ជាតិ
សេដ្ឋកិច្ច
រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ស្នើ​ឲ្យ​អង្គការ​ពាណិជ្ជកម្ម​អន្តរជាតិ​បន្ត​ជួយ​ដល់​កម្ពុជា ដើម្បី​កាត់បន្ថយ​ភាព​ក្រក្រី​
03, Jul 2019 , 9:59 pm        
រូបភាព
លោក ប៉ាន សូរស័ក្កិ នាជំនួបជាមួយ​អគ្គនាយក WTO លោកRoberto Azevêdo
លោក ប៉ាន សូរស័ក្កិ នាជំនួបជាមួយ​អគ្គនាយក WTO លោកRoberto Azevêdo
​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បានស្នើ​សុំ​ដល់​អង្គការ​ពាណិជ្ជកម្ម​អន្តរជាតិ​បន្ត​ជួយ​ដល់​កម្ពុជា ដើម្បី​ជំរុញ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច ។ ការស្នើសុំ​នេះ​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ ក្រុមប្រឹក្សា​ចម្រុះ​លើក​ទី​៥៣ (53rd Joint Advisory Group Meeting) នាទី​ស្នាក់ការ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក កាលពី​ថ្ងៃទី ២ កក្កដា ឆ្នាំ​២០១៩ ក្នុងប្រទេស​ស្វី​ស​។

 
​លោក ប៉ាន សូរ​ស័ក្តិ ដែល​បាន​អំពាវនាវ​ដល់​អង្គការ​អន្តរជាតិ ឲ្យ​បន្ត​ផ្តល់ជំនួយ និង​គម្រោង​នានា​ដល់​កម្ពុជា​នោះ បាន​និយាយថា  ការផ្ដល់​ជំនួយ​នេះ វា​ជា​ការជួយ​គាំទ្រ​ដល់​ការអភិវឌ្ឍ​វិស័យសេដ្ឋកិច្ច​នៅ​កម្ពុជា ដែល​អាច​បង្កើន​ចំណូល និង​ជួយ​កាត់បន្ថយ​ភាព​ក្រក្រី​ជាដើម​។ ជាពិសេស​បង្កើត​ការងារ សម្រាប់​ប្រជាជន​ផងដែរ​។​
 
​អម​ជាមួយ​ការអំពាវនាវ​នេះ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កម្ពុជា បាន​និយាយថា កិច្ចសហប្រតិបត្តិការ និង​ជំនួយ ដែល​បានផ្តល់​ដោយ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អន្តរជាតិ មក​កម្ពុជា​កន្លងមក បាន​ជួយ​គាំទ្រ​ការអនុវត្ត​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​, ការអភិវឌ្ឍន៍​ធនធានមនុស្ស និង​ជំនាញ​, ការពង្រឹង​ភាព​ប្រកួតប្រជែង​របស់​សហគ្រាស​ធុន​តូច និង​មធ្យម និង​ការជួយ​ដល់​សហគ្រាស​កម្ពុ​ជាមួយ​ចំនួន ក្នុង​ពិព័រណ៍​នាំចេញ​-​ចូល ចិន​លើក​ទី​២ នៅ​ទីក្រុង​សៀង​ហៃ ក្នុង​ឆ្នាំ​២០១៩​។​
 
​ជាការ​ឆ្លើយតប​នឹង​សំណើ​របស់លោក ប៉ាន សូរ​ស័ក្តិ នេះ ប្រធាន​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អន្តរជាតិ​, អង្គការ​ពាណិជ្ជកម្ម​ពិភពលោក និង​អង្គការ UNCTAD បានបញ្ជាក់​ពី​ជំហរ​បន្តសកម្មភាព និង​គម្រោង​នានា ក្នុង​ការជួយ​ដល់​ប្រទេស​កំពុងអភិវឌ្ឍន៍ និង​អភិវឌ្ឍន៍​តិចតួច ដើម្បី​ជំរុញ​វិស័យ​ពាណិជ្ជកម្ម តាមរយៈ​ការផ្តល់​អនុសាសន៍ និង​ការ​ផ្តល់ជំនួយ​បច្ចេកទេស រួមទាំង​ហិរញ្ញវត្ថុ​ទៀតផង​។​
 
​អង្គការ​ទាំងនេះ ប្រកាស​ជួយ​គាំទ្រ​ដល់​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​តូច និង​ទន់ខ្សោយ តាមរយៈ​ការផ្តល់​គម្រោង​ជាច្រើន ដើម្បី​ជំរុញ​ការអភិវឌ្ឍ និង​ជួយ​ឲ្យ​សម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ក្នុង​ឆ្នាំ​២០៣០​។ នេះ​បើតាម​ក្រសួងពាណិជ្ជកម្ម​កម្ពុជា ដែល​ស្រង់​ព័ត៌មាន​ជុំវិញ​កិច្ចប្រជុំ​ខាងលើ​៕
 

Tag:
 អង្គការ​ពាណិជ្ជកម្ម​អន្តរជាតិ​
  កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com