កីឡាអន្តរជាតិ
អន្តរជាតិ
អតីត​គ្រូ​ជប៉ុន Nishino ទៅ​ដឹកនាំ​ថៃ ដោយបាន​ប្រាក់ខែ​៣០​ម៉ឺន​ដុល្លារ​
02, Jul 2019 , 9:19 pm        
រូបភាព
​សហព័ន្ធ​កីឡាបាល់ទាត់​ថៃ (FAT) បានតែងតាំង​អតីត​គ្រូ​ជម្រើសជាតិ​ជប៉ុន​លោក Akira Nishino ជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ថៃ និង​ក្រុម​ជម្រើសជាតិ​ក្រោម​អាយុ ២៣​ឆ្នាំ​។ ការប្រកាស​នេះ បន្ទាប់ពី​លោក Nishino បាន​ជាមួយ​ប្រធាន FAT លោក Somyot Poompamoung អស់​រយៈពេល​ជាង​៤​ម៉ោង នៅ​ក្រុង​បាងកក នា​ថ្ងៃទី​១ ខែកក្កដា​។​


 
​ទីភ្នាក់ងារ​ព័ត៌មាន​អាមេរិក AP បាន​ផ្សាយ​នៅ​ថ្ងៃទី​២ ខែកក្កដា​នេះ​ថា លោក Nishino បាន​យល់ព្រម​ទទួលខុសត្រូវ​ដឹកនាំ​ជម្រើសជាតិ​ថៃ​ក្នុង​យុទ្ធនា​ការប្រកួត​ជម្រុះ​ពានរង្វាន់ FIFA World Cup ឆ្នាំ ២០២២ នៅ​កាតា និង Asian Cup ឆ្នាំ ២០២៣​។ លើសពីនេះ អតីត​គ្រូ Gamba Osaka ក៏​នឹង​ដឹកនាំ​ក្រុម​ជម្រើសជាតិ​ថៃ U-23 ផងដែរ សម្រាប់​ព្រឹត្តិការណ៍ AFC U23 ដែល​ថៃ​នឹង​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ​នៅ​ឆ្នាំក្រោយ​។ 
 
​បើតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ជាច្រើន គ្រូបង្វឹក​សញ្ជាតិ​ជប៉ុន​វ័យ​៦៤​ឆ្នាំ​រូបនេះ​ទទួលបាន​ប្រាក់​នឿយហត់​រហូតដល់​ទៅ​៣០​ម៉ឺន​ដុល្លារ​ក្នុង​មួយខែ​សម្រាប់​តំណែង​ដឹកនាំ​ក្រុម​ថៃ​ទាំងពីរ​ឈុត​នេះ​។​
 
​លោក Nishino ដែល​ត្រូវ​ឡើង​ជំនួស​លោក Milovan Rajevac ធ្លាប់ជួយ​ជម្រើសជាតិ​ជប៉ុន​ធ្វើ​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ម្តង​រួចមកហើយ​។ លោក Nishino ត្រូវបាន​ជប៉ុន​តែងតាំង​ជា​គ្រូបង្វឹក​នៅ​រយៈពេល​ត្រឹមតែ​ពីរ​ខែ​ប៉ុណ្ណោះ​មុន​ការប្រកួត​បាល់ទាត់​ពិភពលោក World Cup ឆ្នាំ​២០១៨ នៅ​រុស្ស៊ី​។ ក្នុងនោះ​លោក​បាន​នាំ​ក្រុម​រហស្សនាម​សាមូរ៉ៃ​ឡើងដល់​វគ្គ​១៦​ក្នុង​ចុងក្រោយ ប៉ុន្តែ​ត្រូវ​ធ្លាក់​នៅ​វគ្គ​នេះ​ក្រោយ​ចាញ់​ប៊ែ​ល​ហ្ស៊ិ​ក​ក្នុង​លទ្ធផល​ប្រផិតប្រផើយ ៣-២​។ យ៉ាងណាក៏ដោយ លោក​បានបញ្ចប់​កិច្ចសន្យា​ខ្លី​ជាមួយ​ជប៉ុន​នៅ​ឆ្នាំ​២០១៨​នោះ​៕
 

លោក Akira Nishino និងប្រធាន FAT លោក លោក Somyot Poompamoung


Tag:
 Akira Nishino
  FAT
  ថៃ​
© រក្សាសិទ្ធិដោយ thmeythmey.com