កីឡាអន្តរជាតិ
អន្តរជាតិ
Real មិន​បោះបង់​ការចង់បាន Pogba ដោយ​យក Bale ជា​ថ្នូរ​ការដោះដូរ​ជាមួយ Man Utd
03, Jul 2019 , 5:46 pm        
រូបភាព
Real Madrid នៅតែ​មិន​ព្រម​បោះបង់​ការចង់បាន​ខ្សែបម្រើ Paul Pogba បើ​ទោះ Manchester United ដាក់​តម្លៃ​ខ្ពស់កប់ពពក​យ៉ាងណាក៏ដោយ​។ ខ្សែបម្រើ Gareth Bale ត្រូវបាន​ក្លិប​យក្ស​អេ​ស្ប៉ា​ញ​ដែល​ចូលចិត្ត​ទិញ​កីឡាករ​ថ្លៃៗ​ទៅ​រួម​ក្រុម​មួយ​នេះ យក​ធ្វើជា​ថ្នូរ​ដើម្បី​សម្រេច​សុបិន​នាំយក​សមាជិក​ជម្រើសជាតិ​បារាំង​រូបនេះ​ទៅកាន់​ទឹកដី Santiago Bernabeu​។


 
​រហូតមកទល់​ពេលនេះ Pogba នៅតែ​ជា​គោលដៅ​ធំ​បំផុត​របស់​អ្នកចាត់ការ​ទូទៅ​លោក Zinedine Zidane បើទោះជា Real ចំណាយ​ប្រាក់​រហូតដល់ ៣៨០​លាន​ដុល្លារ​អាមេរិក​រួចមកហើយ ដើម្បី​ទិញ​ចូល​កីឡាករ​ល្អៗ​សម្រាប់​រដូវ​កាល​ថ្មី ដូចជា​ខ្សែការពារ Ferland Mendy, Eder Militao និង​ខ្សែបម្រើ Luka Jovic, Eden Hazard​។​
 
​ការដែល​មិន​ព្រម​ដោះដៃ​ពី Pogba ដ្បិត​ខ្សែបម្រើ​សញ្ជាតិ​បារាំង វ័យ​២៦​ឆ្នាំ​រូបនេះ បានបង្ហាញ​អារម្មណ៍​ចង់​ចាក​ចេញពី Old Trafford ដោយ​លើកឡើងថា​នេះ​ជា​ពេលវេលា​ដ៏​ល្អ​ដើម្បី​ផ្លាស់​ទៅ​កន្លែង​ថ្មី សម្រាប់​ការប្រកួតប្រជែង​ថ្មី​ទៀត​។ យ៉ាងណាក៏ដោយ​បិសាច​ក្រហម​ពិតជា​មិន​ចង់​ឲ្យ​សមាជិក​ក្រុម​របស់​ពួកគេ​ម្នាក់នេះ​ចាកចេញ​ទៅណា​ឡើយ ខណៈ​អតីត​ខ្សែបម្រើ Juventus វ័យ​២៦​ឆ្នាំ នៅសល់​កិច្ចសន្យា​រហូតដល់​ខែកក្កដា ឆ្នាំ ២០២១​។​
 
​បើ​យោងតាម​កាសែត AS របស់​អេ​ស្ប៉ា​ញ ដើម្បី​បំពេញ​មហិច្ឆតា​កំណែទម្រង់​ក្រុម​ឡើងវិញ​របស់លោក Zidane ក្លិប​រហស្សនាម​ស្តេច​សនឹង​ប្រើ​គ្រប់​វិធី​ដើម្បី​យក Pogba ឲ្យ​បាន​តាមតែ​អាចធ្វើ​ទៅបាន​។ Bale នឹង​ក្លាយជា​ផ្នែក​មួយ​ដ៏​មាន​សក្តានុពល​ក្នុងការ​ដោះដូរ​ជាមួយ Man Utd​។​
 
​ប៉ុន្តែ​យ៉ាងណាក៏ដោយ ខ្សែបម្រើ​ឆ្នើម​សញ្ជាតិ​វែ​លិ៍ វ័យ​២៩​ឆ្នាំ​ដែល​មិន​ស្ថិតក្នុង​ជម្រើស​របស់​អ្នកចាត់ការ​សញ្ជាតិ​បារាំង នៅតែ​ចង់​បន្ត​ជាមួយ Real រហូតដល់​កិច្ចសន្យា​របស់គេ​ត្រូវ​បញ្ចប់​នៅ​ឆ្នាំ​២០២០៕
 

Tag:
 បាល់ទាត់​
  Real Madrid
  Paul Pogba
  Gareth Bale
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com