថា ចិន​ចង់​ប្រើប្រាស់​បញ្ហា​កូរ៉េខាងជើង​ដើម្បី​តថ្លៃ​ជាមួយ​អាមេរិក​។ ភ្លាមៗ​ក្រោយ​ជំនួប​នៅ​ជប៉ុន ទាំង​អាមេរិក ទាំង​ចិន មិនបាន​បញ្ជាក់​ព័ត៌មាន​លម្អិត​ពី​បញ្ហា​កូរ៉េខាងជើង​នេះឡើយ​។ 
 
​នៅ​ថ្ងៃទី​២ ខែកក្កដា​នេះ ប្រមុខ​ការទូត​ចិន វ៉ាង យី បាន​បញ្ចេញ​ព័ត៌មាន​នៃ​ជំនួប​រវាង​លោក ស៊ី និង​លោក ត្រាំ ជុំវិញ​ឧបទ្វីប​កូរ៉េ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក វ៉ាង ប្រាប់​អ្នកសារព័ត៌មាន​ថា​៖ «​ប្រធានាធិបតី​ចិន​បាន​ជំរុញ​ឲ្យ​សម​ភាគី​អាមេរិក​បង្ហាញ​ភាពបត់បែន​របស់ខ្លួន​ចំពោះ​កូរ៉េខាងជើង ហើយ​ទទួលយក​សំណើ​របស់​ព្យុងយ៉ាង​ទៅ​គិតគូរ រាប់ទាំង​ការបន្ថយ​ទណ្ឌកម្ម​ឲ្យ​សមស្រប​ទៅតាម​ពេលវេលា​ផងដែរ​។​»   
 
​ចិន ជា​សម្ព័ន្ធមិត្ត និង​ជា​ខ្នងបង្អែក​ដ៏​សំខាន់បំផុត​របស់​កូរ៉េខាងជើង​ស្រប​ពេលដែល​រដ្ឋ​កុម្មុយនីស្ត​មួយ​នេះ​កាន់តែ​ឯកោ​លើ​ឆាក​អន្តរជាតិ ហើយ​ជាប់​ទណ្ឌកម្ម​ជាច្រើន​ជាន់​ទាំងពី​អន្តរជាតិ និង​សម្ពាធ​ឯកតោភាគី​របស់​អាមេរិក​ផង​។ ទំនាក់ទំនង​នេះ ប្រែជា​ជូរចត់​បន្តិច​បន្ទាប់ពី​ប៉េកាំង​គាំទ្រ​ទណ្ឌកម្ម​របស់​អន្តរជាតិ​ជា​បន្តបន្ទាប់​។ ប៉ុន្តែ​វា​មិនមែនជា​បញ្ហា​ឡើយ ដ្បិត​មួយឆ្នាំ​មកនេះ ទំនាក់ទំនង​ទ្វេភាគី​កាន់តែ​ល្អ​វិញ ក្រោយ​លោក គីម ទៅ​ប៉េកាំង​ដល់​ទៅ​បួន​ដង​។​
 
​សម្ដី​លោក ស៊ី ខាងលើ ទំនងជា​ការផ្ដែផ្ដាំ​រប​ស់លោក គីម ទៅកាន់​លោក ត្រាំ ។ ក្រោយ​ជំនួប​ជប៉ុន លោក ត្រាំ ក៏​ទៅ​ជួប​លោក គីម ដល់​តំបន់​គ្មាន​យោធា​ខណ្ឌ​ចែក​ទឹកដី​កូរ៉េ​ផងដែរ​។ លោក ត្រាំ ជា​អ្នក​អញ្ជើញ​មេដឹកនាំ​កូរ៉េខាងជើង ដោយសារ​លោក​មាន​គម្រោង​ទៅ​តំបន់​នោះ​ស្រាប់​ផង​។ នា​ជំនួប​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត​នេះ មេដឹកនាំ​អាមេរិក និង​កូរ៉េខាងជើង​ក៏បាន​ឯកភាពគ្នា​ចាប់ផ្ដើម​ការចរចា​រឿង​នុយក្លេអ៊ែរ​ឡើងវិញ​។ 
 
​ឯ​រឿង​ទណ្ឌកម្ម​វិញ លោក ត្រាំ បញ្ជាក់ថា នឹង​បន្ត​នៅ​ជា​ធរមាន​ដដែល​។ យ៉ាងណាមិញ មេដឹកនាំ​អាមេរិក​បាន​ទុក​ទ្វារ​ចំហរ​ដល់​ការដក​ទណ្ឌកម្ម​ខ្លះ​វិញ បើ​ការចរចា​មាន​លទ្ធផល​ល្អ ឬក៏​អាចជួយ​ដល់​ដំណើរ​ការចរចា​។ កាលពី​ខែមីនា លោក ត្រាំ បដិសេធ​ដាក់ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​ក្រោយ​ការបាញ់​មី​ស៊ី​ល​បន្តបន្ទាប់ ដោយ​អះអាងថា មិនមែនជា​រឿង​ធ្ងន់ធ្ងរ​ឡើយ​៕ 

Tag:
 ចិន​
  អាមេរិក​
  កូរ៉េខាងជើង​
  ដូ​ណា​ល់ ត្រាំ​
  ស៊ី ជិន​ភីង​
  គីម ជុង​អ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com