ជាតិ
សង្គមជាតិ
សមត្ថកិច្ច ដុតបំផ្លាញមង១១គីឡូម៉ែត្រ ដែលរឹបអូសពីបទល្មើសជលផលនៅសៀមរាប រូបភាព៖ រដ្ឋបាលខេត្តសៀមរាប
× សៀមរាប៖ យ៉ាងហោចណាស់ សាច់មង១១គីឡូម៉ែត្រ ត្រូវបានរឹបអូសនិងដុតបំផ្លាញ នៅភូមិសាស្ដ្រស្រុកជីក្រែង ខេត្តសៀមរាប។ កម្លាំងចម្រុះនៃរដ្ឋបាលខេត្តសៀមរាបបានចុះបង្ក្រាបបទល្មើសជលផល ដោយយោងលើអនុសាសន៍របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងអភិបាលខេត្តសៀមរាប។
យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តសៀមរាប ការចុះបង្ក្រាបបទល្មើសជលផលនេះ បានរឹបអូសនិងដុតបំផ្លាញសាច់មងប្រវែង១១គីឡូម៉ែត្រ ចម្រឹង ៦៨០០ដើម និងក្បាលបរ១៥។ ករណីនេះធ្វើឡើងនៅមានភូមិមាត់ខ្លានិងភូមិអន្លង់ជ្រៅ ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប។
អភិបាលខេត្តសៀមរាប ក៏បានប្រាប់កម្លាំងជំនាញពាក់ព័ន្ធទាំងអស់ ឲ្យរៀបចំផែនការចុះបង្ក្រាបករណីនេះជាប្រចាំនិងណែនាំឲ្យអាជ្ញាធរមូលដ្ឋានបង្កើនការណែនាំដល់ប្រជាពលរដ្ឋមិនឲ្យនេសាទល្មើសច្បាប់កំណត់ក្នុងរដូវបិទនេសាទនេះ។
គួរបញ្ជាក់ថា រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានប្រកាសអំពីរដូវបិទនេសាទសម្រាប់ឆ្នាំ២០១៩នេះ គឺនឹងចាប់ផ្ដើមពីថ្ងៃទី១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែកញ្ញា៕
រូបភាព៖ រដ្ឋបាលខេត្តសៀមរាប
Tag:
កសិកម្ម
បទល្មើសនេសាទ
© រក្សាសិទ្ធិដោយ thmeythmey.com