ក្រសួង​អបរំ បង្កើត​អនុវិទ្យាល័យ​ថ្មី​មួយ នៅ​ស្រុក​សន្ទុក
ជាតិ
សង្គមជាតិ
ក្រសួង​អបរំ បង្កើត​អនុវិទ្យាល័យ​ថ្មី​មួយ នៅ​ស្រុក​សន្ទុក
04, Jul 2019 , 7:59 am        
រូបភាព
រូបពីក្រសួងព័ត៌មាន
រូបពីក្រសួងព័ត៌មាន
​ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា បានសម្រេច​បង្កើត​អនុវិទ្យាល័យ​ថ្មី​មួយ​ខ្នង មាន​៥​បន្ទាប់ នៅ​តំបន់​អភិវឌ្ឍ​ដី​សម្បទាន​សង្គមកិច្ច ក្នុង​ឃុំ​ទីពោ ស្រុក​សន្ទុក ខេត្តកំពង់ធំ​។ ការបង្កើត​អនុវិទ្យាល័យ​ថ្មី​នេះ គឺជា​គម្រោង​បែងចែក​ដី​សង្គមកិច្ច និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជំហាន​ទី​២ ដែល​ហៅ​កាត់​ថា ឡា​ហ្សិត​ជំហាន​២ ដើម្បី​ជួយ​សម្រាល​ការលំបាក​ដល់​សិស្ស​នៅក្នុង​សហគមន៍​។


 
​លោក ដោក ដូ​ម៉ា អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​លំនៅដ្ឋាន​នៃ​ក្រសួង​រៀបចំ​ដែនដី និង​ជា​នាយក​គម្រោង​ឡា​ហ្សិត​ជំហាន​២ បាន​លើកឡើងថា អនុវិទ្យាល័យ​នេះ នឹង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​កាត់បន្ថយ​អត្រា​បោះបង់ចោល​ការសិក្សា​រប​ស់​សិស្សានុសិស្ស​នៅក្នុង​តំបន់​នេះ​។ កន្លងមក​អត្រា​នៃ​ការបោះបង់​ការសិក្សា​បន្ទា​ប់​ពី​បញ្ចប់​ថ្នាក់បឋមសិក្សា (​បឋមសិក្សា​អូរ​ធំ​)​នៃ​សិស្ស​ទាំងនោះ គឺ​ដោយសារតែ​អនុវិទ្យាល័យ​ដែល​ពួកគេ​ត្រូវ​ទៅ​រៀន មាន​ចម្ងាយ​ឆ្ងាយ​ស​ពី​សហគមន៍​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ក្រសួង​ព័ត៌មាន​។​
 
​លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ ប្រាប់​សារព័ត៌មាន​ThmeyThmey ថា ក្រសួង នឹង​រៀបចំ​ចេញប្រកាស សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​ខាងមុខនេះ ស្តីពី​ការផ្តល់​អគារសិក្សា​កម្រិត​អនុវិទ្យាល័យ​នេះ  ដែល​នឹង​ចាប់ផ្តើម​សាងសង់​នៅក្នុង​ខែកក្កដា ឆ្នាំ​២០១៩ ហើយនឹង​ត្រូវ​បញ្ចប់​នៅក្នុង​រយៈពេល​៧​ខែ​បន្ទាប់ ក្រោម​កិច្ចសហការ​ជាមួយ​ធនាគារពិភពលោក​(World Bank) និង​គ្រប់ភាគី​ពាក់ព័ន្ធ​។ បើតាម​អ្នកនាំពាក្យ  អគារសិក្សា​នេះ នឹង​ចំណាយ​ទឹកប្រាក់​ប្រមាណ​៧,៨​ម៉ឺន​ដុល្លារ​។​
 
​សូម​ជំរាប​ថា សាលាបឋមសិក្សា​អូរ​ធំ ស្ថិតក្នុង​តំបន់​អភិវឌ្ឍ​គម្រោង​បែងចែក​ដី​សង្គមកិច្ច និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជំហាន​២ ដែលមាន​សិស្ស​ប្រហែល​១៥០​នាក់​។ អនុវិទ្យាល័យ​ថ្មី នឹងត្រូវ​សាងសង់​ក្នុង​បរិវេណ​សាលាបឋមសិក្សា​អូរ​ធំ​តែម្តង​៕   
 

Tag:
 អប់រំ​
  អនុវិទ្យាល័យ​
© រក្សាសិទ្ធិដោយ thmeythmey.com