កីឡាអន្តរជាតិ
អន្តរជាតិ
Real មិនបោះបង់ការចង់បាន Pogba ដោយយក Bale ជាថ្នូរការដោះដូរជាមួយ Man Utd
× Real Madrid នៅតែមិនព្រមបោះបង់ការចង់បានខ្សែបម្រើ Paul Pogba បើទោះ Manchester United ដាក់តម្លៃខ្ពស់កប់ពពកយ៉ាងណាក៏ដោយ។ ខ្សែបម្រើ Gareth Bale ត្រូវបានក្លិបយក្សអេស្ប៉ាញដែលចូលចិត្តទិញកីឡាករថ្លៃៗទៅរួមក្រុមមួយនេះ យកធ្វើជាថ្នូរដើម្បីសម្រេចសុបិននាំយកសមាជិកជម្រើសជាតិបារាំងរូបនេះទៅកាន់ទឹកដី Santiago Bernabeu។
រហូតមកទល់ពេលនេះ Pogba នៅតែជាគោលដៅធំបំផុតរបស់អ្នកចាត់ការទូទៅលោក Zinedine Zidane បើទោះជា Real ចំណាយប្រាក់រហូតដល់ ៣៨០លានដុល្លារអាមេរិករួចមកហើយ ដើម្បីទិញចូលកីឡាករល្អៗសម្រាប់រដូវកាលថ្មី ដូចជាខ្សែការពារ Ferland Mendy, Eder Militao និងខ្សែបម្រើ Luka Jovic, Eden Hazard។
ការដែលមិនព្រមដោះដៃពី Pogba ដ្បិតខ្សែបម្រើសញ្ជាតិបារាំង វ័យ២៦ឆ្នាំរូបនេះ បានបង្ហាញអារម្មណ៍ចង់ចាកចេញពី Old Trafford ដោយលើកឡើងថានេះជាពេលវេលាដ៏ល្អដើម្បីផ្លាស់ទៅកន្លែងថ្មី សម្រាប់ការប្រកួតប្រជែងថ្មីទៀត។ យ៉ាងណាក៏ដោយបិសាចក្រហមពិតជាមិនចង់ឲ្យសមាជិកក្រុមរបស់ពួកគេម្នាក់នេះចាកចេញទៅណាឡើយ ខណៈអតីតខ្សែបម្រើ Juventus វ័យ២៦ឆ្នាំ នៅសល់កិច្ចសន្យារហូតដល់ខែកក្កដា ឆ្នាំ ២០២១។
បើយោងតាមកាសែត AS របស់អេស្ប៉ាញ ដើម្បីបំពេញមហិច្ឆតាកំណែទម្រង់ក្រុមឡើងវិញរបស់លោក Zidane ក្លិបរហស្សនាមស្តេចសនឹងប្រើគ្រប់វិធីដើម្បីយក Pogba ឲ្យបានតាមតែអាចធ្វើទៅបាន។ Bale នឹងក្លាយជាផ្នែកមួយដ៏មានសក្តានុពលក្នុងការដោះដូរជាមួយ Man Utd។
ប៉ុន្តែយ៉ាងណាក៏ដោយ ខ្សែបម្រើឆ្នើមសញ្ជាតិវែលិ៍ វ័យ២៩ឆ្នាំដែលមិនស្ថិតក្នុងជម្រើសរបស់អ្នកចាត់ការសញ្ជាតិបារាំង នៅតែចង់បន្តជាមួយ Real រហូតដល់កិច្ចសន្យារបស់គេត្រូវបញ្ចប់នៅឆ្នាំ២០២០៕
Tag:
បាល់ទាត់
Real Madrid
Paul Pogba
Gareth Bale
Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com