ក្រោមកិច្ចសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ (JICA) អគ្គិសនីកម្ពុជា (EDC) នឹងជីកផ្លូវកប់បណ្តាញខ្សែកាបអគ្គិសនី ដើម្បីតភ្ជាប់ខ្សែកាបអគ្គិសនី ពីអនុស្ថានីយអូរបែកក្អម GIS NCC ទៅអនុស្ថានីយ GIS1 ទួលសង្កែ ដោយឆ្លងកាត់កំណាត់ផ្លូវដល់ទៅ២៤ខ្សែ ដែលត្រូវប្រើពេលស្ទើរពេញមួយខែនៃខែកក្កដានេះ។ នេះបើតាមសេចក្តីជូនដំណឹង ដែលចេញដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩។
កំណាត់ផ្លូវទាំង២៤ខ្សែនោះ គឺ អនុស្ថានីយ៍អូរបែកក្អម GIS NCC, ផ្លូវលេខ២៦៥, ផ្លូវលេខ២១៨, ផ្លូវលេខ២៥៣, ផ្លូវលេខ២៣០, វិថីនេរុហ៍, មហាវិថីព្រះសីហនុ, ផ្លូវលេខ១៦៣, ផ្លូវលេខ២៧៨, ផ្លូវលេខ៥៧, ផ្លូវលេខ២៩៤, វិថីសុធារស, ផ្លូវខាងជើងជាប់ស្ថានទូតរុស្ស៊ី, វិថីឧបាសក ស ប៊ិត, ផ្លូវខាងជើងសួនច្បារសម្តេច ហ៊ុន សែន, វិថីសុរាម្រិត, វិថីឧកញ៉ា ស៊ូ ស្រ៊ុន, ផ្លូវលេខ២៤៤, ផ្លូវលេខ១៩, ផ្លូវលេខ២០២, ផ្លូវលេខ១៣, ផ្លូវលេខ៩៤, ផ្លូវរង្វង់មូលវត្តភ្នំ, ផ្លូវលេខ៩៣, និង អនុស្ថានីយ GIS1 ទួលសង្កែ។
លោក ឃួង ស្រេង ស្នើដូច្នេះថា៖«សូមបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅសងខាងតម្រាយផ្លូវខាងលើ និងអ្នកធ្វើដំណើរ មេត្តាយោគយល់អធ្យាស្រ័យខ្ពស់ ចំពោះការរំខានដោយសកម្មភាពការដ្ឋាន និងសូមពង្វាងចរាចរណ៍ចេញពីផ្លូវដូចបានជម្រាបជូនខាងលើ»៕