«​ភាពយន្ត​ជីវិត​» ធ្វើ​ឲ្យ​អ្នកស្រី ប៊ុន ចាន់​និមល សប្បាយចិត្ត​ជាង​ទំហំ​លុយ​ដែល​រកបាន​
ជាតិ
វីដេអូ
«​ភាពយន្ត​ជីវិត​» ធ្វើ​ឲ្យ​អ្នកស្រី ប៊ុន ចាន់​និមល សប្បាយចិត្ត​ជាង​ទំហំ​លុយ​ដែល​រកបាន​
03, Jul 2019 , 9:39 pm        
រូបភាព
​ភ្នំពេញ​៖ «​ភាពយន្ត​ជីវិត​» ជា​មាតិកា​អប់រំ​ថ្មី របស់​អ្នកស្រី ប៊ុន ចាន់​និមល ម្ចាស់​ផលិតកម្ម​សាស្ត្រា​។ ជា​អ្នកនិពន្ធ និង​ជា​អ្នកគ្រប់គ្រង​ផលិតកម្ម​សាស្ត្រា អ្នកស្រី ប៊ុន ចាន់​និមល បាន​បង្កើត​មាតិកា «​ភាពយន្ត​ជីវិត​» នៅ​ឆ្នាំ​២០១៩ ដែល​បង្ហាញ​នូវ​សាច់រឿង​អប់រំ និង​លើកទឹកចិត្ត​ដល់​អ្នកទស្សនា​។ តាមរយៈ​ភាពយន្ត​អប់រំ ដែល​ចាក់ផ្សាយ​រៀងរាល់ថ្ងៃ​អាទិត្យ​នៅលើ​កញ្ចក់​ទូរទស្សន៍​បាយ័ន និង​ក្នុង Youtube កន្លងមក បានធ្វើ​ឲ្យ​ទស្សនិកជន​ចាប់អារម្មណ៍ និង​ពេញចិត្ត​លើ​ស្នាដៃ​របស់​ក្រុមការងារ អ្នកស្រី ប៊ុន ចាន់​និមល​។


 
​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ អ្នកស្រី ប៊ុន ចាន់​និមល បានបញ្ជាក់​យ៉ាង​ដូច្នេះ​៖ «​លក្ខណៈពិសេស​របស់​រឿង​អប់រំ​នេះ គឺ​ធ្វើ​ឲ្យ​យើង​មាន​ក្ដី​សប្បាយរីករាយ​លើសពី​លុយ ដែល​យើង​ទទួលបាន​។ ពេលខ្លះ​យើង​ធ្វើ​ការងារ​ដើម្បី​លុយ ប៉ុន្តែ​របរ​ខ្លះ លុយ​មិនមែនជា​ក្ដី​សុខ​របស់​យើង​ទេ តែ​ការងារ​មួយ​នេះ ធ្វើ​ឲ្យ​យើង​មាន​ក្ដី​សុខ​ច្រើនជាង​លុយ​»​។ 
 
​សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន ThmeyThmey ជាមួយ​អ្នកស្រី ប៊ុន ចាន់​និមល អ្នកនិពន្ធ និង​ជា​ម្ចាស់​ផលិតកម្ម​សាស្ត្រា​ដូចតទៅ​៖ 

 
 
​មិនមែនជា​រឿង​ចៃដន្យ​ទេ ដែល​អ្នកស្រី ប៊ុន ចាន់​និមល បាន​ក្លាយជា​អ្នកនិពន្ធ និង​ជា​ម្ចាស់​ផលិតកម្ម​សាស្ត្រា​។ អ្នកស្រី ប៊ុន ចាន់​និមល បាន​ផ្ដើម​ការងារ​ពី​អ្នកសរសេរ​អត្ថបទ​ព័ត៌មាន​, អ្នកនិពន្ធ​ទំនុកច្រៀង និង​បាន​វិវឌ្ឍន​ខ្លួន​មកជា​អ្នកនិពន្ធ​ភាពយន្ត​។ អ្នកនិពន្ធ និង​ជា​អ្នកគ្រប់គ្រង​ផលិតកម្ម​រូបនេះ បានចាប់ផ្ដើម​ផលិតភាព​យន្ត​អប់រំ​នៅ​ឆ្នាំ​២០១៥ ដែល​ផលិត​ត្រឹម​រយៈពេល ៣​នាទី ទៅ ៥​នាទី ហើយ​រហូតដល់​ឆ្នាំ​២០១៩​នេះ អ្នកស្រី បាន​បង្កើត​មាតិកា​អប់រំ​ថ្មី គឺ «​ភាពយន្ត​ជីវិត​»​។ 
 
​មាតិកា «​ភាពយន្ត​ជីវិត​» បានធ្វើ​ឲ្យ​អ្នកស្រី ប៊ុន ចាន់​និមល មាន​ក្ដី​សប្បាយរីករាយ​លើសពី​លុយ​ដែល​រកបាន ដោយសារ​ភាពយន្ត​អប់រំ​នេះ បាន​លើកទឹកចិត្ត និង​ផ្ដល់​ដំណោះស្រាយ​ដល់​អ្នកទស្សនា​។ ​បើតាម​អ្នកស្រី ប៊ុន ចាន់​និមល ភាពយន្ត​អប់រំ​បែបនេះ បានផ្ដល់​អត្ថប្រយោជន៍​ដល់​អ្នកទស្សនា​ឲ្យ​ទទួលបាន​អារម្មណ៍​កម្សាន្ត និង​ចំណេះដឹង​។ អ្នកស្រី ប៊ុន ចាន់​និមល លើកឡើងថា គំនិត​នៃ​សាច់រឿង​អប់រំ កើតឡើង​តាមរយៈ​បទពិសោធន៍​, ការស្រាវជ្រាវ​, បរិបទ​សង្គម និង​គំនិត​ពី​សៀវភៅ​ជាដើម​។​
 
​ទោះបី​សាច់រឿង​របស់​អ្នកនិពន្ធ ប៊ុន ចាន់​និមល ទទួលបាន​ជោគជ័យ​ខ្លាំង​ក៏ដោយ ក៏​អ្នកស្រី​នៅតែមាន​ឧបសគ្គ​។ អ្ន​ក​ស្រី និមល ប្រាប់ថា​៖ «​តាម​ធម្មតា​ភាពយន្ត​អប់រំ មួយ​សប្ដាហ៍​យើង​ត្រូវ​ចេញ​មួយ​រឿង ទាមទារ​សាច់រឿង​ថ្មី ខុសពី​រឿង​ភាគ​ដែល​យើង​មាន​ប្រធាន​តែមួយ ហើយ​ចាក់​រាប់​ខែ​។ យើង​ស្រាវជ្រាវ​បាន​ច្រើន​ពី​សង្គម ហើយ​យើង​ចែក​ក្រុមការងារ​គ្នា​។ យើង​រៀបចំ​ការផលិត​ស្ដុក​ទុក ធ្វើ​ឲ្យ​យើង​អាច​ដោះស្រាយ​បញ្ហា​បាន​»​។ អ្នកស្រី ប៊ុន ចាន់​និមល បានរៀបចំ​សាច់រឿង​ទុក​រហូតដល់ ៣​ឆ្នាំ ហើយ​ដើម្បី​ផលិតភាព​យន្ត​អប់រំ​បាន​មួយ​រឿង ត្រូវការ​ក្រុមការងារ​ផលិត​ចំនួន ៣០​នាក់​៕

Tag:
 ប៊ុន ចាន់​និមល​
  ភាពយន្ត​ជីវិត​
  លុយ​
  សប្បាយចិត្ត​
  ភាពយន្ត​ជីវិត​
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម