ជាតិ
សង្គមជាតិ
ស្ត្រីម្នាក់ មានទោសដល់ទៅ១៦៥ឆ្នាំ! ស្ថាប័នសិទ្ធិមនុស្ស ជួយសម្រួលយកកូនអាយុ៣ឆ្នាំឲ្យអង្គការចិញ្ចឹម
02, Jul 2019 , 8:29 pm        
រូបភាព
រូបពីគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
រូបពីគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
ក្រោយបានចុះសួរសុខទុក្ខអ្នកជាប់ឃុំ នៅមណ្ឌលអប់រំកែប្រែទី២ (ម២) គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានរកឃើញស្ត្រីម្នាក់ មានទោសជាច្រើនបូកផ្សំបញ្ចូលគ្នា រហូតដល់ទៅមានទោសសរុប១៦៥ឆ្នាំ ដោយមានទាំងកូនប្រុសតូចម្នាក់អាយុទើបឆ្នាំ៣ឆ្នាំនៅជាមួយផង។



គណៈកម្មាធិការសិទ្ធិមនុស្ស បានស្វែងរកអង្គការក្រៅរដ្ឋាភិបាល ដើម្បីឲ្យជួយយកក្មេងនោះទៅចិញ្ចឹម។ ទីបំផុតមានអង្គការមួយ គឺ អង្គការការអភិវឌ្ឍកុមារកម្ពុជា បានស្ម័គ្រចិត្តទទួលយក។

នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩នេះ គណៈកម្មាធិការសិទ្ធិមនុស្ស បានពិភាក្សាជាមួយអង្គការការអភិវឌ្ឍកុមារកម្ពុជា។ បន្ទាប់មក ក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្ស បានចុះទៅមណ្ឌលអប់រំកែប្រែទី២ ដើម្បីធ្វើបែបបទរដ្ឋបាល និងនីតិវិធីច្បាប់ ក្នុងការទទួលយកក្មេងចេញពីពន្ធនាគារ ប្រគល់ទៅឲ្យអង្គការការអភិវឌ្ឍកុមារកម្ពុជា ដែលស្ថិតនៅភូមិព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល។

លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស អះអាងថា ចៅក្រម បានប្រកាសសាលក្រមដល់ទៅ៩ឯណោះ ទាក់ទងនឹងបទល្មើសរបស់ស្រ្តីរូបនោះ ដែលសរុបទោលដល់ទៅ១៦៥ឆ្នាំ។ ប៉ុន្តែ លោក លើកឡើងថា ទោសទាំងនេះ មិនទាន់ចូលជាស្ថាពរនោះទេ។ លោក បញ្ជាក់ថា «មិនទាន់ស្រូបទោសនៅឡើយទេ។ កាលណាមានទោសច្រើន ស្រូបទោស គឺយកទោសដែលមានចំនួនច្រើនជាងគេ។ នេះគ្រាន់តែជាទោសសរុប៩សាលក្រម»។ 

យ៉ាងណា ចំពោះលោក អ្វីដែសំខាន់ គឺបញ្ហាកូនរបស់ស្រ្តីជាប់ទោសរូបនោះ។ តាមរយៈសំណេរលើគណនីហ្វេសប៊ុក លោក បានបង្ហាញអារម្មណ៍បែបនេះ ៖ «ខ្ញុំពិតជាអាណិត និង រន្ធត់ក្នុងចិត្តខ្លាំងណាស់ដែលចាំបាច់ត្រូវខិតខំរកអង្គការណា ដែលមានលក្ខណ:សម្បត្តិគ្រប់គ្រាន់ ទទួលយកក្មេងនោះ ហើយអាចផ្តល់ទាំងអាហារ និងចំណេះ»។

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សរូបនេះ បានអរគុណអ្នកស្រី ឈូក សីហា នាយិកាអង្គការការអភិវឌ្ឍកុមារកម្ពុជា ដែលទទួលយកក្មេងទៅចិញ្ចឹម។ លោក អំពាវនាវដល់សប្បុរសជន ឲ្យជួយដល់អង្គការនេះ។ លោក ក៏បានអំពាវនាវដល់ឪពុកម្តាយ និងអាណាព្យាបាលផងដែរ កុំឲ្យប្រព្រឹត្តិបទល្មើស ព្រោះពេលមានទោស អាចប៉ះពាល់ដល់អនាគតរបស់កូន។

លោកមេធាវី សុក សំអឿន ប្រាប់សារព័ត៌មានថ្មីៗថា ក្នុងច្បាប់កម្ពុជា ទោសធ្ងន់បំផុតត្រឹម៣០ឆ្នាំ និងមួយជីវិត។ ចំពោះករណីស្ត្រីខាងលើ លោកមេធាវី លើកឡើងថា ពេលសាលក្រមចូលជាស្ថាពរ តុលាការ នឹងបើកសវនាការម្តងទៀត ដើម្បីស្រូបទោស។ លោក ពន្យល់ថា៖ «ក្នុងចំណោមទោសទាំង៩ ទោសណាធ្ងន់ជាងគេ គឺយកទោសហ្នឹង ហើយទោសផ្សេងទៀត ដែលស្រាលជាង គឺត្រូវរំលាយ និងបញ្ចូលទៅក្នុងទោសដែលធ្ងន់ជាងគេ»៕ 




Tag:
 ពន្ធនាគារ
  ស្ត្រី
  សិទ្ធិមនុស្ស
© រក្សាសិទ្ធិដោយ thmeythmey.com