អន្តរជាតិ
Zoe Tay ឬ «បូបូ» ពង្រឹងយុទ្ធនាការប្រឆាំងការបៀតបៀនផ្លូវភេទ បន្ទាប់ពីបានមកកាន់កម្ពុជា
× តារាភាពយន្តសិង្ហបុរី Zoe Tay រំពឹងថា យុទ្ធនាការប្រឆាំងការបៀតបៀនផ្លូវភេទ នឹងពង្រឹងសិទ្ធិអំណាចស្ត្រី និងឲ្យពួកគេហ៊ាននិយាយ។ ថ្លែងក្នុងពិធីដែលរៀបចំដោយសាកលវិទ្យាល័យជាតិសិង្ហបុរី (NUS) កាលពីពេលថ្មីៗកន្លងមក សិល្បការិនី ដែលពលរដ្ឋខ្មែរស្គាល់ឈ្មោះថា «បូបូ» នោះ អះអាងថា នាងចូលរួមកាន់តែខ្លាំងក្លាក្នុងយុទ្ធនាការ «You Can Say No» ក្រោយពីបានធ្វើដំណើរទស្សនកិច្ចមកកាន់កម្ពុជាកាលពីប្រមាណ៥ឆ្នាំមុន។
កាលនៅជាសិស្សសាលា Zoe Tay ឬ បូបូ ធ្លាប់រងការព្យាយាមបៀតបៀនពីសំណាក់បុរសម្នាក់នៅពេលជិះរថយន្ត។ «ខ្ញុំស្ថិតនៅលើរថយន្តជាមួយមនុស្សផ្សេងទៀត ហើយបុរសម្នាក់បានឈរនៅកៀកខ្ញុំបំផុត។ គេចាប់ដៃខ្ញុំ ហើយពេលនោះ ខ្ញុំមានអារម្មណ៍ថា ពិបាក និងមិនស្រណុកចិត្តនោះឡើយ»។ នេះបើតាមការរៀបរាប់របស់ បូបូ ដែលត្រូវបានដកស្រង់ដោយ សារព័ត៌មាន The New Paper។
បូបូ ដែលបច្ចុប្បន្នវ័យ៥១ឆ្នាំ បានផ្តួចផ្តើមយុទ្ធនាការ You Can Say No ឲ្យហ៊ានតស៊ូរប្រឆាំងការរំលោភ ការបៀតបៀនផ្លូវភេទ និងអំពើហិង្សាក្នុងគ្រួសារ។ នាងត្រូវសម្ភាសពាក់ព័ន្ធយុទ្ធនាការនេះ ក្រោមការសាកសួររបស់តារាភាពយន្ត Guo Liang ជាមួយវត្តមានតារាភាពយន្ត Bonnie Loo និងសមាជិកក្រុមប្រឹក្សាភិបាលអង្គការក្រុមប្រឹក្សាស្ត្រីសិង្ហបុរី Cheryl Chong។
បូបូ បានស្តាប់ការរៀបរាប់ជាច្រើនរបស់អ្នកចូលរួម ដែលធ្លាប់មានប្រវត្តិប្រហាក់ប្រហែលនាងផងដែរ។ នាងទទួលស្គាល់ថា កន្លងមកនាងមិនសូវយកចិត្តទុកលើយុទ្ធនាការបែបនេះឡើយ ប៉ុន្តែក្រោយដំណើរទស្សនកិច្ចនៅកម្ពុជា កាលពីប្រមាណ៥ឆ្នាំមុន ធ្វើឲ្យកាន់តែយល់ច្បាស់ពីឥទ្ធិពលរបស់ស្ត្រីក្នុងការតស៊ូមតិ។
នាអំឡុងពេលបំពេញបេសកកម្មសប្បុរសធម៌នៅមណ្ឌលស្ត្រីមួយកន្លែងនៅកម្ពុជា តារាសម្តែងនាង បូបូ បានស្តាប់រឿងរ៉ាវជីវិតជនរងគ្រោះមួយចំនួន ដោយអ្នកខ្លះ មានជំងឺបាក់ទឹកចិត្ត និងធុញថប់ ហេតុដូច្នេះហើយបានជាកាន់តែយល់ច្បាស់ពីតួនាទីរបស់ខ្លួនក្នុងការជួយដល់ស្ត្រី និងកុមារដែលមានវិបត្តិ។
តាមរយៈយុទ្ធនាការ You Can Say No បូបូ ឬ Tay ក៏បានបង្កើតក្លិបជួបជុំគ្នា ដើម្បីបំផុសបំផុលចលនាគាំទ្រស្ត្រីក្នុងការប្រយុទ្ធប្រឆាំងអំពើហិង្សារាល់ទម្រង់ ជាពិសេសការពង្រឹងសិទ្ធិអំណាចរបស់ពួកគេ ដោយគ្មានការភ័យខ្លាចអ្វីទាំងអស់៕
© រក្សាសិទ្ធិដោយ thmeythmey.com