ជាតិ
សេដ្ឋកិច្ច
ក្រសួងកំពុងត្រួតពិនិត្យរថយន្តធំៗនៅកំពង់ផែ តែ GMAC ថារោងចក្រកាត់ដេរ ត្រូវយឺតទំនិញ
02, Jul 2019 , 5:54 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ រដ្ឋាភិបាលកំពុងអនុវត្តវិធានការត្រួតពិនិត្យរថយន្តដឹកទំនិញធុនធ្ងន់នៅគោលដៅដើមទី នៅកំពង់ផែព្រះសីហនុ និងកំពង់ផែភ្នំពេញ ដែលត្រូវបានធ្វើឡើងជាង២សប្ដាហ៍រួចមកហើយ។ ប៉ុន្តែការត្រួតពិនិត្យនេះ ត្រូវបានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) អះអាងថាសមាជិកខ្លួនកំពុងរងការខាតបង់ដោយសារភាពយឺតយូរនៃទំនិញចេញចូល។



GMAC ស្នើឲ្យរដ្ឋាភិបាលផ្ដល់ដំណោះស្រាយបណ្ដោះអាសន្នមួយពាក់ព័ន្ធនឹងការត្រួតពិនិត្យនេះ។ លិខិតចំហរបស់ GMAC នៅថ្ងៃទី២ខែកក្កដានេះបានឲ្យដឹងដូច្នេះថា៖«សមាគមស្នើសុំរដ្ឋាភិបាលឲ្យមានដំណោះស្រាយបណ្ដោះអាសន្នមួយជាមួយសមាគមដឹកជញ្ជូនកម្ពុជា ពាក់ព័ន្ធការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចណ៍ផ្លូវគោក ព្រោះសមាជិករបស់សមាគមកំពុងក្លាយជាជនរងគ្រោះនៅក្នុងបញ្ហានេះដោយមិនដឹងខ្លួន»។

ទន្ទឹមនឹងស្នើទៅរដ្ឋាភិបាល សមាគមរោងចក្រកាត់ដេរនៅកម្ពុជាក៏បានក្រើនរំលឹកដល់សមាជិករបស់ខ្លួន ត្រូវប្រើប្រាស់សេវាដឹកជញ្ជូនណាដែលប្រើរថយន្តដឹកជញ្ជូនអនុលោកយ៉ាងពេញលេញច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីចៀសវាងការកកស្ទះទំនិញដែលបណ្ដាលមកពីការត្រួតពិនិត្យបច្ចេកទេសយានយន្ត។

ប៉ុន្តែមន្រ្តីដឹកនាំប្រតិបត្តិការត្រួតពិនិត្យនេះ បានឆ្លើយតបថាសមត្ថកិច្ចបានសម្រួលមិនឲ្យមានការកកស្ទះទំនិញនោះទេ។ លោក ហ៊ឹម យ៉ាន អគ្គស្នងការរងនៃអគ្គស្នងការនគរបាលជាតិ បានលើកឡើងដូច្នេះថា៖«ការយឺតយ៉ាវដឹកជញ្ជូនទំនិញក៏អត់មានបញ្ហាអ្វីដែរ យើងបានខិតខំសម្រួលមិនឲ្យមានការកកស្ទះទេ។ ហើយសូមបញ្ជាក់ថា ការរឹតបន្តឹងនេះដើម្បីសុវត្ថិភាពទាំអស់គ្នា ពិសេសមុនគេគឺសុវត្ថិភាពអ្នកបើកបរយានយន្ត ម្ចាស់យានយន្ត និងម្ចាស់ទំនិញ បើយើងទុកបណ្ដោយឲ្យ បញ្ហាបច្ចេកទេសយានយន្ត ដោយមិនបានត្រួតពិនិត្យមើល ហើយយានយន្តអត់សុវត្ថិភាព មុនគេគឺគាត់ខូចខាតធ្ងន់ណាស់»។ លោក ហ៊ឹម យ៉ាន បានឆ្លើយនឹងសំណួររបស់អ្នកសារព័ត៌មានដូចនេះក្នុងសន្និសីទកាសែតស្ដីពីលទ្ធផលត្រួតពិនិត្យរថយន្តធុនធ្ងន់នៅគោលដៅដើមទី នៅថ្ងៃទី២ខែកក្កដានេះ។

បើតាមលទ្ធផលត្រួតពិនិត្យរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ខែមិថុនា រថយន្តដឹកទំនិញសរុបចំនួន១៩៥៤គ្រឿង ត្រូវបានត្រួតពិនិត្យទាំងលក្ខណៈបច្ចេកទេស និងឯកសារពាក់ព័ន្ធ។ ជាលទ្ធផលក្រុមការងារបានរកឃើញថា រថយន្តល្មើសសរុបមានចំនួនតែ២២៤គ្រឿង ស្មើនឹង១១ភាគរយ ដែលក្នុងនោះ៣០ភាគរយ ល្មើសលើលិខិតស្នាម និង៧០ភាគរយល្មើសលើលក្ខណៈបច្ចេកទេស៕

Tag:
 កំពង់ផែ
  GMAC
  រោងចក្រកាត់ដេរ
© រក្សាសិទ្ធិដោយ thmeythmey.com