អន្តរជាតិ
កំពុង​ទាស់​ជាមួយ​អាមេរិក​, តួ​ក​គី បោះដៃ​រក​ចិន​?
03, Jul 2019 , 4:29 pm        
រូបភាព
ប្រធានាធិបតីចិន ស៊ី ជិនភីង ស្វាគមន៍ប្រធានាធិបតីតួកគី រ៉េស៊ីប តៃយីប អ៊ែរដូហ្កាន់។ រូបភាព Xinhua
ប្រធានាធិបតីចិន ស៊ី ជិនភីង ស្វាគមន៍ប្រធានាធិបតីតួកគី រ៉េស៊ីប តៃយីប អ៊ែរដូហ្កាន់។ រូបភាព Xinhua
​ប្រធានាធិបតី​តួ​ក​គី រ៉េ​ស៊ី​ប តៃ​យី​ប អ៊ែរ​ដូ​ហ្កា​ន់ កំពុងស្ថិត​ក្នុង​ទីក្រុង​ប៉េកាំង​ដើម្បី​ធ្វើ​ទស្សនកិច្ច​ផ្លូវរដ្ឋ​តាម​ការអញ្ជើញ​របស់​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង ។ ជា​ដំណើរ​ទស្សនកិច្ច​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី វត្តមាន​លោក អ៊ែរ​ដូ​ហ្កា​ន់ នៅ​ទឹកដី​ចិន​ពេលនេះ កើតឡើង​ស្រប​ពេលដែល​តួ​ក​គី​កំពុង​មើលមុខ​គ្នា​មិនត្រូវ​ជាមួយ​អាមេរិក​លើ​សំណុំរឿង​ប្រព័ន្ធ​ការពារ S-400 និង​យន្តហោះ F-35 ។ តើ​តួ​ក​គី កំពុង​រក​មិត្ត​ថ្មី​នៅ​ទិសខាងកើត ខណៈ​ទាស់ទែង​មិត្ត​ទិស​ខាងលិច​?

 
​ខាងមុខ​មហា​វិមាន​ប្រជាជន​ចិន​នាទី​ក្រុង​ប៉េកាំង ប្រធានាធិបតី​តួ​ក​គី រ៉េ​ស៊ី​ប តៃ​យី​ប អ៊ែរ​ដូ​ហ្កា​ន់ ត្រូវបាន​ស្វាគមន៍​យ៉ាង​អធិកអធម​ពី​សំណាក់​ម្ចាស់ផ្ទះ​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង ហើយ​ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា​ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើ​វិស័យ​ជាច្រើន​ពិសេស​ការប្រឆាំង​ភេរវកម្ម​។ នេះ​ជា​ជំនួប​លើក​ទី​ពីរ​ក្នុង​រយៈពេល​មិន​ដល់​មួយខែ​ផង​រវាង​មេដឹកនាំ​ចិន និង​តួ​ក​គី​។ 
 
​ដំណើរ​ទស្សនកិច្ច​រប​ស់លោក អ៊ែរ​ដូ​ហ្កា​ន់ ធ្វើឡើង​បួន​ខែ​បន្ទាប់ពី​ក្រុង​អង់កា​រ៉ា និង​ប៉េកាំង​ប៉ះ​សម្ដី​គ្នា​មួយ​ប្រាវ​ជុំវិញ​ការរំលោភបំពាន​សិទ្ធិមនុស្ស​លើ​ជនភាគតិច​នៅ​តំបន់​ស្វយ័ត​ស៊ីន​ជាំ​ង​។ កាលនោះ ក្រសួងការបរទេស​តួ​ក​គី​ហៅ​យុទ្ធនាការ​របស់​អាជ្ញាធ​រ​ចិន​លើ​ជនភាគតិច​វី​ហ្គ័​រ​ដែល​និយាយ​ភាសា​តួ​ក​គី ថា ជា​ភាពអាម៉ាស់​របស់​មនុស្ស​ជាតិ​។ នេះ​ក៏​ព្រោះតែ​ជនជាតិ​វី​ហ្គ័​រ រួមទាំង​ជនភាគតិច​ផ្សេងទៀត ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរ​កែប្រែ​ដើម្បី​លាង​សម្អាត​ភាពជ្រុលនិយម និង​មនោគមន៍​មិនល្អ​។ 
 
​ប៉ុន្តែ​នា​ជំនួប​ថ្ងៃទី​២ ខែកក្កដា ប្រធានាធិបតី​តួ​ក​គី ហាក់​និយាយ​ទន់ភ្លន់​ចំពោះមុខ​លោក ស៊ី ។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន Xinhua លោក អ៊ែរ​ដូ​ហ្កា​ន់ និយាយថា ជនជាតិភាគតិច​ជាច្រើន​ដែល​រស់នៅ​ខេត្ត​ស៊ីន​ជាំ​ង​រស់នៅ​យ៉ាង​រីករាយ ហើយ​រឿងនេះ​កើតឡើង​បាន​ដោយសារ​ការរីកចម្រើន​របស់​ចិន​តែម្ដង​។ មេដឹកនាំ​តួ​ក​គី​បន្តថា ក្រុង​អង់កា​រ៉ា មិន​អនុញ្ញាត​ឲ្យ​នរណាម្នាក់​បង្កើត​រនាំង​ឧបសគ្គ​អ្វី​ដល់​ទំនាក់ទំនង​ទ្វេភាគី​ឡើយ​។ 
 
​នា​ជំនួប​ដដែល លោក ស៊ី បានស្នើ​ឲ្យ​ប្រទេស​ទាំងពីរ​គោរព​អធិបតេយ្យ​គ្នា​ទៅមក ផលប្រយោជន៍​ស្នូល​របស់​ប្រទេស​នីមួយៗ និង​បញ្ហាសំខាន់​ផ្សេងទៀត​។ ប្រធានាធិបតី​ចិន​ប្រា​ប់លោក អ៊ែរ​ដូ​ហ្កា​ន់ ថា ចិន​អរគុណ​តួ​ក​គី​ដែល​មិន​អនុញ្ញាត​ឲ្យ​មាន​ក្រុមប្រឆាំង​ចិន​នៅ​ទឹកដី​របស់ខ្លួន ក៏ដូចជា​ការគាំទ្រ​រប​ស់​តួ​ក​គី​ក្នុង​យុទ្ធនាការ​ប្រឆាំង​ភេរវកម្ម​របស់​ចិន​។ មេដឹកនាំ​ចិន​រូបនេះ​បន្តថា ប៉េកាំង​មាន​ឆន្ទៈ​ជំរុញ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ជាមួយ​អង់កា​រ៉ា​លើ​ការប្រយុទ្ធប្រឆាំង​ភេរវកម្ម​នេះ​។​

​បោះដៃ​រក​មិត្ត​ទិសខាងកើត ព្រោះ​កំពុង​ទាស់​ជាមួយ​មិត្ត​ទិស​ខាងលិច​?
 
​បច្ចុប្បន្ននេះ តួ​ក​គី​កំពុង​ល្វីង​មុខការ​គំរាម​ម្ដង​ជា​ពីរដង​ពី​សំណាក់​អាមេរិក​ដែល​មិន​សប្បាយចិត្ត​រឿង​តួ​ក​គី​ទិញ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល S-400 ពី​រុស្ស៊ី​។ អាមេរិក​គំរាម​លែង​លក់​យន្តហោះ F-35 បើ​តួ​ក​គីប​ន្ត​អនុវត្ត​កិច្ចព្រមព្រៀង​ទិញ​លក់​នេះ​ទៀត​នោះ​។ តួ​ក​គី​វិញ ប្រឹង​បកស្រាយ​ជា​លើក​ច្រើនលើក​ច្រើន​លើ​ការទិញ​សព្វាវុធ​ពី​រុស្ស៊ី​នេះ តែ​អាមេរិក​មិន​ស្ដាប់​ឡើយ ហើយ​គំរាម​ដាក់ទណ្ឌកម្ម​ទៀត​ផង​។ ប៉ុន្តែ​ស្របពេល​មើលមុខ​គ្នា​មិនសូវ​ចំ​ជាមួយ​លោកខាងលិច តួ​ក​គី​អា​ចរក​មិត្ត​ថ្មី​នៅ​ខាងកើត​បាន​។​
 
​ការជួប​ចរចា​គ្នា​ដល់​ទៅ​ពីរដង​ក្នុង​រយៈពេល​មិន​ដល់​មួយខែ​មក​ផង​នោះ ជា​សញ្ញា​បង្ហាញ​ពី​ទំនាក់ទំនង​កាន់តែ​ប្រសើរ​រវាង​ចិន និង​តួ​ក​គី​។ ការនិយាយ​ល្អ​ពី​ស្ថានភាព​នៅ​ស៊ីន​ជាំ​ង​ចំពោះមុខ​លោក ស៊ី ក៏​ទំនងជា​ការព្យាយាម​រប​ស់លោក អ៊ែរ​ដូ​ហ្កា​ន់ ក្នុងការ​ទាក់ទាញ​សមាន​ចិន ហើយ​រំពឹងថា ការដោះដូរ​ផ្នែក​ពាណិជ្ជកម្ម​នឹង​កាន់តែ​កើនឡើង​ដូចគ្នា​។ លោក ស៊ី អះអាងថា តួ​ក​គី​ដៃគូ​ដ៏​សំខាន់​ក្នុង​កិច្ចសហប្រតិបត្តិការ​ខ្សែក្រវាត់ និង​វិថី ហើយ​ថា ភាគី​ទាំងពីរ គួរ​ជំរុញ​ការធ្វើសមាហរណកម្ម​គំនិត​ផ្ដួចផ្ដើម​របស់​ចិន​ជាមួយ​គម្រោង​ច្រក​មជ្ឈិមបូព៌ា​របស់​តួ​ក​គី​ដើម្បី​បង្កើន​ការធ្វើ​ពាណិជ្ជកម្ម​៕

Tag:
 អាមេរិក​
  តួ​ក​គី​
  ចិន​
  ស៊ី ជិន​ភីង​
  Recep Tayyip Erdogan
© រក្សាសិទ្ធិដោយ thmeythmey.com