សិង្ហបុរី ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩៖មូលនិធិព្រូដិនស៍ ដែលជាដៃគូអភិវឌ្ឍន៍សហគមន៍ របស់ក្រុមហ៊ុនព្រូដិនសលអាស៊ី និងមូលនិធិបណ្ដាញសប្បុរសធម៌អាស៊ី (AVPN) ដែលជាបណ្ដាញម្ចាស់មូលនិធិមានការិយាល័យក្នុងប្រទេសសិង្ហបុរី និងមានការប្ថេជ្ញាចិត្តក្នុងការអភិវឌ្ឍសហគមន៍ប្រកបដោយប្រសិទ្ធភាពខ្ពស់នៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក បានប្រកាសម្ចាស់ជ័យលាភី ក្នុងការប្រកួតប្រជែងគំនិតច្នៃប្រឌិតបច្ចេកវិទ្យាសម្រាប់គ្រោះមហន្តរាយជាលើកដំបូងរបស់ខ្លួន។ ការប្រកួតប្រជែងនេះ គឺជាដំណាក់កាលដ៏សំខាន់ នៃកម្មវិធីគំនិតច្នៃប្រឌិតបច្ចេកវិទ្យា សម្រាប់គ្រោះមហន្តរាយលើកដំបូង ក្នុងការលើកកម្ពស់សារៈសំខាន់ នៃបច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិត ដើម្បីការពារ និងសង្គ្រោះអាយុជីវិត នៅមុនពេល កំឡុងពេល និងក្រោយពេលមានគ្រោះមហន្តរាយធម្មជាតិឬហៅកាត់ថា «បច្ចេកវិទ្យាបង្កាគ្រោះមហន្តរាយ»។
បន្ទាប់ពីមានការប្រកាសស្វែងរកបេក្ខភាពពីទូទាំងពិភពលោក កាលពីដើមឆ្នាំនេះ ការប្រកួតជែងបានឈានដល់វគ្គបញ្ចប់ ក្នុងព្រឹត្តិការផ្សាយផ្ទាល់មួយនៅប្រទេសសិង្ហបុរី ដែលមានបេក្ខជនចូលរួមវគ្គផ្តាច់ព្រ័ត្រចំនួន ៥ រូប មកពីទូទាំងពិភពលោក ។ បេក្ខភាពទាំង ៥ មានមកពីអង្គការស្វែងរកប្រាក់ចំណេញ និងអង្គការមិនស្វែងរកប្រាក់ចំណេញ សម្រាប់គោលបំណងសង្គម និងដែលហៅកាត់ថា (SPOs) បានប្រកួតប្រជែងដោយផ្ទាល់ និងនៅចំពោះមុខក្រុមអ្នកជំនាញ ដែលជាគណៈកម្មការវិនិច្ឆ័យ។
ដោយមានការអនុវត្តគម្រោងមួយចំនួន ក្នុងទីផ្សារដូចជា កម្ពុជា ឥណ្ឌូណេស៊ី នេប៉ាល់ បង់ក្លាដែស ហ្វីលីពីន និងតៃវ៉ាន់ បេក្ខជនទាំងនោះ បានបង្ហាញពីរបៀបដែលពួកគេ នឹងប្រើដំណោះស្រាយបច្ចេកវិទ្យាឲ្យបានច្រើនបំផុត សម្រាប់កិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ និងស្ដារឡើងវិញ ក្រោយពីគ្រោះមហន្តរាយនៅក្នុងតំបន់។
អង្គការ FieldSight ទទួលបានចំណាត់ថ្នាក់ទីមួយ ជាមួយនឹងកម្មវិធីតាមទូរស័ព្ទរបស់ខ្លួន ដែលជួយគាំទ្រដល់សកម្មភាពកសាងហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយពេលមានគ្រោះមហន្តរាយកើតឡើង ដោយទទួលបានប្រាក់ឧបត្ថម្ភចំនួន ១០ ម៉ឺនដុល្លារអាមេរិក សម្រាប់អនុវត្ត និងបង្កើនដំណោះស្រាយបច្ចេកវិទ្យាសម្រាប់គ្រោះមហន្តរាយ។
លោក Justin Henceroth នាយកអង្គការ FieldSight បានមានប្រសាសន៍ថា គ្រោះមហន្តរាយនៅជុំវិញពិភពលោក កើតឡើងកាន់តែញឹកញាប់ និងមានទំហំកាន់តែធំជាងមុន ប៉ុន្តែដំណោះស្រាយបច្ចេកវិទ្យាសម្រាប់គ្រោះមហន្តរាយ មានតួនាទីពិសេសដ៏កម្រមួយ ដែលជួយដល់សហគមន៍ក្នុងការឆ្លើយតប និងស្ដារឡើងវិញ ក្រោយពីគ្រោះមហន្តរាយទាំងនេះកើតឡើង។ លោក Justin Henceroth បន្តថា៖«យើងដាក់ឲ្យដំណើរកម្មវិធីរបស់យើងជាលើកដំបូង នៅក្នុងប្រទេសនេប៉ាល់ បន្ទាប់ពីមានការបំផ្លិចបំផ្លាញពីការរញ្ជួយដី នៅឆ្នាំ ២០១៥ ប៉ុន្តែចាប់តាំងពីពេលនោះមក យើងបានបន្តប្រើប្រាស់កម្មវិធីនេះ នៅតាមទីតាំងជាងចំនួន ៦០,០០០កន្លែង ដែលមាននៅក្នុងទីផ្សារចំនួន ១៦ ដើម្បីតាមដាន និងត្រួតពិនិត្យលើដំណើរការធានាគុណភាព លើសកម្មភាពមនុស្សធម៌ និងការកសាងហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយពីមានគ្រោះធម្មជាតិ»។
បើតាមលោក Justin Henceroth កម្មវិធីប្រកួតប្រជែងគំនិតច្នៃប្រឌិតបច្ចេកវិទ្យា សម្រាប់គ្រោះមហន្តរាយនេះ បានធ្វើឲ្យអង្គការ FieldSight មានបណ្ដាញទាក់ទងច្រើនជាងមុន ក៏ដូចជាអ្នកឯកទេសបច្ចេកវិទ្យា និងការគាំទ្រថវិកា ដែលយើងមិនធ្លាប់មានពីមុនមក។ វាមានសារៈសំខាន់យ៉ាងខ្លាំង ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គការ FieldSight សំដៅយ៉ាងណា កាត់បន្ថយផលប៉ះពាល់នៃគ្រោះមហន្តរាយធម្មជាតិ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងទូទាំងពិភពលោក។ នេះជាការបន្ថែមរបស់លោក Justin Henceroth។
បញ្ជីជ័យលាភី
• អង្គការ FieldSight ជាជ័យលាភីទីមួយ ទទួលបានថវិកាចំនួន ១០ម៉ឺន ដុល្លារអាមេរិក។
• ក្រុមហ៊ុន SeismicAI ជាជ័យលាភីលេខ២ ទទួលបានថវិកាចំនួន ៣ម៉ឺន ដុល្លារអាមេរិក តាមរយៈការអនុវត្តកម្មវិធីផ្តល់សញ្ញាប្រុងប្រយ័ត្នជាមុន ដែលដើរដោយប្រព័ន្ធយល់ដឹងដ៏ឆ្លាតវ័យមួយ(AI) នៅពេលមានគ្រោះរញ្ជួយផែនដីម្តងៗ ហើយប្រព័ន្ធនេះប្រើប្រាស់ពេលត្រឹមតែ ២ វិនាទីប៉ុណ្ណោះ។
• កម្មវិធី PetaBencana.id ជាជ័យលាភីលេខ៣ ទទួលបានថវិកាចំនួន ២ម៉ឺន ដុល្លារអាមេរិក តាមរយៈការអនុវត្តគេហទំព័រមួយ ដែលប្រើប្រាស់បានដោយមិនគិតថ្លៃ ដើម្បីផ្ដល់រូបភាព នៃគ្រោះមហន្តរាយខ្នាតធំ តាមរយៈការផ្ដល់ព័ត៌មានពីក្រុមប្រជាពលរដ្ឋ និងស្ថិតិតាមពេលវេលាជាក់ស្តែង។
បេក្ខជនផ្តាច់ព្រ័ត្រ ២ រូបផ្សេងទៀត
• ក្រុមហ៊ុន OpenAerialMap: ត្រូវបានទទួលស្គាល់លើកម្មវិធីផ្ដល់រូបភាពពីយន្ដហោះ drone សម្រាប់ការចែករំលែកយ៉ាងរហ័ស ក្នុងពេលមានគ្រោះមហន្តរាយ។
• អង្គការ People In Need ត្រូវបានទទួលស្គាល់លើប្រព័ន្ធចាប់សញ្ញាប្រុងប្រយ័ត្នជាមុន នៅពេលមានគ្រោះទឹកជំនន់ ដោយប្រើអ៊ីនធឺណិត។
តំបន់អាស៊ីប៉ាស៊ីហ្វិក នៅតែស្ថិតជាតំបន់ដែលមានហានិភ័យខ្ពស់បំផុត ពីគ្រោះមហន្តរាយធម្មជាតិ។ ប្រជាពលរដ្ឋជាង មួយពាន់លាននាក់ នៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍នៅទូទាំងទ្វីបអាស៊ី ត្រូវបានទុកថាមានហានិភ័យពីគ្រោះថ្នាក់ជាច្រើន រួមមានព្យុះត្រូពិក ទឹកជំនន់ រញ្ជួយដី និងគ្រោះមហន្តរាយច្រើនផ្សេងទៀត។ មានការប៉ាន់ស្មានមួយ បានលើកឡើងថា កុមារចំនួន ២០០ លាននាក់ ជារៀងរាល់ឆ្នាំ នឹងទទួលរងយ៉ាងធ្ងន់ធ្ងរ ពីគ្រោះមហន្តរាយ នៅក្នុងប៉ុន្មានទសវត្សរ៍ខាងមុខនេះ។
លោក Donald Kanak ប្រធានមូលនិធិព្រូដិនស៍ បានមានប្រសាសន៍ថា ការរីកចម្រើនផ្នែកបច្ចេកវិទ្យា មិនត្រឹមតែបង្កើនទំនាក់ទំនង រវាងសហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបម្រើគោលបំណងចម្បង ក្នុងការការពារ និងសង្គ្រោះជីវិតទៀតផង។ លោក Donald Kanak បានបង្ហាញការជឿជាក់ថា បច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិត ដែលបង្កើតឡើងដោយបេក្ខជនជ័យលាភី នឹងជួយដល់សហគមន៍នៅក្នុងតំបន់អាស៊ី ក្នុងការត្រៀមខ្លួនបានកាន់តែល្អប្រសើរ និងស្ដារឡើងវិញកាន់តែឆាប់រហ័សជាងមុន បន្ទាប់ពីការបំផ្លិចបំផ្លាញបណ្តាលពីគ្រោះមហន្តរាយធម្មជាតិនានា។ លោក Donald Kanak បន្តថា៖«យើងសូមថ្លែងអំណរគុណដល់ដៃគូរបស់យើងទាំងអស់ ដែលបានគាំទ្រដល់កម្មវិធីប្រកួតប្រជែងនេះ ហើយយើងនឹងធ្វើការជាមួយអង្គការជាច្រើនទៀត សំដៅយ៉ាងណាឲ្យសហគមន៍របស់យើង កាន់តែមានសុវត្ថិភាព និងភាពធន់មាំជាងមុនបន្ថែមទៀត»។
លើសពីនេះទៀត ក្នុងនាមជាអង្គការស្វែងរកប្រាក់កម្រៃ និងអង្គការដែលមិនរកប្រាក់កម្រៃសម្រាប់គោលបំណងសង្គម (SPOs) ដែលបានចូលរួមកម្មវិធីជ្រើសរើស ក្នុងវគ្គផ្តាច់ព្រ័ត្រនេះ ក៏ត្រូវបានអញ្ជើញឲ្យមកបង្ហាញដំណោះស្រាយរបស់ពួកគេ និងស្វែងរកភាពជាដៃគូបន្ថែមទៀត នៅឯសន្និសីទមូលនិធិ AVPN ប្រចាំឆ្នាំ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងប្រទេសសិង្ហបុរី ដែលជាការប្រជុំធំបំផុតរបស់ម្ចាស់មូលនិធិ និងអ្នកផ្តល់ធនធានទាំងឡាយ ដើម្បីការអភិវឌ្ឍសង្គមនៅតំបន់អាស៊ី។
លោក Kevin Teo នាយកផ្នែកប្រតិបត្តិការនៃមូលនិធិ AVPN បានមានប្រសាសន៍ថា៖«មូលនិធិ AVPN មានសេចក្តីរីករាយក្នុងការធ្វើជាដៃគូជាមួយ មូលនិធិព្រូដិនស៍ ក្នុងការនាំយកអ្នកចូលរួមសហការឲ្យស្ថិតនៅជាមួយគ្នា ដើម្បីអភិវឌ្ឍ និងឲ្យយល់ដឹងពីដំណោះស្រាយច្នៃប្រឌិត ដើម្បីកំណត់ផលប៉ះពាល់ជាអវិជ្ជមាន នៃគ្រោះមហន្តរាយធម្មជាតិ។ បើតាម លោក Kevin Teo បេសកកម្មរបស់មូលនិធិAVPN គឺផ្ដល់ដើមទុនបន្ថែមដើម្បីសម្រេចបាននូវលទ្ធផលវិជ្ជមាន ដែលនេះជាគំនិតផ្តួចផ្តើមល្អមួយ ព្រោះមូលនិធិទាំងពីរប្រមូលមូលធនដោយផ្ទាល់ សម្រាប់អង្គការដែលអាចសម្រេចបាននូវលទ្ធផលវិជ្ជមានខ្ពស់ ក៏ដូចជាណែនាំអង្គការទាំងនេះ ឲ្យស្គាល់ពីសហគមន៍មូលនិធិ AVPN ឲ្យបានទូលំទូលាយ ដើម្បីជំរុញសកម្មភាពរបស់ខ្លួនថែមទៀត។
បន្ថែមពីលើការខិតខំប្រឹងប្រែងបន្តបន្ទាប់របស់ មូលនិធិព្រូដិនស៍ ក្នុងការលើកកម្ពស់ការត្រៀមបង្ការ និងការស្ដារឡើងវិញក្រោយគ្រោះមហន្តរាយ នៅទូទាំងតំបនអាស៊ីតាំងពីឆ្នាំ ២០១៣មក កម្មវិធីបច្ចេកវិទ្យាច្នៃប្រឌិតសម្រាប់គ្រោះមហន្តរាយនេះ មានបំណងលើកទឹកចិត្តឲ្យមានអង្គការជាច្រើន ចូលរួមក្នុងវិស័យនេះ។ ស្រដៀងគ្នានឹងគំនិតផ្តួចផ្តើមរបស់ មូលនិធិព្រូដិនស៍ ដទៃទៀត ដែលផ្តោតលើការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ កម្មវិធីវិធានការសុវត្ថិភាព និងកម្មវិធីសាលារៀនសុវត្ថិភាព កម្មវិធីថ្មីគាំទ្រគោលបំណងអភិវឌ្ឍន៍ប្រកបដោយនិរន្តរភា ពរបស់អង្គការសហប្រជាជាតិ ជាពិសេសលើគោលដៅចំនួន ១១ (កម្មវិធីនិរន្តរភាពទីក្រុង និងសហគមន៍) និងគោលដៅចំនួន ១៣ (កម្មវិធីសកម្មភាពអាកាសធាតុ)។
ខណៈដែលបច្ចេកវិទ្យានៅតែបន្តវិវត្តន៍ និងតែងតែផ្តល់នូវដំណោះស្រាយច្នៃប្រឌិតថ្មី ដែលអាចជួយការពារ និងស្ដារសហគមន៍ឡើងវិញពីផលប៉ះពាល់នៃគ្រោះមហន្តរាយធម្មជាតិ មូលនិធិព្រូដិនស៍ នឹងបន្តបង្កើនការយល់ដឹង និងគាំទ្រដល់អង្គការទាំងឡាយណា ដែលប្រើប្រាស់បច្ចេកវិទ្យា ក្នុងការបង្កាគ្រោះមហន្តរាយ ព្រមទាំងមានទស្សនវិស័យ ក្នុងការស្វែងរក និងប្រើប្រាស់លទ្ធភាពរបស់បច្ចេកវិទ្យាដែលមានស្រាប់ ឲ្យបានច្រើនបំផុត។ ដើម្បីយល់ដឹងបន្ថែមពីកម្មវិធីបច្ចេកវិទ្យាច្នៃប្រឌិតសម្រាប់គ្រោះមហន្តរាយ សូមចូលទៅកាន់៖
https://avpn.asia/disaster-tech/ ៕
(អត្ថបទពាណិជ្ជកម្ម)