ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មិនចេះ​ក៏​គួរ​រៀន​ញុាំ​! “​ទឹក​ការ៉ុត​” ប្រសើរ​ណាស់​ចំពោះ​សុខភាព​
03, Jul 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការ៉ុត ជា​បន្លែ​មើម​មួយ​ប្រភេទ​ដែលមាន​រសជាតិ​ឆ្ងាញ់​អាច​ទទួលទាន​បាន​ទាំង​ឆៅ ឬ​យកទៅ​ចម្អិន​ធ្វើ​ម្ហូប​ផ្សេងៗ​បាន​ច្រើន​មុខ​។ (​អាន ៖ ស្បែ​កកូន​របស់​អ្នកនឹង​ស្អាត​ហើយ​មិន​រមាស់​បើ​ធ្វើតាម​វិធី​នេះ​តើ​កូនស្រី​របស់​អ្នក​ចេះតែ​រមាស់​ស្បែក​មែន​ទេ​?) ទោះបីជា​ស្គាល់​និង​ឧស្សាហ៍​ញ៊ាំ ប៉ុន្តែ​ភាគច្រើន​នៃ​ពួកយើង​មិនសូវ​ទទួលទាន​ជា​លក្ខណៈ​ទឹក​បន្លែស្រស់​ឡើយ​។ ការ៉ុត​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម​ដែល​ចាំបាច់​សម្រាប់​សុខភាព ហើយ​ទឹក​ការ៉ុត​ស្រស់​កាន់តែ​ផ្ដល់​អត្ថប្រយោជន៍​បាន​ប្រសើរ​ថែមទៀត​។



ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​ផល​ល្អៗ​នៃ​ការ​ទទួលទាន​ទឹក​ការ៉ុត ១ កែវជា​ប្រចាំ ៖

១. គ្រប់គ្រង​សម្ពាធ​ឈាម​
 
​ការ៉ុត ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ beta-carotene ដែលមាន​ប្រសិទ្ធិភាព​គ្រប់គ្រង​សម្ពាធ​
​ឈាម​។ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែលមាន​វត្តមាន​ក្នុង​បន្លែ​នេះ​ក៏​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ និង​សម្រួល​លំ​ហូរឈាម​ត្រឹមត្រូវ​ផងដែរ​។ ដើម្បី​ដោះស្រាយ​បញ្ហា​សម្ពាធ​ឈាម​ទាប​ពេក​អ្នក​អាច​ទទួលទាន​ទឹក​ការ៉ុត​ស្រស់ ១ ពែង​លាយ​ជាមួយ​ទឹកឃ្មុំ ១ ស្លាបព្រា​កាហ្វេ ហើយ​ទទួលទាន​ឲ្យ​បាន ២ ដង​ក្នុង​មួយថ្ងៃ​ពេល​ពោះ​ទទេ​ដើម្បី​ឲ្យ​សម្ពាធ​ឈាម​ត្រឡប់មក​ប្រក្រតី​វិញ​។​
 
២. ពង្រឹង​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​
 
​នៅពេល​អ្នកទទួល​ទាន​ទឹក​ការ៉ុត​ស្រស់ ១ កែវ រាងកាយ​នឹង​រំញោច​ការបញ្ចេញ​ទឹក​អាស៊ីត​ក្រពះ ឬ​ទឹក​រំលាយ​អាហារ ហើយ​អនុញ្ញាត​ឲ្យ​អាច​ស្រូបយក​នូវ​អត្ថប្រយោជន៍​ពី​គ្រប់​មីក្រូ​និង​ម៉ាក្រូ​សារធាតុចិញ្ចឹម​ដែល​អ្នក​បាន​ទទួលទាន​។ ជាតិ​សរសៃ​ដែលមាន​ក្នុង​ការ៉ុត​ក៏​ជួយ​កម្ចាត់​បាក់តេរី​មិនល្អ​និង​សម្រួល​ដល់​ដំណើរការ​នៃ​ប្រព័ន្ធ​រំលាយ​អាហារ​ផងដែរ​។​
 
៣. បង្កើន​សុខភាព​ភ្នែក​
 
​ទឹក​ការ៉ុត​ស្រស់ មាន​ផ្ទុក​សារធាតុ lutein និង beta-carotene ដែល​ចាំបាច់​សម្រាប់​រក្សា​សុខភាព​ភ្នែក​ល្អប្រសើរ​មើលឃើញ​កាន់តែច្បាស់ ហើយ​ជៀស​ផុតពី​បញ្ហា​ភ្នែក​ផ្សេងៗ​។ ដូច្នេះ​ដើម្បី​ពង្រឹង​បង្កើន​សុខភាព​ភ្នែក​នោះ វិធី​ដ៏​ងាយ​មួយ​ដែល​អ្នក​គួរ​អនុវត្ត​ជាប្រចាំ គឺ​ការ​ទទួលទាន​ទឹក​ការ៉ុត​ស្រស់​។​
 
៤. បន្សាប​ជាតិ​នីកូទីន​
 
​នៅពេល​ជក់បារី​ជាតិ​នីកូទីន​អាច​ជ្រាប​ដល់​ខួរក្បាល ប្រព័ន្ធ​សរសៃឈាម និង​ស្ថិតក្នុង​រាងកាយ​របស់​អ្នក​រយៈពេល ៣ ថ្ងៃ ធ្វើ​ឲ្យ​ខូច​ខាត់​ដល់​ស្បែក​ថែមទៀត​។ ទោះជា​យ៉ាងណា ទឹក​ការ៉ុត​អាចជួយ​
​ទប់ស្កាត់​ប្រឆាំងនឹង​ផលប៉ះពាល់​អវិជ្ជមាន​នេះ​បាន​យ៉ាង​ប្រសើរ​! ទឹក​ការ៉ុត​ស្រស់​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម​សំខាន់ៗ​ដូចជា វីតាមីន A C K និង B ដែល​ជួយ​កម្ចាត់​ជាតិ​នីកូទីន​ចេញពី​ក្នុង​រាងកាយ​។​

៥. ទប់ស្កាត់​ជំងឺ​រលាក​សន្លាក់​
 
​ក្រៅពី​ល្អ​សម្រាប់​សុខភាព​ភ្នែក​ហើយ​នោះ វីតាមីន A ក៏មាន​ឥទ្ធិពល​ខ្លាំងក្លា​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​រលាក​ផងដែរ​។ ការដាក់​ប​ញ្ជូ​ល​ទឹក​ការ៉ុត​ស្រស់ ឬ​ការ៉ុត​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ គឺជា​វិធី​ដ៏​ងាយ ប៉ុន្តែ​មាន​ប្រសិទ្ធិភាព​ខ្ពស់​ជួយ​ទប់ស្កាត់​ជំងឺ​រលាក​សន្លាក់​មិន​ឲ្យ​កើតឡើង ឬ​កាត់បន្ថយ​អាកា​រៈ​នៃ​ជំងឺ​។​
 
៦. គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​
 
​កុំ​ខ្លាច​ថា​ជាតិ​ផ្អែម​នៃ​ទឹក​ការ៉ុត​ស្រស់​អាចធ្វើ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​អ្នក​ឡើង​ខ្ពស់​! ក៏​ព្រោះ​ការ៉ុត​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ carotenoids ដែលជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​មាន​ឥទ្ធិពល​ជួយ​បញ្ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​យ៉ាង​មាន​ប្រសិទ្ធិភាព​។​

៧. ទប់ស្កាត់​ជំងឺមហារីក​
 
​ទឹក​ការ៉ុត ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ carotenoids និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ច្រើន​ប្រភេទ​ទៀត​ដែល​ជួយ​រារាំង​កម្ចាត់​កោសិកា​មហារីក​ក្នុង​រាងកាយ​។ សារធាតុ  carotenoids មាន​ប្រសិទ្ធិភាព​ខ្ពស់​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺមហារីក​ពោះវៀនធំ​, មហារីក​ផ្លោក​នោម​, មហារីក​មាត់ស្បូន និង​មហារីក​បំពង់ក​។​
 
៨. កាត់បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​
 
​ទឹក​ការ៉ុត​ស្រស់ ជា​ប្រភព​ដ៏​ប្រសើរ​បំផុត​មួយ​នៃ​ជាតិ​ប៉ូ​តា​ស្យូ​ម​ដែលមាន​ប្រសិទ្ធិភាព​ជួយ​កាត់បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​។ លើសពីនេះទៅទៀត ជាតិ​សរសៃ​នៅក្នុង​ទឹក​ការ៉ុត​ក៏​ប្រសើរ​សម្រាប់​សុខភាព​ប្រព័ន្ធ​សរសៃឈាម​បេះដូង​ផងដែរ​។​
 
៩. សុខភាព​ស្បែក​ល្អប្រសើរ​
 
​វីតាមីន A ដើរតួនាទី​ជួយ​ការពារ​កោសិកា​ស្បែក​ពី​ការបំផ្លាញ​ផ្សេងៗ រក្សា​ជាតិ​សំណើម​នៃ​ស្បែក និង​ទប់ស្កាត់​ស្នាម​ខ្សែ ក៏ដូចជា​ស្នាម​ជ្រីវជ្រួញ​លើ​ស្បែក​ផងដែរ​។ ទឹក​ការ៉ុត​ស្រស់ ជា​ប្រភព​ដ៏​ប្រសើរ​បំផុត​មួយ​នៃ​វីតាមីន A ហើយ​ក៏មាន​ប្រសិទ្ធិភាព​ជួយ​ព្យាបាល​បញ្ហា ឬ​ជំងឺ​ស្បែក​ផ្សេងៗ​បាន​គួរ​ឲ្យ​កត់សម្គាល់​។​
 
១០. សុខភាព​សក់​
 
​ទឹក​ការ៉ុត​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​វីតាមីន A ដែល​ចាំបាច់​សម្រាប់​ការផលិត​ជាតិ​ប្រេង​ធម្មជាតិ​នៃ​សក់ ដើម្បី​រក្សាបាន​នូវ​ស្បែកក្បាល​មាន​សុខ​ភាពល្អ​។ ប្រសិនបើ​គ្មាន​ជាតិ​ប្រេង​គ្រប់គ្រាន់​ទេនោះ​ស្បែកក្បាល​នឹង​ប្រែជា​ស្ងួត ហើយ​រមាស់​៕​

ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com