អ៊ីរ៉ង់​ថា ខ្លួន​បាន​ស្ដុក​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូ​ម​លើសពី​កម្រិត​កំណត់​ក្នុង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​
អន្តរជាតិ
អ៊ីរ៉ង់​ថា ខ្លួន​បាន​ស្ដុក​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូ​ម​លើសពី​កម្រិត​កំណត់​ក្នុង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​
03, Jul 2019 , 7:59 pm        
រូបភាព
ដោយ: VOA
​ប្រទេស​អ៊ីរ៉ង់​បានប្រកាស​កាលពី​ថ្ងៃ​ចន្ទ ថា ខ្លួន​បាន​ស្ដុក​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូ​ម​លើសពី​ចំនួន​កម្រិត ដែល​ខ្លួន​បាន​ព្រមព្រៀង​នៅក្នុង​កិច្ចព្រមព្រៀង​អន្តរជាតិ​ឆ្នាំ​២០១៥ ដែល​ដាក់​កម្រិត​មិន​ឲ្យ​ប្រទេស​ខ្លួន​ផលិត​អាវុធ​នុយក្លេអ៊ែរ​។

 
​រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់ លោក Mohammad Javad Zarif បាន​ថ្លែងប្រាប់​បណ្ដាញសារព័ត៌មាន​ពាក់កណ្ដាល​ផ្លូវការ ISNA ថា «​អ៊ីរ៉ង់​បាន​ផ្ទុក​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូ​ម​លើ​កម្រិត​កំណត់​៣០០​គីឡូ​ក្រា​ម‍​...​​»​។​
 
​ទីភ្នាក់ងារ​ឃ្លាំមើល​ការផលិត​បរមាណូ​រប​ស់​អង្គការសហប្រជាជាតិ​បានបញ្ជាក់​កាលពី​ថ្ងៃ​ចន្ទ​ថា ប្រទេស​អ៊ីរ៉ង់​ពិតជា​ផ្ទុក​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូ​ម​លើសពី​កម្រិត​កំណត់​នៅក្នុង​កិច្ចព្រមព្រៀង​អន្តរជាតិ​នោះ​ប្រាកដ​មែ​ន‍​។​
 
​ការប្រកាស​របស់​អ៊ីរ៉ង់​ត្រូវបាន​គេ​ជឿថា គឺជា​លើកទីមួយ​ហើយ​ដែល​អ៊ីរ៉ង់​បាន​បំពាន​ទៅនឹង​កិច្ចព្រមព្រៀង​ដែល​ខ្លួន​បាន​ព្រមព្រៀង​ជាមួយនឹង​ប្រទេស​មហាអំណាច​ចំនួន​៦​ផ្សេងទៀត ដោយ​រួមទាំង​សហរដ្ឋអាមេរិក​និង​សហភាព​អឺរ៉ុប ដើម្បី​ជា​ថ្នូរ​នឹង​ការដក​ទណ្ឌកម្មសេដ្ឋកិច្ច​ប្រឆាំងនឹង​រដ្ឋាភិបាល​ក្រុង​តេ​ហេ​រ៉ង់​នេះ​។ សហរដ្ឋអាមេរិក​បាន​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នោះ​កាលពី​ឆ្នាំមុន​។​
 
​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក Benjamin Netanyahu បាន​មានប្រសាសន៍​កាលពី​ថ្ងៃ​ចន្ទ​ថា ចំណាត់ការ​របស់​អ៊ីរ៉ង់​គឺជា «​ជំហាន​ដ៏​សំខាន់​មួយ​ក្នុង​ការផលិត​អាវុធ​នុយក្លេអ៊ែ​រ‍​» និង​បាន​ជំរុញ​ឲ្យ​អឺរ៉ុប​ដាក់ទណ្ឌកម្ម​បរមាណូ​ទៅលើ​ប្រទេស​អ៊ីរ៉ង់​ផងដែរ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com