Spurs ទិញ​ខ្សែបម្រើ Ndombele ពី Lyon ក្នុងតម្លៃ​កំណត់ត្រា​ក្លិប ៦៨​លាន​ដុល្លារ​
កីឡាអន្តរជាតិ
អន្តរជាតិ
Spurs ទិញ​ខ្សែបម្រើ Ndombele ពី Lyon ក្នុងតម្លៃ​កំណត់ត្រា​ក្លិប ៦៨​លាន​ដុល្លារ​
03, Jul 2019 , 7:39 pm        
រូបភាព
Tottenham Hotspur ទិញ​បាន​ខ្សែបម្រើ​អន្តរជាតិ​បារាំង Tanguy Ndombele ពី Lyon ក្នុង​ម្លៃ​កំណត់ត្រា ៥៣,៨ លាន​ផោន (៦៨​លាន​ដុល្លារ​អាមេរិក​) ក្នុង​កិច្ចសន្យា​រយៈពេល​៦​ឆ្នាំ​។​


 
​ខ្សែបម្រើ​វ័យ​២២​ឆ្នាំ ដែល​យល់ព្រម​ចុះកិច្ចសន្យា​ជាមួយ​មាន់​ខ្នាយ​មាស​រហូតដល់​ឆ្នាំ​២០២៥ បាន​បំបែក​កំណត់ត្រា​ផ្ទេរ​ថ្លៃ​បំផុត​របស់​ខ្សែការពារ Davinson Sanchez ដែល​ទិញ​ពី Ajax តម្លៃ ៥៣​លាន​ដុល្លារ​អាមេរិក កាលពី​ខែសីហា ឆ្នាំ​២០១៧​។​
 
Ndombele ដែល​បង្ហាញខ្លួន​ឲ្យ​ជម្រើសជាតិ​បារាំង​ចំនួន​៦​លើក បាន​ចាក​ចេញពី​ក្រុម Amiens ទៅ​ចូលរួម​ជាមួយ​ក្រុម Lyon នៅ​ឆ្នាំ​២០១៧ ដោយ​បង្ហាញខ្លួន​បាន​៩៦​ប្រកួត និង​ជួយ​ក្រុម​ទទួលបាន​ចំណាត់ថ្នាក់​ទី​៣​ក្នុង​តារាង​ក្របខណ្ឌ Ligue 1 បារាំង​រដូវ​កាល​មុន​។ 
 
​ការចាកចេញ​ជាមួយនឹង​តម្លៃ​ផ្ទេរ​ដ៏​ថ្លៃ​នេះ ក្លិប Lyon បាន​អរគុណ​ដល់ Ndombele ដែល​បាន​ជួយ​ក្រុម​ប្រកបដោយ​វិជ្ជាជីវៈ​ក្នុង​រយៈពេល​២​រដូវ​កាល​មកនេះ​។​
 
Ndombele ជា​កីឡាករ​ចំណូល​ថ្មី​ទី​ពីរ​របស់ Spurs ដែល​លោក Mauricio Pochettino នាំចូល​សម្រាប់​រដូវ​កាល​ថ្មី ២០១៩-២០ នេះ​បន្ទាប់ពី​យកបាន​ខ្សែប្រយុទ្ធ​វ័យក្មេង Jack Clarke សញ្ជាតិ​អង់គ្លេស​ពី​ក្លិប Leeds United ក្នុងតម្លៃ​ជាង​១២​លាន​ដុល្លារ​អាមេរិក​៕


ខ្សែប្រយុទ្ធវ័យក្មេង Jack Clarke

Tag:
 បាល់ទាត់​
  Tottenham Hotspur
  Tanguy Ndombele
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម