បើទោះបីជាមិនទាន់មានព័ត៌មានច្បាស់ការ អំពីទីតាំងពិតប្រាកដរបស់ផ្សារទំនើបអ៊ីអន ៣ ថានឹងត្រូវសាងសង់នៅកន្លែងណាក៏ដោយ ប៉ុន្តែតម្លៃដីបា នហក់ឡើងជាលំដាប់ បន្ទាប់ពីទទួលបានដំណឹង នៃការវិនិយោគគម្រោងផ្សារដ៏ធំមួយនេះ។
លោក ហៃ រ៉ាវី ប្រធានផ្នែកលក់ និងទីផ្សារក្រុមហ៊ុន Daily Realty Group បានលើកឡើងថា ការទិញ-លក់មានដំណើរការល្អ ខណៈប្រតិបត្តិការកំពុងកើនឡើងនៅពេលបច្ចុប្បន្ន។ លោក រ៉ាវី បានបញ្ជាក់ថា ការអភិវឌ្ឍន៍ធំៗ បានហូរចូលក្នុងតំបន់នេះ ដូចជាផ្សារអ៊ីអនជាដើម គឺជាផ្នែកមួយដែលបានរុញច្រាន ប្រតិបត្តិការទិញ-លក់ ជាពិសេសតម្លៃដីឲ្យកើនឡើង។
លោកមើលឃើញថា ដីធំៗនៅភាគខាងត្បូងទីក្រុង បានក្លាយជាទិសដៅសម្រាប់អ្នកអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ សម្រាប់ការសាងសង់ជាគម្រោងគម្រោងបុរី អគារពាណិជ្ជកម្ម រោងចក្រ ឬឃ្លាំងទំនិញ។
លោកបានពន្យល់ថា បច្ចុប្បន្នតំបន់នេះ មានហេដ្ឋារចនាសម័ន្ធត្រូវបានអភិវឌ្ឍល្អ ដែល ផ្តល់ភាពងាយស្រួលការរស់នៅ និងពាណិជ្ជកម្ម។ ផ្លូវធំៗត្រូវបានកសាងដូចជា ផ្លូវក្រុងវាត់ក្រុង ផ្លូវជើងឯក ផ្លូវ ៦០ម៉ែត្រ ផ្លូវជាតិលេខ ២ ដែលនឹងត្រូវកែលម្អបន្ថែម និងផ្លូវ ២១៧ រួមជាមួយគម្រោងព្រលានយន្តហោះថ្មីផងដែរ។
លោករ៉ាវី បាននិយាយថា គម្រោងបុរីច្រើនបានអភិវឌ្ឍនៅក្នុងតំបន់នេះ ដូចជាគម្រោងពិភពថ្មី បុរីអាយភី ជាដើម។ ហើយគម្រោងទាំងនេះ បានទទួលការគាំទ្រពីអ្នកទិញក្នុងស្រុកជាច្រើន។ ជាមួយគ្នានេះដែរ តំបន់នេះមានគម្រោងដីឡូតិ៍មួយចំនួន ដែលអាចរកបានចាប់ពីតម្លៃជាង ២០,០០០ ឡើងទៅ (ទទឹង ៥ ម៉ែត្រ និងបណ្តោយ ២០ ម៉ែត្រ)។
ទាក់ទងនឹងតម្លៃដី យោងតាមរបាយការណ៍តម្លៃដីពាក់កណ្តាលទី១ ឆ្នាំ២០១៩ របស់ក្រុមហ៊ុន ឃី រៀល អ៊ីស្ទេត តម្លៃដីនៅក្នុងខណ្ឌដង្កោ បានកើនឡើងខ្ពស់លំដាប់ទី២ ក្នុងចំណោមខណ្ឌទាំង១២ នៅក្នុងទីក្រុងភ្នពេញ ពោលគឺកើនឡើងរហូតដល់ ២៦.៣%។ ក្នុងនោះ ដីក្នុងសង្កាត់ដង្កោមានតម្លៃថ្លៃជាងគេ ដែលនៅតាមផ្លូវធំមានតម្លៃមធ្យមចាប់ពី ៧០០ ដុល្លារដល់ ២,២០០ ដុល្លារ/ម៉ែត្រការ៉េ។ ចំណែកផ្លូវតូច មានតម្លៃចាប់ពី ១២០ ដុល្លារ ដល់ ៥០០ ដុល្លារ/ម៉ែត្រការ៉េ។
ចំណែក អ្នកនាង រ៉េត មេត្តា ប្រធានផ្នែកលក់របស់គម្រោង Woodland Residence បានឲ្យដឹងថា គម្រោងអ៊ីអន ៣ ថ្មី នឹងជំរុញឱ្យតំបន់នេះ មានដង់ស៊ីតេប្រជាជនកើនឡើងកាន់តែច្រើន ហើយនេះជាឱកាសវិនិយោគដ៏ល្អ សម្រាប់វិស័យអចលនទ្រព្យ និងវិស័យដទៃទៀត។
អ្នកស្រី មេត្តា ជឿជាក់ថា ការស្វែងរកឱកាសវិនិយោគនៅពេលនេះ នឹងធ្វើឱ្យម្ចាស់អចលនទ្រព្យទទួលបានប្រាក់ចំណូលជាច្រើនពីការជួលអចនលទ្រព្យ ឬផលចំណេញនៅពេលលក់ចេញវិញពេលអនាគត៕
(អត្ថបទពាណិជ្ជកម្ម)