Benitez ទៅ​ដឹកនាំ​ក្រុម​នៅ​ចិន Dalian Yifang ជាមួយ​ប្រាក់​ឈ្នួល​១​ឆ្នាំ ១៥​លាន​ដុល្លារ​
កីឡាអន្តរជាតិ
អន្តរជាតិ
Benitez ទៅ​ដឹកនាំ​ក្រុម​នៅ​ចិន Dalian Yifang ជាមួយ​ប្រាក់​ឈ្នួល​១​ឆ្នាំ ១៥​លាន​ដុល្លារ​
02, Jul 2019 , 5:00 pm        
រូបភាព
​អតីត​គ្រូ Newcastle United លោក Rafael Benitez ក្លាយជា​អ្នកចាត់ការ​ទូទៅ​ក្រុម Dalian Yifang ក្លិប​កីឡាបាល់ទាត់​នៃ​លី​គ​កំពូល​ចិន Chinese Super League ដោយ​ទទួលបាន​ប្រាក់​ឈ្នួល​កប់​ពពក គឺ​១៥​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។​


 
Benitez បានប្រកាស​ចាក​ចេញពី​ក្រុម​សារិកា​ព្រៃ​ក្នុងនាម​ជា​អ្នកចាត់ការ នៅ​ថ្ងៃទី​៣០ ខែមិថុនា បន្ទាប់ពី​កិច្ចសន្យា​របស់លោក​ដល់​ពេល​កំណត់​។ ជុំវិញ​ការចាកចេញ​នេះ​លោក Benitez បាន​រិះគន់ Newcastle ថា​ជា​ក្លិប​ដែល​គ្មាន​ទស្សនវិស័យ​។​
 
 អ្នកចាត់ការ​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ នឹងត្រូវ​ឡើង​ដឹកនាំ Dalian Yifang ដើម្បី​ជំនួស​លោក Choi Kang-hee ដែល​ទើប​លាលែង​តំណែង​នៅ​ថ្ងៃទី​១ ខែកក្កដា​ម្សិលមិញ ក្រោម​ហេតុផល​ផ្ទាល់ខ្លួន​។​
 
Benitez វ័យ​៥៩​ឆ្នាំ ធ្លាប់មាន​ប្រវត្តិ​ដឹកនាំ​ក្រុម​លំដាប់​កំពូលៗ​នៅ​អឺរ៉ុប ដូចជា Liverpool Chelsea Valencia និង Real Madrid​។ សមិទ្ធផល​ដ៏​អស្ចារ្យ​របស់លោក​គឺ​ជួយ​ហង្ស​ក្រហម Liverpool លើក​ពាន Champions Leageu កាលពី​ឆ្នាំ​២០០៥​។ 
 
​វត្តមាន​នៅលើ​ទឹកដី​ចិន លោក Benitez រៀបរាប់ថា​៖«​បន្ទាប់ពី​ឆ្លងកាត់​ផ្លូវ​ដ៏​វែងឆ្ងាយ​នៅពេលនេះ​យើង​ចាប់ផ្តើម​ការប្រកួតប្រជែង​ថ្មី​។ ខ្ញុំ​ពិតជា​រីករាយ​ណាស់​ដែល​បានចាប់ផ្តើម​គម្រោង​ថ្មី​នេះ​ជាមួយ Dalian Yifang»​។​
 
Dalian Yifang មាន​សមាជិក​កីឡាករ​លំដាប់​កំពូលៗ​ដូចជា Yannick Carrasco,  Nicolas Gaitan, José Fonte និង Marek Hamsik ដែល​ទើប​ផ្លាស់​ពី Napoli ថ្មីៗ​នេះ​៕
 

Tag:
 បាល់ទាត់​
  Rafael Benitez
  Newcastle United
  Dalian Yifang
© រក្សាសិទ្ធិដោយ thmeythmey.com