អន្តរជាតិ
លោក ស៊ី ប្រាប់លោក ត្រាំ ឲ្យគិតគូររឿងបន្ធូរទណ្ឌកម្មលើកូរ៉េខាងជើង លោក ដូណាល់ ត្រាំ ចាប់ដៃលោក គីម ជុងអ៊ុន នាជំនួបនៅតំបន់គ្មានយោធា។ រូបភាព Xinhua
× នាជំនួបនៅទីក្រុងអូសាកាកាលពីចុងសប្ដាហ៍មុន ប្រធានាធិបតីចិន ស៊ី ជិនភីង និងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានជជែកគ្នាពីប្រធានបទកូរ៉េខាងជើង។ លោក ស៊ី បានប្រាប់លោក ត្រាំ ឲ្យមានឥរិយាបថបត់បែនក្នុងការជជែកជាមួយកូរ៉េខាងជើង ហើយគិតគូរពីការបន្ធូរទណ្ឌកម្មលើកូរ៉េខាងជើងផងដែរ។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី នៅថ្ងៃទី២ ខែកក្កដា។
ប៉ុន្មានថ្ងៃមុនជួបប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅក្រៅកិច្ចប្រជុំប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង២០ នៅជប៉ុន លោកប្រធានាធិបតីចិន ស៊ី ជិនភីង បានជួបជាមួយមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នៅព្យុងយ៉ាង។ ជំនួបនេះ ត្រូវបានគេមើលឃើញថា ចិនចង់ប្រើប្រាស់បញ្ហាកូរ៉េខាងជើងដើម្បីតថ្លៃជាមួយអាមេរិក។ ភ្លាមៗក្រោយជំនួបនៅជប៉ុន ទាំងអាមេរិក ទាំងចិន មិនបានបញ្ជាក់ព័ត៌មានលម្អិតពីបញ្ហាកូរ៉េខាងជើងនេះឡើយ។
នៅថ្ងៃទី២ ខែកក្កដានេះ ប្រមុខការទូតចិន វ៉ាង យី បានបញ្ចេញព័ត៌មាននៃជំនួបរវាងលោក ស៊ី និងលោក ត្រាំ ជុំវិញឧបទ្វីបកូរ៉េ។ បើតាមទីភ្នាក់ងារព័ត៌មាន AFP លោក វ៉ាង ប្រាប់អ្នកសារព័ត៌មានថា៖ «ប្រធានាធិបតីចិនបានជំរុញឲ្យសមភាគីអាមេរិកបង្ហាញភាពបត់បែនរបស់ខ្លួនចំពោះកូរ៉េខាងជើង ហើយទទួលយកសំណើរបស់ព្យុងយ៉ាងទៅគិតគូរ រាប់ទាំងការបន្ថយទណ្ឌកម្មឲ្យសមស្របទៅតាមពេលវេលាផងដែរ។»
ចិន ជាសម្ព័ន្ធមិត្ត និងជាខ្នងបង្អែកដ៏សំខាន់បំផុតរបស់កូរ៉េខាងជើងស្របពេលដែលរដ្ឋកុម្មុយនីស្តមួយនេះកាន់តែឯកោលើឆាកអន្តរជាតិ ហើយជាប់ទណ្ឌកម្មជាច្រើនជាន់ទាំងពីអន្តរជាតិ និងសម្ពាធឯកតោភាគីរបស់អាមេរិកផង។ ទំនាក់ទំនងនេះ ប្រែជាជូរចត់បន្តិចបន្ទាប់ពីប៉េកាំងគាំទ្រទណ្ឌកម្មរបស់អន្តរជាតិជាបន្តបន្ទាប់។ ប៉ុន្តែវាមិនមែនជាបញ្ហាឡើយ ដ្បិតមួយឆ្នាំមកនេះ ទំនាក់ទំនងទ្វេភាគីកាន់តែល្អវិញ ក្រោយលោក គីម ទៅប៉េកាំងដល់ទៅបួនដង។
សម្ដីលោក ស៊ី ខាងលើ ទំនងជាការផ្ដែផ្ដាំរបស់លោក គីម ទៅកាន់លោក ត្រាំ ។ ក្រោយជំនួបជប៉ុន លោក ត្រាំ ក៏ទៅជួបលោក គីម ដល់តំបន់គ្មានយោធាខណ្ឌចែកទឹកដីកូរ៉េផងដែរ។ លោក ត្រាំ ជាអ្នកអញ្ជើញមេដឹកនាំកូរ៉េខាងជើង ដោយសារលោកមានគម្រោងទៅតំបន់នោះស្រាប់ផង។ នាជំនួបគួរឲ្យចាប់អារម្មណ៍បំផុតនេះ មេដឹកនាំអាមេរិក និងកូរ៉េខាងជើងក៏បានឯកភាពគ្នាចាប់ផ្ដើមការចរចារឿងនុយក្លេអ៊ែរឡើងវិញ។
ឯរឿងទណ្ឌកម្មវិញ លោក ត្រាំ បញ្ជាក់ថា នឹងបន្តនៅជាធរមានដដែល។ យ៉ាងណាមិញ មេដឹកនាំអាមេរិកបានទុកទ្វារចំហរដល់ការដកទណ្ឌកម្មខ្លះវិញ បើការចរចាមានលទ្ធផលល្អ ឬក៏អាចជួយដល់ដំណើរការចរចា។ កាលពីខែមីនា លោក ត្រាំ បដិសេធដាក់ទណ្ឌកម្មលើកូរ៉េខាងជើងក្រោយការបាញ់មីស៊ីលបន្តបន្ទាប់ ដោយអះអាងថា មិនមែនជារឿងធ្ងន់ធ្ងរឡើយ៕
Tag:
ចិន
អាមេរិក
កូរ៉េខាងជើង
ដូណាល់ ត្រាំ
ស៊ី ជិនភីង
គីម ជុងអ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com