ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន ស្នើអន្តរជាតិ «គិតឲ្យដិតដល់» មុនដកភាពអនុគ្រោះពីកម្ពុជានិងរដ្ឋក្រីក្រដទៃទៀត
03, Jul 2019 , 3:43 pm        
រូបភាព
ប្រមុខរដ្ឋាភិបាលកម្ពុជា ឡើងថ្លែងក្នុងពិធីបើកកិច្ចប្រជុំនៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) ស្តីពីការត្រួតពិនិត្យឡើងវិញជាសាកលលើជំនួយសម្រាប់ពាណិជ្ជឆ្នាំ២០១៩ នៅក្រុងហ្សឺណែវ ប្រទេសស្វីស នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩
ប្រមុខរដ្ឋាភិបាលកម្ពុជា ឡើងថ្លែងក្នុងពិធីបើកកិច្ចប្រជុំនៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) ស្តីពីការត្រួតពិនិត្យឡើងវិញជាសាកលលើជំនួយសម្រាប់ពាណិជ្ជឆ្នាំ២០១៩ នៅក្រុងហ្សឺណែវ ប្រទេសស្វីស នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩
ក្នុងពិធីបើកកិច្ចប្រជុំនៃអង្គការពាណិជ្ជកម្មពិភពលោក ស្តីពីការត្រួតពិនិត្យឡើងវិញជាសាកលលើជំនួយសម្រាប់ពាណិជ្ជកម្មឆ្នាំ២០១៩ នៅក្រុងហ្សឺណែវ ប្រទេសស្វីស នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩នេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងពីការរីកចម្រើនរបស់កម្ពុជាលើវិស័យជាច្រើន ជាពិសេសកំណើនសេដ្ឋកិច្ច ដែលធ្វើឲ្យភាពក្រីក្រនៅកម្ពុជា ធ្លាក់មកនៅក្រោម១០ភាគរយ នៅឆ្នាំ២០១៨។



យ៉ាងណា សម្តេចនាយករដ្ឋមន្រ្តី នៅតែអំពាវនាវឲ្យសហគមន៍អន្តរជាតិ បន្តជួយកម្ពុជា និងប្រទេសអភិវឌ្ឍតិចតួចដទៃទៀត។ សម្តេច ថ្លែងថា ចក្ខុវិស័យរបស់កម្ពុជា គឺការប្រែក្លាយកម្ពុជា ឲ្យទៅជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ដើម្បីឲ្យកម្ពុជា សម្រេចបានគោលដៅនេះ ក៏ដូចជាជួយប្រទេសអភិវឌ្ឍតិចតួច ឲ្យចាកចេញពីភាពក្រីក្រឲ្យបានឆាប់រហ័ស ប្រមុខរដ្ឋាភិបាលកម្ពុជា បានស្នើដល់បណ្តារដ្ឋជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក និងដៃគូអភិវឌ្ឍទាំងអស់ ឲ្យពិចារណាផ្តល់ការឧបត្ថម្ភគាំទ្របន្តទៀត។

ចំណុចសំខាន់ៗ ដែលប្រមុខរដ្ឋាភិបាលកម្ពុជា ស្នើទៅបណ្តាប្រទេសទាំងនោះ គឺការពង្រឹងភាពប្រកួតប្រជែងរបស់ប្រទេសអភិវឌ្ឍតិចតួច ហើយជួយគាំទ្រដល់កម្មវិធី និងដំណើរចាកចេញពីប្រទេសអភិវឌ្ឍតិចតួច។ លើសពីនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា សុំឲ្យប្រទេសទាំងនោះ បន្តនិងបង្កើនការផ្តល់ភាពអនុគ្រោះនានា តាមរយៈប្រព័ន្ធពាណិជ្ជកម្មពហុភាគី ឬឯកតោភាគី ហើយ «ត្រូវពិចារណាឲ្យបានដិតដល់ មុននឹងដាក់វិធានការព្យួរឬដកចេញនូវភាពអនុគ្រោះពីប្រទេសអភិវឌ្ឍតិចតួច»។

នៅចំពោះមុខមេដឹកនាំនានាលើពិភពលោក មេដឹកនាំកម្ពុជា បង្ហាញពីគុណវិបត្តិថា ការព្យួរឬការដកនេះ នឹងធ្វើឲ្យប្រទេសក្រីក្រ ឬប្រទេសអភិវឌ្ឍតិចតួចទាំងនោះ មិនអាចជួយពិភពលោក ឲ្យសម្រេចបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាពបានទេ ហើយក៏មិនអាចជួយពួកគេ ឲ្យចាកចេញពីឋានៈប្រទេសអភិវឌ្ឍតិចតួចបានដែរ។ មេដឹកនាំកម្ពុជា សង្កត់ធ្ងន់ដូច្នេះថា៖«ចលនានេះ គឺជាដំណើរការផ្ទុយទាំងស្រុងទៅនឹងគោលការណ៍របស់អង្គការសហប្រជាជាតិ និងអង្គការពាណិជ្ជកម្មពិភពលោក»៕

Tag:
 ហ៊ុន សែន​
  WTO
  EBA
  ពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com