កីឡាជាតិ
ជាតិ
លោក Akeep Tunji Ayoyinka ដឹកនាំវិសាខាបណ្តោះអាសន្ន ជំនួសលោក ហុក សុជីវ័ន លោក Akeep Tunji Ayoyinka នាពេលដឹកនាំបង្វឹកកន្លងមក។ រូបថត Visakha Football Club
× ក្លិបវិសាខា បានដំឡើងតួនាទីគ្រូជំនួយជនជាតិនីហ្សេរីយ៉ា លោក Akeep Tunji Ayoyinka ទៅជាគ្រូបង្វឹកក្លិបបណ្តោះអាសន្ន ជំនួសលោក ហុក សុជីវ័ន ដែលក្លិបបានបញ្ចប់កិច្ចសន្យា។ នេះបើតាមការប្រកាសរបស់ក្លិបវិសាខា តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន នារសៀលថ្ងៃទី៣ ខែកក្កដា ដោយរក្សាសិទ្ធិក្នុងការប្រកាសជាផ្លូវការនូវព័ត៌មានថ្មីៗខាងមុខទៀត។
លោក Akeeb Tunji Ayoyinka អាយុ៣៣ឆ្នាំ កើតនៅក្រុង Abadan ប្រទេសនីហ្សេរីយ៉ា។ លោកមិនមែនជាមនុស្សថ្មីឡើយនៅក្របខណ្ឌបាល់ទាត់កម្ពុជា ដោយលោកធ្លាប់ធ្វើជាកីឡាករនៅក្របខណ្ឌនេះ តាំងពីអំឡុងឆ្នាំ២០០៧មក ជាមួយក្លិបមហាគ្រុឌ ខេមរាកីឡា និងបានជោគជ័យយ៉ាងធំធេងជាមួយក្លិបភ្នំពេញក្រោន [អតីតភ្នំពេញអ៊ឹមផាយអឺ]។
អតីតខ្សែប្រយុទ្ធរូបនេះ ធ្លាប់លើកពានរង្វាន់សម្តេច ហ៊ុន សែន ជាមួយភ្នំពេញក្រោននៅឆ្នាំ២០០៩ [កាលណោះ សហព័ន្ធអនុញ្ញាតឲ្យកីឡាករបរទេសលេង] និងជាខ្សែប្រយុទ្ធដែលរកគ្រាប់បាល់បញ្ចូលទីឲ្យក្លិបក្នុងក្របខណ្ឌកំពូល នាឆ្នាំដដែលផងដែរ។
លោកធ្លាប់លេងឲ្យក្លិប Loei City នៃក្របខណ្ឌទី២របស់ថៃ និងធ្លាប់ទៅធ្វើតេស្តិ៍សាកល្បងសមត្ថភាពប្រទេសតួកគីផងដែរ ប៉ុន្តែមិនបានជោគជ័យឡើយ។ មុនក្លាយជាគ្រូជំនួយក្រោមការដឹកនាំរបស់លោក ហុក សុជីវ័ន គ្រូបង្វឹកនីហ្សេរីយ៉ារូបនេះ ដែលមានសញ្ញាបត្រគ្រូបង្វឹកកម្រិត B ក៏ធ្លាប់ធ្វើជាគ្រូជំនួយក្លិបវេស្ទើនភ្នំពេញ ដែលកាលណោះ ស្ថិតក្រោមការដឹកនាំរបស់ លោក ស៊ុម វណ្ណា ផងដែរ។ លោក ស៊ុម វណ្ណា បច្ចុប្បន្ន ជា គ្រូបង្វឹកបណ្តោះអាសន្ននៃក្លិបភ្នំពេញក្រោន។
ការងារចំពោះមុខ គ្រូបង្វឹករូបនេះ ត្រូវដឹកនាំក្រុមវិសាខាប្រជែងជាមួយក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ នាជំនួបវគ្គ១៦ក្រុមចុងក្រោយពានរង្វាន់សម្តេច ហ៊ុន សែន នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ នាកីឡដ្ឋានអគ្គិសនីកម្ពុជា។ បន្ទាប់មកលោកត្រូវដឹកនាំវិសាខាប្រជែងក្នុងពានរង្វាន់ក្របខណ្ឌខេមបូឌានលីគសប្តាហ៍ទី១៤ ដោយប៉ះជាមួយម្ចាស់ផ្ទះសូលទីឡូអង្គរនៅថ្ងៃទី៧ កក្កដា។
ប្រសិនបើមានការតែងតាំងផ្លូវការនោះ លោក Akeeb Tunji Ayoyinka នឹងក្លាយជាបុគ្គលបរទេសទីមួយ ដែលឆ្លងកាត់ប្រវត្តិជាកីឡាករផង និងគ្រូបង្គោល ក្នុងក្របខណ្ឌបាល់ទាត់កំពូលរបស់កម្ពុជា ខណៈកន្លងមក អតីតកីឡាករបរទេសមួយចំនួនក៏ធ្លាប់មានតួនាទី ជាគ្រូជំនួយផងដែរ៕
Tag:
វិសាខា
Akeep Tunji Ayoyinka
ហុក សុជីវ័ន
© រក្សាសិទ្ធិដោយ thmeythmey.com