ជាតិ
អាស៊ាន ព្រួយបារម្ភ​ពី​ការ​ចរាចរ​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ក្នុង​តំបន់​
03, Jul 2019 , 3:47 pm        
រូបភាព
រូបពីហ្វេសប៊ុកក្រសួងសុខាភិបាល
រូបពីហ្វេសប៊ុកក្រសួងសុខាភិបាល
​ភ្នំពេញ​៖ អាស៊ាន កំពុង​ព្រួយបារម្ភ​ពី​ផលប៉ះពាល់​សេដ្ឋកិច្ច ដែល​កើតចេញពី​ការ​ចរាចរ​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព ។ ក្តី​ព្រួយបារម្ភ​នេះ ត្រូវបាន​លើកឡើង​នៅក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ស្តីពី «​ការពង្រឹង​កិច្ចសហការ​ក្នុង​តំបន់​សម្រាប់​ការងារ​ប្រយុទ្ធប្រឆាំង​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព​» កាលពី​ថ្ងៃទី​១ និង​២​កក្កដា នៅលើ​ទឹកដី​សៀមរាប​។ នេះ​បើតាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​។​


 
​សមាជិក​អាស៊ាន​ទាំង​១០​ប្រទេស និង​ដៃគូ​ពាក់ព័ន្ធ បានចាត់ទុក​ការ​ចរាចរ​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព តាមរយៈ​ការលក់ និង​ចែកចាយ​ឱសថ​គ្មាន​ប្រភព​ច្បាស់លាស់ ព្រមទាំង​ការលក់​ឱសថ តាមរយៈ​អន​ឡាញ​នោះ វា​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ក្នុង​តំបន់​អាស៊ាន ប៉ះពាល់​ដល់​សេដ្ឋកិច្ចជាតិ និង​សេដ្ឋកិច្ច​ក្នុង​តំបន់​។ របាយការណ៍​របស់​អង្គប្រជុំ​នោះ បានចាត់ទុក​បញ្ហា​នេះ ជា​បន្ទុក​មួយ​ដ៏​ធ្ងន់ធ្ងរ​សម្រាប់​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន ដែល​ត្រូវ​រិះរក​វិធានការ​រួមគ្នា ក្នុងការ​ដោះស្រាយ​បញ្ហា​ដ៏​ស្មុគស្មាញ​នេះ​។​
 
​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល ដែល​បាន​ស្រង់​លទ្ធផល​នៃ​កិច្ចប្រជុំ​នោះ បាន​បញ្ជាក់ថា​៖« (​អង្គប្រជុំ​) បានកំណត់ និង​បង្ហាញ​ពី​បញ្ហា​ប្រឈម​នានា ពាក់ព័ន្ធ​នឹង​កម្រិត​នៃ​ការអនុវត្ត​ច្បាប់ និង​ការអនុវត្ត​យុទ្ធសាស្ត្រ​របស់​អង្គការ​សុខភាព​ពិភពលោក ដើម្បី​ទប់ស្កាត់​ការ​ចរាចរ ការស្រាវជ្រាវ និង​ការឆ្លើយតប​ក្នុងការ​ប្រយុទ្ធប្រឆាំង​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព​នៅក្នុង​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន​»​។ 
 
​បន្ថែម​ពីនេះ​សមាជិក​ក្នុង​អង្គប្រជុំ​ទាំងអស់ បាន​ចែករំលែក​បទពិសោធន៍ និង​កំណត់​នូវ​សកម្មភាព​សម្រាប់​កិច្ចប្រឹងប្រែង​រួមគ្នា ដើម្បី​ប្រយុទ្ធប្រឆាំង​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព​នេះ​។ ជាពិសេស​ការរៀបចំ​ផែនការ​សកម្មភាព​រួម​គ្នា សម្រាប់​ការងារ​ប្រយុទ្ធប្រឆាំង​ឱសថ​ក្លែងក្លាយ នុង​អន់​គុណភាព ដែល​ត្រូវ​ស្នើ​ឲ្យ​មានការ​គាំទ្រ​ពី​រដ្ឋមន្ត្រី​សុខាភិបាល​នៃ​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន នៅក្នុង​កិច្ចប្រជុំ​លើក​ទី​១៤ នៅ​ខែសីហា​ខាងមុខ​។​
 
​លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល ចាត់ទុក​ការព្រួយបារម្ភ​របស់​ស​មា​ជិ​ក​អាស៊ាន​ទាំងអស់នេះ គឺជា​ចំណុច​ស្នូល​មួយ ដែល​ជំរុញ​ឲ្យ​បង្កើន​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត ដើម្បី​ប្រយុទ្ធប្រឆាំង​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព​ក្នុង​តំបន់​។ បើតាម​លោក វណ្ណឌី​ន សេចក្តីព្រាង​ចំណុច​គន្លឹះ​ពាក់ព័ន្ធ​ការប្រយុទ្ធប្រឆាំង​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព​នេះ វា​ជាការ​ប្ដេជ្ញាចិត្ត​រួមគ្នា ក្នុងការ​បង្កើន​សកម្ម​ភាព​ប្រយុទ្ធ​ប្រឆាំងនឹង​ការគំរាមកំហែង​សុខភាព​សាធារណៈ ដែលមាន​លក្ខណៈ​ជា​សាកល​។​
 
«​យើងទាំងអស់គ្នា​កំពុងប្រកាន់យក​នូវ​ភាពជា​ដៃគូ​ប្រទាក់ក្រឡា​គ្នា តាមរយៈ​ការបើកទ្វារ​សម្រាប់​កិច្ចសហការ និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត ក្នុងការ​ប្រយុទ្ធប្រឆាំង​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព ហើយ​បន្ត​ពង្រឹង​ក្របខណ្ឌ​ច្បាប់​តាម​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន លើកកម្ពស់​សមត្ថភាព​មន្ត្រី​ជំនាញ និង​មន្ត្រី​អនុវត្ត​ច្បាប់ ព្រមទាំង​បន្ត​ពង្រឹង​យន្តការ​អភិបាលកិច្ច ពាក់ព័ន្ធ​ការងារ​គ្រប់គ្រង​ឱសថ​ឲ្យ​បាន​កាន់តែ​ប្រសើរឡើង​បន្ថែមទៀត​»​។ នេះ​ជាការ​បញ្ជាក់​របស់​រដ្ឋ​លេខាធិការ​ក្រសួងសុខាភិបាល​។​

អត្ថបទទាក់ទង

​ទាក់ទង​នឹង​បញ្ហា​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព​នេះ លោក Jean-Gaetan GUILLEMAUD ប្រធាន​គណៈកម្មាធិការ​សុខុមាលភាព​នៃ​សភាពាណិជ្ជកម្ម​អឺរ៉ុប និង​ជានា​យក​ក្រុមហ៊ុន​Zuelling Pharma ប្រចាំ​កម្ពុជា ធ្លាប់បាន​និយាយថា ពលរដ្ឋ​មួយ​នាក់​ក្នុងចំណោម​ប្រជាពលរដ្ឋ​ខ្មែរ ជាង​១៦​លាន​នាក់ ត្រូវបាន​ស្លាប់ រៀងរាល់​ពេល​៤​ម៉ោង​ម្តង ដោយសារ​ការប្រើប្រាស់​ឱសថ​ក្លែងក្លាយ​។  
 
​ត្រង់ចំណុច​នេះ​លោក Jean-Gaetan បាន​សង្កត់ធ្ងន់ថា ឱសថ​ក្លែងក្លាយ​បានសម្លាប់​មនុស្ស​ក្នុង​មួយថ្ងៃ ច្រើនជាង​ភេរវ​ករ​សម្លាប់​មនុស្ស​ក្នុង​មួយឆ្នាំ​។ លោក​ថា អ្នកស្លាប់​មាន​ចំនួន​៥​ដង ដោយសារ​ប្រើប្រាស់​ឱសថ​ក្លែងក្លាយ បើ​ធៀប​នឹង​ចំនួន​អ្នកស្លាប់ ដោយសារតែ​ញៀន​ថ្នាំ ឬ​ការប្រើប្រាស់​គ្រឿងញៀន​ហួស​កម្រិត​។ បើតាម​លោក Jean-Gaetan មាន​ឱសថ​៧​ក្នុងចំណោម​១០​មុខ លក់​នៅលើ​ទីផ្សារ​កម្ពុជា គឺជា​ឱសថ​ក្លែងក្លាយ​។ ប្រធាន​គណៈកម្មាធិការ​សុខុមាលភាព​នៃ​សភាពាណិជ្ជកម្ម​អឺរ៉ុប​រូបនេះ បាន​បន្ថែមថា មាន​ប្រជាជន​ជាង​១​លាន​នាក់ នៅ​ទូទាំង​ពិភពលោក ត្រូវបាន​ស្លាប់​ជា​រៀងរាល់ឆ្នាំ ដោយសារ​ប្រើប្រាស់​ឱសថ​ក្លែងក្លាយ​៕
 

Tag:
 អាស៊ាន​
  WHO
  ឱសថ​ក្លែងក្លាយ
© រក្សាសិទ្ធិដោយ thmeythmey.com